ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រក្សា​ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ ៦០​ម៉ឺន​តោន​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​គិត​ត្រឹម​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​ពី​ឆ្នាំ ២០១៧ ដល់ ២០១៩ កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ គឺ​កម្ពុជា​រក្សា​បាន​ទំហំ​នៃ​ការ​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ជាង ៦០​ម៉ឺន​តោន ខណៈ​ការ​នាំ​ចេញ​សរុប​កាលពី​ឆ្នាំ…

រាជធានី​ភ្នំពេញ​៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បរទេស​គិត​ត្រឹម​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​ពី​ឆ្នាំ ២០១៧ ដល់ ២០១៩ កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ គឺ​កម្ពុជា​រក្សា​បាន​ទំហំ​នៃ​ការ​នាំ​ចេញ​ក្នុង​មួយ​ឆ្នាំ​ៗ​បាន​ជាង ៦០​ម៉ឺន​តោន ខណៈ​ការ​នាំ​ចេញ​សរុប​កាលពី​ឆ្នាំ ២០១៥ និង​២០១៦ បាន​តែ​ជាង ៥០​ម៉ឺន​តោន​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​ការ​នាំ​ចេញ​អង្ករ​សរុប​នៅ ៣​ឆ្នាំ​ចុង​ក្រោយ​របស់​កម្ពុជា នេះ​បើ​យោង​តាម លេខា​ធិការ​ដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បាន​គូសបញ្ជាក់​ថា នៅ​ឆ្នាំ ២០១៧​កម្ពុជា​សម្រេច​បានការ​នាំ​ចេញ​អង្ករ​ទៅ​បរទេស​ចំនួន​៦៣៥.៨៧៩​តោន​, ឆ្នាំ ២០១៨ មាន ៦២៦.២២៥​តោ និង​ឆ្នាំ ២០១៩ មាន ៦២០.១០៦​តោន ពោល​ធ្លាក់​ចុះ ១៧% បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៨ ។ តែ​បរិមាណ​នាំ​ចេញ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​បរិមាណ​ច្រើន​ជាង​ការ​នាំ​ចេញ​កាលពី​ឆ្នាំ ២០១៥ ដែល​មាន​តែ ៥៣៨.៣៩៦​តោន និង​ឆ្នាំ ២០១៦ មាន​តែ ៥៤២.១៤៤​តោន​ប៉ុណ្ណោះ ។

ទន្ទឹម​នឹង​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​បរទេស​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​បន្ត​រក្សា​បាន​នូវ​បរិមាណ​សរុប​ជាង ៦០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ​កន្លង​ទៅ​នេះ សម្រាប់​ក្នុង​ឆ្នាំ ២០១៩ គេ​សង្កេត​ឃើញ​ថា​មាន​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​មាន​សមត្ថភាព​ធ្វើការ​នាំ​ចេញ​អង្ករ​បាន​ច្រើន​ជាង គឺ​មាន​ចំនួន ១០​ក្រុមហ៊ុន ។ ក្នុង​នោះ​មាន​៖ BAITANG មាន​ចំនួន ៧,២​ម៉ឺន​តោន​, CITY RICE មាន ៥,៦​ម៉ឺន​តោន​, AMRU RICE បាន ៤,៩​ម៉ឺន​តោន​, KHMER FOODs ៤,២​ម៉ឺន​តោន​, ASARA RICE បាន ៤,២​ម៉ឺន​តោន​, PRIMALIS CORPORATION បាន ៣,៤​ម៉ឺន​តោន​, INTERNATIONAL RICE TRADING បាន ៣,១​ម៉ឺន​តោន​, GOLDEN DAUNKEO RICE MILL​បាន ៣,១​ម៉ឺន​តោន​, GOLDEN RICE បាន ២,៩​ម៉ឺន​តោន​និង ក្រុមហ៊ុន​GOLDEN STAR RICE​បាន ១,៨​ម៉ឺន​តោន ។

ដោយឡែក​សម្រាប់​ទិស​ដៅ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​កាលពី​ឆ្នាំ ២០១៩ ប្រទេស​មា​ជិ​ក​សហ​ភាព​អឺរ៉ុប​ដែល​មាន​តម្រូវការ​ច្រើន​ជាងគេ គឺ​ប្រទេស​បារាំង​មាន​ចំនួន ៨,១​ម៉ឺន​តោន​, ប្រទេស​ហូ​ឡង់ ២,១​ម៉ឺន​តោន​, ចក្រភព​អង់គ្លេស ១,៤​ម៉ឺន​តោន​, អេ​ស្ប៉ា​ញ ១,៣​ម៉ឺន​តោន និង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ១,២​ម៉ឺន​តោន ។ ដោយឡែក​ទៅ​ប្រទេស​ចិន​មាន​ចំនួន​ជាង ២៣,២​ម៉ឺន​តោន​, ហុងកុង ១,៤​ម៉ឺន​តោន​, តៃវ៉ាន់ ៤៨០​តោន​,​ម៉ា​កាវ ១៦៦​តោន និង​សៀង​ហៃ ៣២​តោន ។ ប្រទេស​សមាជិក​អាស៊ាន​មាន​ម៉ា​ឡេ​ស៊ី​មាន​ចំនួន ៣,៦​ម៉ឺន​តោន​, ប្រ៊ុ​យ​ណេ ១,៩​ម៉ឺន​តោន​, ថៃ ១,១​ម៉ឺន​តោន​, វៀតណាម ១,១​ម៉ឺន​តោន​, សិង្ហ​បុរី ៣,៦​ពាន់​តោន និង​មី​យ៉ា​ន់​ម៉ា ៣០០​តោន រួម​ទាំង​ការ​នាំ​ចេញ​ទៅ​ប្រទេស​ផ្សេង​មួយ​ចំនួន​ទៀត ។

ទាក់ទង​នឹង​វិស័យ​ស្រូវ​អង្ករ​នេះ​គួរ​រំឭក​ថា ថ្មី​ៗ​កន្លង​ទៅ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​ថា «​នៅ​ក្នុង​គោល​នយោ​បាយ​របស់​យើង គឺ​ជំរុញ​ផលិតកម្ម​ស្រូវ​នឹង​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន ១​លាន​តោន ។ នៅ​ក្នុង​គោលដៅ​ទាំង ២​របស់​យើង​សម្រេច​បាន​តែ ១​គោលដៅ​ទេ គឺ​យើង​ធ្វើ​ឱ្យ​សល់​ស្រូវ​នៅ​ក្នុង​ប្រទេស​របស់​យើង គឺ​ប្រមាណ​ជិត ៦​លាន​តោន ។ តែ​និយាយ​ដល់​ការ​នាំ​ចេញ​អង្ករ​យើង​មិន​ដែល​នាំ​ចេញ​បាន ១​លាន​តោន​ទេ​» ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ទៀត​ថា «​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ជោគជ័យ​ក្នុង​គោល​ដៅ​មួយ គឺ​ផលិតកម្ម​ស្រូវ​លើស​ពី​តម្រូវការ ។ កាលពី​ឆ្នាំ ២០០២​យើង​នៅ​ខ្វះ​ស្រូវ​នៅឡើយ​ទេ ប៉ុន្តែ​ក្រោយមក​យើង​ខិតខំ​ធ្វើ​ឱ្យ​សល់​ស្រូវ ១​លាន​តោន​, ២​លាន​តោន​, ៣​លាន​តោន រហូត​នៅ​សល់​ជិត ៦​លាន​តោន ។ ប៉ុន្តែ​ការ​នាំ​ចេញ​យើង​មក​ដល់​ឆ្នាំ​នេះ គឺ​មាន​កំណើន​តិច គឺ​បាន​ប្រហែល ៥៨​ម៉ឺន ឬ​អាច​ដល់ ៦០​ម៉ឺន​តោន​ដល់​ដំណាច់ឆ្នាំ ២០១៩ ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គោលដៅ​របស់​យើង​កំណត់ ១​លាន​តោន​នោះ​ទេ​» ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ