ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កេរដំណែល​បន្សល់​ទ​ុ​ក​ក្នុង​រឿង ​«​ពុទ្ធិ​សែន​​នាង​ក​ង្រី​» (មាន​វីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ នៅ​លើ​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស​មាន​ផ្ទាំងសិលា​ធំ ស្ថិត​នៅ​ជិត​ប្រាសាទ​រូង​ស្រី​គ្រប់លក្ខណ៍​ហើយ​នៅ​ផ្ទាំងសិលា​នេះ​មាន​ស្លាកស្នាម​ចំនួន​៤ ដែល​ស្នាម​នីមួយ​ៗ​មាន​ទំហំ​ប៉ុន​វែក​សម្ល ហើយ​ដែល​អ្នកស្រុក​ជិត​ឆ្ងាយ​ជឿ​ថា ​ជា​ដានជើង​សេះ​មណី​កែវ ដែល​ពុទ្ធិ​សែន​ជិះ​នាំ​សារ​​ទៅ​នគរ​យក្ស ។ ក្រៅពី​ស្លាកស្នាម​ខាងលើ​ក៏​មាន​ទីឋាន​មួយទៀត​ដែល​មាន​រូបសំណាក​ឥសី​ចង្ក្រម​ភាវនា…

ខេត្តកណ្តាល ៖ នៅ​លើ​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស​មាន​ផ្ទាំងសិលា​ធំ ស្ថិត​នៅ​ជិត​ប្រាសាទ​រូង​ស្រី​គ្រប់លក្ខណ៍​ហើយ​នៅ​ផ្ទាំងសិលា​នេះ​មាន​ស្លាកស្នាម​ចំនួន​៤ ដែល​ស្នាម​នីមួយ​ៗ​មាន​ទំហំ​ប៉ុន​វែក​សម្ល ហើយ​ដែល​អ្នកស្រុក​ជិត​ឆ្ងាយ​ជឿ​ថា ​ជា​ដានជើង​សេះ​មណី​កែវ ដែល​ពុទ្ធិ​សែន​ជិះ​នាំ​សារ​​ទៅ​នគរ​យក្ស ។ ក្រៅពី​ស្លាកស្នាម​ខាងលើ​ក៏​មាន​ទីឋាន​មួយទៀត​ដែល​មាន​រូបសំណាក​ឥសី​ចង្ក្រម​ភាវនា ហើយ​ដែល​តាម​ការ​អះអាង​ថា រូបសំណាក​នេះ​សាង​ឡើង​អំពី​ថ្ម​មាន​អាយុកាល​រាប់រយ​ឆ្នាំ​មក​ហើយ ។

បើ​តាម​ការ​តំណាល​មក​ថា​តឹកតាង​ទាំងនេះ​មានការ​ជាប់​ទាក់ទង​នៅ​ក្នុង​រឿង​«​ពុទ្ធិ​សែន​នាង​​កង្រី» ត្រង់​វគ្គ​មួយ​ដែល​ព្រះ​មុនីឥសី​ជួយ​ប្រែ​សារ​យក្ស​សន្ធ​មារ​ដែល​ប្រើ​ឲ្យ​ពុទ្ធិ​សែន​ឲ្យ​នាំ​យក​ទៅ​នគរ​យក្ស​ប្រគល់​ឲ្យ​នាង​ក​ង្រី​ដែល​ជា​កូន​របស់​ខ្លួន ។ នៅ​ក្នុង​សារ​នោះ​នាង​យក្ស​សន្ធ​មារ​បាន​សរសេរ​ផ្ដាំ​ទៅ​នាង​ក​ង្រី​ជា​កូន​ថា ​«​ពេល​ទៅ​ដល់​យប់​ផ្តាច់​ជីវិត​​យប់ ទៅ​ដល់​ថ្ងៃ​​ផ្តាច់​ជីវិត​ថ្ងៃ»។

ពេល​នោះ​ព្រះ​មុនី​ឥសី​ជ្រាប​នូវ​ខ្លឹមសារ​ដែល នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ពុទ្ធិ​សែន ទើប​ប្រែ​សារ​ឲ្យ​ទៅ​ជា​ពាក្យ​ថា «​ដល់​ថ្ងៃ​រៀប​ការ​ថ្ងៃ ដល់​យប់​រៀប​ការ​យប់​» ​វិញ ។ ទោះបីជា​នៅ​ក្នុង​សាច់​រឿង​មិន​បាន​បញ្ជាក់​ពី​ទីកន្លែង​ដែល​ឥសី​ប្ដូរ​សារ​ថា ​ស្ថិត​នៅ​លើ​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស​នេះ ​ក៏​ដោយ ប៉ុន្តែ​​អ្នកស្រុក​បាន​ជឿ​លើ​ការ​តំណាល​ត​ៗ​គ្នា និង​កំណត់​ថា​ពុទ្ធិ​សែន​ពិតជា​បាន​ជិះសេះ​ឆ្លងកាត់ ​និង​ជួប​ព្រះ​មុនី​ឥសី​នៅ​ទីនោះ​ហើយ​ស្លាកស្នាម​លើ​ផ្ទាំង​ថ្ម​នោះ​គឺ​ពិតជា​ស្នាម​ជើងសេះ​មែន ។

(​សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​សម្រាប់​ថ្នាក់មធ្យមសិក្សា​ចំណេះ​ទូទៅ​សម្រាប់​កម្មវិធី​សិក្សា​ថ្មី​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ បាន​បញ្ជាក់​ថា​៖ សេះ​ដែល​ពុទ្ធិ​សែន​ជិះ​នោះ​ឈ្មោះ មណី​កែវ ដែល​ចេះ​ហោះ​និង​ចេះ​និយាយ​ភាសារ​មនុស្ស​ផង​) ។

ដោយឡែក​នៅ​ក្នុង​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​ភាគ​ទី​៦​ត្រង់​ទំព័រ​ទី​២​និង​ទី​៤ ក៏​បាន​សរសេរ​អំពី​ប្រវត្តិ​នៃ​ស្លាកស្នាម​លើ​ផ្ទាំង​ថ្ម និង​ទីឋាន​ឥសី​ចង្ក្រម​នេះ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពុទ្ធិ​សែ​នក​ង្រី​នេះ​ផង​ដែរ ។ ផ្ទាំងសិលា​ដែល​អ្នកស្រុក​ជឿ​ថា ​គឺ​ស្លាកស្នាម​ដានជើង​សេះ​មណី​កែវ រួម​ទាំង​តាំង​ចង្ក្រម​ភាវនា​ធម៌​មាន​រូបសំណាក​ព្រះ​មុនី​ឥសី​សង់​ពី​ថ្ម​នោះ​មាន​ទីតាំង​លើ​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស ប៉ែក​ខាងជើង ស្ថិត​នៅ​ក្នុងភូមិ​តា​ពេជ្រ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្ដាល ។

ទីនោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជាទី​កន្លែង​ប្រវត្តិសាស្ដ្រ​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ ហើយ​ក៏​ជា​តំបន់​ទេសចរណ៍​មួយ​ដែល​អ្នកស្រុក​ជិត​ឆ្ងាយ​តែង​ទៅ​លេង​កម្សាន្ត​លំហែកាយ ព្រមទាំង​ធ្វើការ​បន់ស្រន់​សុំ​លាភ​សុំ​ជ័យ​សុំ​សេចក្ដីសុខ​ថែម​ទៀត​ក្នុង​ជំនឿ​យ៉ាង​មុតមាំ​ថែម​ទៀត​ផង​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ​អ្វី​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ស្លាកស្នាម​នេះ បាន​សឹក​ស្ទើរតែ​រលុប​បាត់​រូបរាង​ដើម​ទៅ​ហើយ ព្រោះតែ​កត្តា​ជា​ច្រើន​ដូច​ជា ស្ថិត​នៅ​កណ្ដាលវាល​យូរលង់​ណាស់​មក​ហើយ និង​គ្មាន​ការ​អភិរក្ស​ធ្វើ​ជា​រោង​សម្រាប់​បិទ​បាំង​ការពារ​ណាមួយ ព្រមទាំង​មាន​មនុស្ស​ដើរ​កាត់​ជាន់​ពីលើ​រាល់ថ្ងៃ ។ ជា​ពិសេស​ទៀត​នោះ​បាន​ទទួល​រង​នូវ​ឥទ្ធិពល​ពី​ធម្មជាតិ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

ដូច្នេះ​ក្រុម​អភិរក្ស​គួរតែ​គិតគូរ​ពី​បញ្ហា​នេះ​ផង ចំណែកឯ​យុវជន​ទាំងឡាយ​គួរតែ​ចុះ​ទៅ​ធ្វើការ​សិក្សា​​ឲ្យ​បាន​ល្អិតល្អន់​ដើម្បី​បានដឹង​ពី​ប្រវត្តិ​ពិត​នៃ​ទីឋាន​ទាំង​២​នេះ​រួម​ជាមួយ​កន្លែង​ប្រវត្តិសាស្ត្រ​ដ៏​ទៃ​ៗ​ទៀត​នៅ​តំបន់​ខាងលើ​នេះ ហើយ​ចូលរួម​អភិរក្ស​ទាំងអស់​គ្នា​ទុក​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ៗ​បានដឹង​បន្ត​ទៀត ។

លោក សូត្រ ស៊ី​ម ឆ្មាំ​ភ្នំ​ប្រសិទ្ធ​បាន​និយាយ​ថា ជីតា​របស់​លោក​ក៏​ដូច​ជា​ចាស់​ៗ​ជំនាន់​មុន​តែង​តំណាល​ត​ៗ​គ្នា​មក​ថា ​៖ ​ស្លាកស្នាម​ដែល មាន​សណ្ឋាន​ដូច​ដានជើង​សេះ​រួម​ជាមួយ​ទីឋាន​ឥសី​ចង្ក្រម​ភាវនា​ធម៌ នេះ​គឺ​មាន​ជាប់​ទៅ និង​រឿង​ពុទ្ធិ​សែន​នាង​ក​ង្រី​ពិតមែន ។ ត្រង់​វគ្គ​ដែល​ពុទ្ធិ​សែន​ជិះសេះ​ហោះ​នាំ​យកសារ​របស់​យក្ស​សន្ធ​មារ​ផ្ញើ​ទៅ​ឲ្យ​នាង​ក​ង្រី​ដែល​ជា​កូនស្រី​នៅ​នគរ​យក្ស ប៉ុន្តែ​ពុំ​ដឹង​ថា ​ចេញពី​តំបន់​ណា​មក​ទេ ។ លុះ​ពេល​ដល់​ពាក់កណ្ដាល​ផ្លូវ​ជួប​ខ្យល់ព្យុះ​ បណ្ដាល​ឲ្យ​ពុទ្ធិ​សែន​សន្លប់​នៅ​លើ​ខ្នង​សេះ ។

ពេល​នោះ​សេះ​បាន​ហោះ​នាំ​ទៅ​កាន់​ទីកន្លែង​ឥសី​ចង្ក្រម​ភាវនា នៅ​លើ​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស​សព្វ​ថ្ងៃនេះ ។ ពេល​នោះ​ព្រះ​មុនី​ឥសី​បាន​បើក​មើលឃើញ​សារ​យក្ស​សន្ធ​មារ​សរសេរ​ថា​ «​ពេល​ទៅ​ដល់​យប់​​ផ្តាច់​ជីវិត​​យប់ ទៅ​ដល់​ថ្ងៃ​ផ្តាច់​ជីវិត​​ថ្ងៃ​» ទើប​ព្រះ​មុនី​ឥសី​បាន​ប្រែ​សារ​នោះ​ជា​ថ្មី​ថា «ដល់​ថ្ងៃ​រៀប​ការ​ថ្ងៃ ដល់​យប់​រៀប​ការ​យប់​»​វិញ ។ បន្ទាប់​ពី​ដឹងខ្លួន​ពុទ្ធិ​សែន​បាន​លា​ព្រះ​មុនី​ឥសី ជិះសេះ​ហោះ​ចេញពី​ផ្ទាំងសិលា​ក្បែរ​នោះ​បន្តដំណើរ​ទៅ​កាន់​នគរ​យក្ស ហើយ​ជើងសេះ​បាន​ជាន់​ទ្រុត​ផ្ទាំង​ថ្ម​ ​ទើប​ទីនោះ​មាន​ស្លាក​ស្មា​ម​ជើងសេះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក​សូត្រ សុី​ម បញ្ជាក់​ថា ពុំ​ដឹង​ថា រឿង​នេះ​ពិត​ឬ​មិន​ពិត​នោះ​ទេ​ព្រោះ​លោក​ក៏​ជា​អ្នក​ជំនាន់​ក្រោយ​ដែរ ។ ចំណែកឯ​ការ​រៀបរាប់​ខាងលើ​គឺ​គ្រាន់តែ​ជា​ការ​តំណាល​ត​ៗ​គ្នា​ពី​ចាស់ទុំ​នៅ​តំបន់​នេះ​​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​ប៉ុណ្ណោះ ចំណែក​លោក​បាន​ចេះ​ចាំ​ប៉ុ​ណ្ណឹង​ក៏​មិន​លាក់លៀម​អ្វី​ដែរ​ត្រូវ​តែ​និទាន​ប្រាប់​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បានដឹង​ដើម្បី​កុំ​ឲ្យ​រឿង​នេះ​យូរ​ទៅ​រលត់​បាត់​សាបសូន្យ​គ្មាន​អ្នកដឹង ។

ម្យ៉ាងទៀត​ទាំង​អ្នកស្រុក​ក៏​ដូច​អ្នក​ទៅ​ពី​ទី​ឆ្ងាយ កាលបើ​ចូល​ទៅ​ដល់ទី​នោះ​តែងតែ​គោរព​បូជា​មិន​​ហ៊ាន​ប្រមាថ​ឡើយ ព្រោះ​ជាទី​កន្លែង​ស័ក្ដិសិទ្ធិ និង​ជា​តំបន់​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ហើយ​ពុំ​មែនមាន​តែ​ជនជាតិ​ខ្មែរ​យើង​ទេ​ដែល​គោរព​នោះ ជនបរទេស​ដែល​បាន​ចូល​ទៅ​ដល់​គឺ​បាន​ចូល​ទៅ​អុជ​ធូប​ទៀន​គោរព​ដូច​គ្នា​ទៅ​និង​ខ្មែរ​យើង​ដែរ​។​មិនតែប៉ុណ្ណោះ​នៅ​តំបន់​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស នោះ​ក្រៅពី​អាស្រម​ឥសី​ចង្ក្រម ក៏​មាន​ទីកន្លែង​ដែល​អ្នកស្រុក​ជឿ​ថា​មាន បារមី​ខ្លាំងពូកែ​ទៀត​នោះ​គឺ​ដូច​ជា​៖​ព្រះពុទ្ធ​បរិ​និ​ព្វា​ន្ត​, ប្រាសាទ​ស្រី​គ្រប់លក្ខណ៍ ,​អ្នកតា​ម្ចាស់​ភ្នំ​,​លោកតា​ដំបង​ដែក​, អាស្រម​លោកយាយ យ៉ែ​ម យ៉ង់​,​លោកតា​មុនី​ឥសី​សិទ្ធ​, លោកតា​ស្មង​វែង និង​លោកយាយ​សក់​ក្រអូប​ជាដើម ។

បើ​យោង​តាម​សៀវភៅ​អក្សរសិល្ប៍​ខ្មែរ​ថ្នាក់មធ្យមសិក្សា​ចំណេះ​ទូទៅ​សម្រាប់​កម្មវិធី​សិក្សា​ថ្មី​របស់​​ក្រសួង​អប់រំ​យុវជន និង​កីឡា​ថ្នាក់​ទី​៧ ដល់​ថ្នាក់​ទី​១២ បាន​សង្ខេប​រឿង​ថា​៖ កាលនោះ​មាន​សេដ្ឋី​២​នាក់​ប្ដី​ប្រពន្ធ​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ ប៉ុន្តែ​គ្មាន​កូន​សោះ ។ គិត​ហើយ​២​នាក់​ប្ដី​ប្រពន្ធ​ក៏​សម្រេច​ទៅ​បួងសួង​សុំ​កូន​ពី​ទេវតា​ដើម​ជ្រៃ​មួយ​។ ក្រោយមក​ប្ដី​ប្រពន្ធ​ទាំង​២​ក៏​កើត​បាន​កូនស្រី​១២​នាក់ ។ តាំងពី​កើត​បានកូន​ទាំង​១២​នាក់​មក ទ្រព្យសម្បត្តិ​សេដ្ឋី​ប្ដី​ប្រពន្ធ​ទាំង​២​ក៏​បាន​ថយ​ចុះ​បន្តិច​ម្ដង​ៗ ដោយសារ​ចំណាយ​ទៅ​លើ​ការ​ផ្គត់ផ្គង់​ចំពោះ​កូនស្រី​ទាំង​១២​នាក់​។

ពួក​គេ​បាន​ធ្លាក់ខ្លួន​ក្រលំបាក​ដោយ​ស៊ូទ្រាំ​នឹង​ជីវភាព​ដូចនេះ​ពុំ​បាន ពួក​គេ​ក៏​បាន​សម្រេចចិត្ត​យក​​កូនស្រី​ទាំង​១២​ទៅ​បំ​បោះបង់​ចោល​នៅ​ក្នុង​ព្រៃ ។ មុន​ដំបូង​ឪពុក​ម្ដាយ​គិត​ថា ចង់​ទុក​កូន​ពៅ​ម្នាក់​នៅ​ជាមួយ តែ​ខ្លាច​បង​ៗ គិត​ថា​ ឪពុក​ម្ដាយ​មានចិត្ត​លម្អៀង​ក៏​បំ​បោះបង់​ចោល​ទាំង​១២​នាក់​ទៅ ។ នាង​ទាំង​១២​ក្រោយ​ពី​ដឹង​ថា ឪពុក​ម្ដាយ​ខ្លួន​បំ​បោះបង់​ចោល ពួក​នាង​បាន​ស្រែកយំ​យ៉ាង​ខ្លាំង​ដោយ​ពុំ​ដឹង​ថា ​គួរ​ធ្វើ​យ៉ាងណា​នៅ​ពេល​ក្រោយ​ឡើយ ។

បន្ទាប់​មក​ពួក​នាង​បាន​ធ្វើ​ដំណើរ​ទៅ​មុខ​ដោយ​គ្មាន​ទិស​ដៅ ដោយ​បេះ​ស្លឹកឈើ​ និង​ផ្លែ​ឈើ​ព្រៃ​ជា​អាហារ ។ ពេល​មួយ​ពួក​នាង​បាន​ចុះ​ចាប់​ត្រី​ក្នុង​បឹង​មួយ ពួក​បង​ៗ សុទ្ធតែ​ដោត​ភ្នែក​ត្រី​ទាំង​សងខាង មាន​តែ​នាង​ពៅ​ទេ ដែល​ដោត​ភ្នែក​ត្រី​តែ​ម្ខាង ហើយ​នាំ​គ្នា​ឆី​រួច​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត ។

លុះ​យូរ​ខែ​ឆ្នាំទៅ​ក៏​បាន​ទៅ​ដល់​នគរ​យក្ស​សន្ធ​មារ ។ កាលបើ​យក្ស​សន្ធ​មារ​បានឃើញ​នាង​ទាំង​១២ យក្ស​សន្ធ​មារ​បាន​ប្រាប់​នាង​ក​ង្រី​ជា​កូន​ឲ្យ​ក្រឡា​ខ្លួន​ជា​ក្មេង​អាយុ​៣​ឆ្នាំ គេង​ក្នុង​អង្រឹង​ទៅ​ម្ដាយ​ និង​សុំ​ឲ្យ​ពួក​នាង​ជួយ​មើល ។ យក្ស​សន្ធ​មារ​បានដឹង​នាង​ទាំង​១២​ជា​កូនកំព្រា ក៏​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​បាន​ឃាត់​ឲ្យ​ពួក​នាង​នៅ​ជាមួយ ធ្វើ​ឲ្យ​នាង​ទាំង​១២​មានចិត្ត​ត្រេកអរ​ណាស់ ។ យក្ស​សន្ធ​មារ​បាន​ហាមឃាត់​មិន​ឲ្យ​ពួក​នាង​ទៅ​លេង​នៅ​ឃ្លាំង​ទក្សិណ​ទេ ដោយសារ​តែ​ជា​កន្លែង​ទុក​ចំណី​របស់​ខ្លួន តែ​យក្ស​សន្ធ​មារ​បាន​កុហក​ពួក​នាង​ថា ​ជា​កន្លែង​មាន​គ្រោះថ្នាក់ រីឯ​​ទឹកស្រះ​អាច​ឲ្យ​កើត​រមាស់​។

ថ្ងៃមួយ​នាង​ពៅ​បាន​ធ្វើ​ឲ្យ​បាយ​កំពប់​ពេញ​ដី ពេល​នោះ​មាន​ខ្មោច​ចេញ​មក​ស៊ី​បាយ​ដែល​កំពប់​នោះ ធ្វើ​ឲ្យ​នាង​ពៅ​ភ័យ​ស្រែក​ប្រាប់​បង​ៗ​ឲ្យ​ចេញពី​ទីកន្លែង​នោះ ដោយ​បានដឹង​ពី​ឧបាយកល​របស់​យក្ស​ដែល​ចិញ្ចឹម​ពួក​នាង​ទុក​ធ្វើ​ចំណី​នៅ​ថ្ងៃក្រោយ ។

ចំណែកឯ​ឃ្លាំង និង​ស្រះ​ដែល​យក្ស​មិន​ឲ្យ​ពួក​នាង​ទៅ​នោះ សុទ្ធតែ​សព​និង​គ្រោងឆ្អឹង​មនុស្ស ហើយ​ស្រះ​មាន​ពោរពេញ​ទៅ​ដោយ​ឈាម ។ បន្ទាប់​ពី​ដឹង​រឿងរ៉ាវ​ពិតប្រាកដ​មក ពួក​នាង​ភិតភ័យ​ខ្លាំង​ណាស់ ក៏​បាន​លួច​រត់​ចេញពី​នគរ​យក្ស ហើយ​បាន​លួច​យក​ម្កុដ​ម្នាក់​មួយ​ទៅ​ជាមួយ​ផង រួច​រត់​ស​ម្ដៅ​ទៅ​ក្នុង​ព្រៃ​ជ្រៅ ។ ពេល​នោះ​សត្វ​ក្អែក​ដែល​យក្ស​សន្ធ​មារ​ចិញ្ចឹម​បាន​ប្រទះ​ឃើញ​នាង​ទាំង​១២​លួច​រត់ ក៏​យក​ដំណឹង​នេះ​ទៅ​ប្រាប់​សន្ធ​មារ ។ សន្ធ​មារ​ខឹង​ខ្លាំង​ហើយ​ក៏​ចេញ​ទៅ​ចាប់​ពួក​នាង​មក​វិញ ។

ចំណែក​នាង​ទាំង​១២ បានឮ​សូរ​សន្ធឹក​យក្ស​ហោះ​មក​ក៏​បាន​នាំ​គ្នា​រត់ ហើយ​បាន​ជួប​ជាមួយ​ដំរី គោ និង​ឈ្លូស សត្វ​ទាំងនោះ​បាន​ជួយ​ពួក​នាង​ឲ្យ​គេច​ផុត​ពី​ភ្នែក​យក្ស ដោយ​លេប​ពួក​នាង​ចូល​ទៅ​ក្នុង​ពោះ ហើយ​បាន​និយាយ​បំភ័យ​យក្ស​ឲ្យ​ចេញ ។ បន្ទាប់​មក​ពួក​នាង​បាន​ធ្វើ​ដំណើរ​ទាំង​យប់​ទាំង​ថ្ងៃ ក៏​ទៅ​ដល់​នគរ​ឥន្ទបត្ត​បុរី ហើយ​បាន​ជួប​ស្រះ​មួយ​ដែល​មានទឹក​ថ្លាឈ្វេង ពួក​នាង​បាន​យក​ម្កុដ​ដែល​លួច​ពី​យក្ស​មក​ពាក់​រៀង​ៗ ខ្លួន ។

ពេល​នោះ​មាន​អ្នកបម្រើ​សេដ្ឋី​ម្នាក់ ប្រទះ​ឃើញ​ពួក​នាង​ហាក់បីដូចជា​ទេពអប្សរ​ទាំង​១២​មាន​សម្រស់​ដូច​ស្រី​សួគ៌ ក៏​បាន​យក​ដំណឹង​នេះ​ទៅ​ប្រាប់​សេដ្ឋី ។ ចំណែកឯ​សេដ្ឋី​ក៏​យក​ដំណឹង​នេះ​ទៅ​ទូល​ស្ដេច​បន្ត​ទៀត ។ ពេល​នោះ​ព្រះបាទ​រាជ​សិទ្ធិ​ជួប​នាង​ទាំង​១២ ទ្រង់​បាន​ស្ដីដណ្ដឹង​ពួក​នាង​ជា​មហេសី កន្លង​មក​ប៉ុន្មាន​ខែ​ក្រោយ ពួក​នាង​ទាំង​១២​ក៏​មានគភ៌ ។ ដំណឹង​នេះ​ក៏​បាន​លេចឮ​ដល់​យក្ស​សន្ធ​មារ យក្ស​ខឹង​ណាស់​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​នគរ​ឥន្ទបត្ត​បុរី ហើយ​ក្រឡា​ខ្លួន​ធ្វើ​ជា​ស្រី​ស្អាត​មក​ពង្វក់​ព្រះបាទ​រាជ​សិទ្ធិ បន្ទាប់​មក​នាង​សន្ធ​មារ​បាន​ស្ថិត​នៅ​ក្បែរ​ស្ដេច​រហូត។

មាន​ថ្ងៃមួយ​យក្ស​សន្ធ​មារ​មា​នក​ល្បិច​កុហក​ស្ដេច​ថា ​ខ្លួន​ឈឺ ហើយ​បាន​ប្រាប់​រាជ​ពេទ្យ​ឲ្យ​កុហក​ស្ដេច​ថា ត្រូវការ​ភ្នែក​នាង​ទាំង​១២​មក​ព្យាបាល​ទើប​ជា ។ ដោយសារ​តែ​ឈ្លក់​វង្វេង​នឹង​នាង​សន្ធ​មារ​ខ្លាំង​ពេក ព្រះបាទ​រាជ​សិទ្ធិ​បាន​ធ្វើ​តាម​សម្ដី​រាជ​ពេទ្យ ហើយ​ខ្វេះ​ភ្នែក​នាង​ទាំង​១២ ។ ប៉ុន្តែ​ពេល​នោះ​បង​ៗ​ទាំង​១១ សុទ្ធតែ​ត្រូវ​បាន​គេ​ឆ្គៀ​ល​ភ្នែក​ទាំង​សងខាង មាន​តែ​នាង​ពៅ​ទេ ​ដែល​ត្រូវ​គេ​ឆ្គៀ​ល​ភ្នែក​តែ​ម្ខាង ។ បន្ទាប់​មក​ពួក​នាង​ត្រូវ​បាន​បណ្ដេញ​ចេញពី​រាជវាំង​ឲ្យ​ទៅ​រស់នៅ​ក្នុង​ល្អាង​មួយ ។ នាង​ពៅ​ដែល​នៅ​មាន​ភ្នែក​ម្ខាង​ជា​អ្នក​មើលថែ​ទាំ​ពួក​បង​ៗ ។

ចំណែក​ភ្នែក​របស់​នាង​ទាំង​១២ សន្ធ​មារ​បាន​យក​ទៅ​ផ្ញើ​ឲ្យ​នាង​ក​ង្រី​ថែរក្សា​ទុក​នៅ​នគរ​យក្ស ។ ដល់​​ពេល​បុត្រ​នាង​ទាំង​១២​ប្រ​សូត្រ ដោយ​ការ​ស្រេកឃ្លាន​ពួក​នាង​បាន​យក​បុត្រ​របស់​ខ្លួន​ហែក​ចែក​គ្នា​ស៊ី​ជា​ចំណី ប៉ុន្តែ​នាង​ពៅ​បាន​លាក់​ទុក​សាច់ ហើយ​នៅ​ពេល​ដែល​នាង​ប្រ​សូត្រ​បុត្រ នាង​បាន​ទុក​បុត្រ​របស់​ខ្លួន និង​យក​សាច់​ដែល​លាក់​ទុក​នោះ​ចែក​បង​ៗ​ឆី នាង​ខិតខំ​ចិញ្ចឹម​បីបាច់​កូន​មិន​ឲ្យ​បង​ៗ​ដឹង​ឡើយ​។​ នាង​ពៅ​បាន​ដាក់​ឈ្មោះ​កូន​ថា ​«​ពុទ្ធិ​សែន​» ហើយដោយ​សារ​តែ​ពុទ្ធិ​សែន​ ជា​តួអង្គ​ព្រះ​ពោធិសត្វ​មក​ចាប់ជាតិ ទើប​មាន​ទេវតា​តាម​ថែរក្សា​រហូត​មក​។

នៅ​ពេល​ពុទ្ធិ​សែន​អាយុ​បាន​៧​វស្សា ព្រះ​អង្គ​បាន​ជជីក​សួរ​ពី​មូលហេតុ​ដែល​មក​រស់នៅ​ក្នុង​ល្អាង​បែប​នេះ នាង​ពៅ​បាន​ប្រាប់​កូន​ពី​ដំណើររឿង​ពី​ដើម​ដល់​ចប់ ។ ពេល​ស្ដាប់​ហើយ​ពុទ្ធិ​សែន​រន្ធត់​ចិត្ត​អាណិត​មាតា​ក្រៃ​លែង​។​ ដោយសារ​ចង់​ដឹង​ពី​ពិ​ភព​ខាងក្រៅ ពុទ្ធិ​សែន បាន​សុំ​មាតា​ចេញ​ទៅ​លេង​ខាងក្រៅ​ដើម្បី​ស្គាល់​គេឯង ហើយ​ចង់​ស៊ើបដំណឹង​បិតា​របស់​ខ្លួន ។ ពេល​ចេញ​មក​ក្រៅ​បាន​ជួប​នឹង​ក្មេង​ៗ១​ក្រុម ​ហើយ​បបួល​គ្នា​លេង​បោះ​អ​ង្គុ​ញ ដោយ​ភ្នាល់​គ្នា​ថា ​«​បើ​ពុទ្ធិ​សែន​ចាញ់​និង​ត្រូវ​បម្រើ​ពួកក្មេង​ៗ​ទាំងនោះ តែបើ​ពុទ្ធិ​សែន​ឈ្នះ​គឺ​សុំ​បាយ​តែ​១២​កញ្ចប់​ទេ​» ។

ជា​រៀងរាល់ថ្ងៃ​ពុទ្ធិ​សែន​តែងតែ​ឈ្នះ​បាយ​១២​កញ្ចប់​យក​ទៅ​ឲ្យ​មាតា ដែល​ធ្វើ​ឲ្យ​ព្រះ​មាតុច្ឆា​ទាំង​១១​អង្គ មាន​ច​ម្ង​ល់​ជា​ខ្លាំង ហើយ​មិនយូរ​ប៉ុន្មាន​នាង​ពៅ​បាន​បកស្រាយ​ច​ម្ង​ល់​ពួក​បង​ៗ ។ ជ័យ​ជំនះ​ពុទ្ធិ​សែន​ក្នុង​ការ​លេង​បោះ​អ​ង្គុ​ញ​បាន​លេចឮ​ដល់​ព្រះមហាក្សត្រ ។ ព្រះបាទ​រាជ​សិទ្ធិ ឲ្យ​អា​មាត្រ​ទៅ​ហៅ​ពុទ្ធិ​សែន​ចូល​រាជវាំង ពុទ្ធិ​សែន​គ្រាន់តែ​ជួប​ភ្លាម ព្រះ​អង្គ​ក៏​ដឹង​ថា​ នេះ​ហើយ​ជា​ព្រះ​បិតា​របស់​ខ្លួន​។​

ដោយសារ​តែ​ទេវតា​ជួយ ពុទ្ធិ​សែន​បាន​យកឈ្នះ​បិតា​របស់​ខ្លួន ។ ព្រះបាទ​រាជ​សិទ្ធិ​បាន​បញ្ជា​ឲ្យ​គេ​ទៅ​ស៊ើប​ពី​ប្រវត្តិ​របស់​ពុទ្ធិ​សែន ចុង​ក្រោយ​ទើប​ដឹង​ថា ​ពុទ្ធិ​សែន​ជា​បុត្រ​បង្កើត​របស់​ទ្រង់ ។ លុះ​ស្អែក​ឡើង​ព្រះបាទ​រាជ​សិទ្ធិ​ក៏​បាន​បញ្ជា​ឲ្យ​អា​មាត្រ​នាំ​ព្រះរាជ​កុមារ​ពុទ្ធិ​សែន​ចូល​វាំង ហើយ​ទទួលស្គាល់​ជា​បុត្រ​។ គ្រានោះ​បាន​ធ្វើ​ឲ្យ​សន្ធ​មារ​ខឹង​យ៉ាង​ខ្លាំង នាង​បាន​ចូល​ទៅ​ជិត​ពុទ្ធិ​សែន ហើយ​ធ្វើ​ជា​ស្រឡាញ់​ណាស់ តែ​តាម​ការ​ពិត​ទៅ​កំពុង​រក​ល្បិច​កល​អាក្រក់​ដើម្បី​ធ្វើបាប​ព្រះរាជ​កុមារ​សោះ ។

ច្រើន​ឆ្នាំ​កន្លង​មក​ពុទ្ធិ​សែន​ពេញរូបពេញរាង យក្ស​សន្ធ​មារ​បាន​ឲ្យ​ពុទ្ធិ​សែន​ទៅ​យក​ថ្នាំ​នៅ​នគរ​របស់​ខ្លួន ដោយសារ​តែ​ចង់​ព្យាបាល​ព្រះ​រោគ​ព្រះបាទ​រាជ​សិទ្ធិ ខណៈនោះ​យក្ស​សន្ធ​មារ​បាន​ភ្ជាប់​សំបុត្រ​មួយ​ផង ។ ក្នុង​ការ​ធ្វើ​ដំណើរ​ពុទ្ធិ​សែន​បាន​ជ្រើសរើស​យក ​«​សេះ​មណី​កែវ ដែល​ជា​សេះ​ចេះ​ហោះ​និង​អាច​និយាយ​ភាសា​មនុស្ស​បាន​»​ជិះ​ទៅ​ជាមួយ ។ ពុទ្ធិ​សែន​បាន​ក្រាបលា​ព្រះ​មាតា និង​ព្រះ​មាតុច្ឆា រួច​ហើយ​ក៏​ចេញ​ទៅ ។

ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ពុទ្ធិ​សែន​បាន​ជួបនឹង​ខ្យល់ព្យុះ​យ៉ាង​ធំ​មួយ ធ្វើ​ឲ្យ​ពុទ្ធិ​សែន​សន្លប់​លើ​ខ្នង​សេះ ហើយ​សេះ​មណី​កែវ​បាន​ហោះ​ទៅ​កាន់​អាស្រម​តា​ឥសី ។ តា​ឥសី​បាន​បើក​មើលសំបុត្រ​ដែល​នៅ​លើ​ខ្នង​ពុទ្ធិ​សែន ហើយ​បាន​ប្រែ​សារ​នោះ​ពី​ពាក្យ​ថា «​ពេល​ទៅ​ដល់​យប់​ផ្តាច់​​ជីវិត​យប់ ទៅ​ដល់​ថ្ងៃផ្តាច់​ជីវិត​​ថ្ងៃ​» ទៅ​ជា​ពាក្យ​ថា «​ដល់​ថ្ងៃ​រៀប​ការ​ថ្ងៃ ដល់​យប់​រៀប​ការ​យប់​»​វិញ ហើយ​បន្ទាប់​មក​ពុទ្ធិ​សែន​បាន​បំផាយ​សេះ​បន្តដំណើរ​ទៅ​មុខ​ទៀត ។

(​សូម​បញ្ជាក់​ថា បើ​តាម​អ្នកស្រុក​បាន​ជឿជាក់​ថា ទីកន្លែង​ដែល​ព្រះ​មុនី​ឥសី​ប្រែ​សារ និង​ពុទ្ធិ​សែន​បំផាយ​សេះ​ហោះ​ឡើង​បន្តដំណើរ​ទៅ​មុខ​ទៀត​នោះ គឺ​ស្ថិត​នៅ​ត្រង់​ចង្កេះភ្នំ​ប្រសិទ្ធ​ត្រ័យ​ត្រឹ​ង្ស ដូចដែល​មាន​ស្លាកស្នាម​ដានជើង​សេះ និង​កន្លែង​ឥសី​ចង្ក្រម​ភាវនា រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដែល​ជាទី​កន្លែង​ស័ក្ដិសិទ្ធិ​របស់​ពួក​គាត់​ទៅ​គោរព​បូជា​ទៀត​ផង​) ។

ថ្លែង​ពី​នាង​ក​ង្រី​បុត្រី​យក្ស​សន្ធ​មារ កាលបើ​ពុទ្ធិ​សែន​ទៅ​ដល់ បាន​អានសំបុត្រ​ដែល​មាតា​ផ្ញើ​រួច​មក​ដែល​ជា​អត្ថន័យ​របស់​ឥសី​ប្រែ​សារ​នោះ នាង​បាន​ព្រម​ទទួល​ពុទ្ធិ​សែន​ជា​ស្វាមី ហើយ​ក៏​បាន​រៀប​អភិសេក ។ ចាប់ពី​ពេល​នោះ​មក​ពុទ្ធិ​សែន​បាន​សោយរាជ្យ​នៅ​នគរ​យក្ស​យ៉ាង​សុខសាន្ត និង​បង្កើត​បាន​បុត្រា​២​អង្គ​ជាមួយ​និង​នាង​ក​ង្រី ដែល​បុត្រា​ទាំ​២​អង្គ​មាន​ព្រះ​នាម​ថា «​ជុំ​សែន​»​និង​«​រថ​សែន​»​។ ក្រោយមក​នាង​ក​ង្រី​បាន​ប្រាប់​ស្វាមី​ពី​កន្លែង​ដាក់​វត្ថុ​មាន​ដូច​ជា​«​ស្គរជ័យ​»​កាលណា​គោះ​និង​មាន​អាវុធ​ចេញ​មក ជា​ពិសេស​កែវភ្នែក​នាង​ទាំង​១២ ។

នៅ​ពេល​មានឱកាស​ល្អ ពុទ្ធិ​សែន បាន​ចូល​ទៅ​លួច​កែវភ្នែក​នាង​ទាំង​១២ និង​បេះ​ថ្នាំ​ស័ក្ដិសិទ្ធិ ព្រមទាំង​ស្គរជ័យ​ទៅ​ជាមួយ​ក្នុង​បំណង​ជួយ​ដល់​ព្រះ​មាតា​និង​ព្រះ​មាតុច្ឆា​របស់​ទ្រង់​។ ពេល​ដែល​ពុទ្ធិ​សែន​ចេញ​បាន​បន្តិច នាង​ក​ង្រី​បានដឹង​ហើយ​ខំ​ស្រែក​អង្វរ​ស្វាមី​ និង​រត់​ដេញ​តាម​ឲ្យ​ត្រឡប់​មក​វិញ តែ​ដោយសារ​សេះ​មណី​កែវ​ហោះ​យ៉ាង​លឿន ធ្វើ​ឲ្យ​នាង​ក​ង្រី​តាម​មិន​ទាន់​ និង​រត់​រហូត​អស់កម្លាំង​ដួល​ដេក​លើ​ដី ។ រីឯ​ពុទ្ធិ​សែន រារាំង​ក​ង្រី​មិន​ឲ្យ​រត់​តាម​ខ្លួន​ទៀត ក៏​បាន​ប្រើ​វត្ថុ​ទិព្វ បង្កើត​ជា​ទន្លេ​មួយ (​ជា​ទន្លេសាប​សព្វថ្ងៃ​)​ ធ្វើ​ឲ្យ​ក​ង្រី​មិន​អាច​ឆ្លង​មក​ត្រើយម្ខាង​ទៀត​បាន​ឡើយ។

និយាយ​ពី​នាង​ក​ង្រី​ឈឺចាប់​ខ្លាំង​ពេក​ដោយសារ​បាត់​ប្ដី ក៏​យំសោក​រហូត​ដល់​អស់កម្លាំង​ពី​ខ្លួន ហើយ​​ក៏​ដេក​​បាត់​បង់​ជីវិត​​​នៅ​ទីនោះ​ទៅ ។ សព​របស់​នាង​បាន​ក្លាយទៅជា​ «​ភ្នំ​ក​ង្រី​»​ ដែល​ស្ថិត​នៅ​ដង​ទន្លេសាប ក្នុង​ខេត្តកំពង់ឆ្នាំង​សព្វ​ថ្ងៃនេះ​។ ក្រោយ​ពេល​ពុទ្ធិ​សែន​ទៅ​ដល់​នគរ​ឥន្ទបត្ត​បុរី​យក្ស​សន្ធ​មារ​បានដឹង​រឿងរ៉ាវ​ទាំងអស់​ដែល​កើតឡើង ហើយ​ក៏​បាន​ក្រឡា​ខ្លួន​ពី​មនុស្ស​ទៅ​រូប​ពិតជា​យក្ស​វិញ ​និង​មាន​បំណង​ផ្តាច់​ជីវិត​​ពុទ្ធិ​សែន​ចោល តែ​ពុទ្ធិ​សែន​បានដឹង​មុន​ក៏​យក​ស្គរជ័យ​គោះ បណ្ដាល​ឲ្យ​អាវុធ​ហោះ​ទៅ​ចាក់ផ្តាច់​ជីវិត​ ​យក្ស​សន្ធ​មារ​មួយ​រំពេច ។ ខណៈនោះ​ព្រះ បាទ​រាជ​សិទ្ធ បាន​ភ្ញាក់រលឹក​ដឹង​កំហុស​របស់​ខ្លួន ក៏​ទទួល​មហេសី​ទាំង​១២​ចូល​រាជវាំង​វិញ ហើយ​ពុទ្ធិ​សែន​បាន​យក​ថ្នាំ​មក​ព្យាបាល​ភ្នែក​មាតា​និង​ព្រះ​មាតុច្ឆា​បាន​ភ្លឺ​ដូច​ដើម​វិញ ។

លុះ​ពេល​បញ្ចប់​ភារកិច្ច​សព្វគ្រប់​ហើយ ពុទ្ធិ​សែន​បាន​លា​មាតាបិតា ដើម្បី​ទៅ​រក​នាង​ក​ង្រី​ជា​មហេសី ​និង​បុត្រ​របស់​ទ្រង់​វិញ តែ​ជា​អកុសល​នាង​ក​ង្រី​បាន​​បាត់​បង់​ជីវិត​​បាត់​ទៅ​ហើយ ។ គ្រា​នោះ​​ពុទ្ធិ​សែន ឈឺចិត្ត​ក្រៃ​លែង ទ្រង់​បាន​ធ្វើ​ពិធី​បុណ្យសព​ឲ្យ​មហេសី ។ ​លុះ​ធ្វើបុណ្យ​រួចរាល់ ពុទ្ធិ​សែន​បាន​ត្រឡប់​ទៅ​រក​មាតាបិតា​វិញ ហើយ​បន្ទាប់​មក​ព្រះបាទ​រាជ​សិទ្ធិ​ក៏​បាន​ឲ្យ​ពុទ្ធិ​សែន​បន្ត​សោយរាជ្យ​ពី​ព្រះ​អង្គ​ និង​រស់នៅ​យ៉ាង​សុខសាន្ត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ