ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​នាង ជេន​ណា សម្តែង​ក្តី​រំភើប​ខ្លាំង​ ក្រោយ​ការ​ផ្តល់​ឱកាស​ជា​អ្នក​ជូន​ភួងមាលា​ដល់​ឯកឧត្តម​ប្រធានាធិបតី​ចិន

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ព្រះ​នាង ជេន​ណា បាន​បង្ហាញ​ក្តី​រំភើប​ខ្លាំង និង​ចាត់ទុកជា​អនុស្សា​វរិ​យ៍​ដ៏​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឆាកជីវិត​របស់​ព្រះ​នាង បន្ទាប់​ពី​ព្រះ​នាង​ត្រូវ​បាន​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ ព្រះ​នាង ជេន​ណា បាន​បង្ហាញ​ក្តី​រំភើប​ខ្លាំង និង​ចាត់ទុកជា​អនុស្សា​វរិ​យ៍​ដ៏​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ឆាកជីវិត​របស់​ព្រះ​នាង បន្ទាប់​ពី​ព្រះ​នាង​ត្រូវ​បាន​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះ​រាជទាន​ត្រាស់​បង្គាប់​ផ្តល់​តួនាទី​ដល់​រូប​ព្រះ​នាង ជា​អ្នក​ជូន​ភួងមាលា ដល់ ឯកឧត្តម ស៊ី ជី​ង​ពីង ប្រធានាធិបតី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ដោយ​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ។

ប្រធានាធិបតី​ចិន​លោក ស៊ី ជី​ង​ពីង បាន​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយះ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៧-១៨ ខែមេសា ឆ្នាំ​២០២៥ ដោយ​ក្នុង​ឱកាស​អញ្ជើញ​ដល់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ​គឺ​មានការ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ព្រះមហាក្សត្រ និង​សម្តេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​អញ្ជើញ​ទទួល​បដិសណ្ឋាកិច្ច ដោយនៅ​ក្នុង​នោះ ព្រះ​នាង ជេន​ណា ក៏​ត្រូវ​បាន​ផ្តល់​កិត្តិយស​ជា​អ្នក​ជូន​ភួងមាលា ដល់ ឯកឧត្តម ស៊ី ជី​ង​ពីង ដោយ​ផ្ទាល់​ផង​ដែរ ។

ក្រោយ​មានឱកាស​ដ៏​ពិសេស​នេះ ព្រះ​នាង ជេន​ណា បាន​បង្ហាញ​អារម្មណ៍​រំភើប​រក​អ្វី​ប្រៀបផ្ទឹម​បាន និង​ចាត់​ទុក​នេះ​ជា​ប្រវត្តិសាស្ត្រ​មួយ​ក្នុង​ឆាកជីវិត​របស់​ព្រះ​នាង ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ផ្តល់​តួនាទី​ដ៏​មាន​សារៈសំខាន់ និង​មាន​អត្ថន័យ​មួយ​នេះ ។

តាម​រយៈ​បណ្តាញ​សង្គម ព្រះ​នាង នរោត្តម ជេន​ណា បាន​បង្ហោះ​សំ​ណេ​រថា អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ឆាកជីវិត​ខ្ញុំ រំភើប​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​! ។

ជាបឋម ខ្ញុំម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​អរ​ព្រះរាជ​គុណ​ព្រះករុណា ហ្លួង​តា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ហ្លួង​យាយទួត សម្ដេចព្រះ​មហាក្សត្រី នរោត្ដម មុនិនាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ស្ដេច​ទាំង​ទ្វេ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ​ប្រោស​ព្រះ​រាជទាន​ត្រាស់​បង្គាប់​ផ្តល់​តួនាទី​ដល់​ខ្ញុំម្ចាស់ ជា​អ្នក​ជូន​ភួងមាលា ដល់ ឯកឧត្តម ស៊ី ជី​ង​ពីង ប្រធានាធិបតី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥ ។

ព្រះ​នាង​បញ្ជាក់​ថា នេះ​ជា​រឿងរ៉ាវ​ដ៏​ពិសេស​បំផុត​ក្នុង​ឆាកជីវិត​ពោ​ពេញ​ដោយ​សេចក្ដី​រំភើប​យ៉ាង​ខ្លាំង​រក​ទីបំផុត​គ្មាន ដែល​អាច​រាប់​ថា​ជា​អនុស្សាវរីយ៍​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​ប្រចាំជីវិត​ខ្ញុំម្ចាស់​។

ខ្ញុំម្ចាស់​ជា​ចៅ​សូម​ក្រាប​បង្គំ​ថ្វាយព្រះពរ ព្រះករុណា​ហ្លួង​តា និង​ហ្លួង​យាយទួត សូម​ទេវតា​ថែរក្សា​ព្រះ​មហា​ស្វេ​ត្រ​ឆ័​ត្រ ព្រះ​បារមី​វត្ថុ​សក្តិ​សិទ្ធិ​នានា​ក្នុង​លោក ព្រមទាំង​ទេវតា​រក្សា​ឆ្នាំ​ថ្មី ប្រទាន​ព្រះ​ពរ​ជ័យ​សព្វ​សាធុការ ថ្វាយ​ព្រះ​អង្គ​ទាំង​ទ្វេ សូម​ស្តេច​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់​ប្រការ មាន​ព្រះរាជ​សុខភាព​ល្អ គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ប្រជារាស្ត្រ​ទូ​ទាំង​ព្រះ​នគរ ។

ខ្ញុំ​ក៏​សូម​គោរព​ជូនពរ ឯកឧត្តម​ប្រធានាធិបតី មាន​សេចក្តី​រីករាយ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា ចង​ចាំ​ក្តី​ស្រឡាញ់​រវាង​ជាតិ​សាសន៍​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ