ក្រុមហ៊ុនទឹកពិសា វីតាល់ ប្រារព្វពិធី «វីតាល់ស្រង់ព្រះ» ឆ្នាំទី ៩ នៅបរិវេណផ្សារទួលទំពូង បង្ហាញសេចក្តីកតញ្ញូ តបស្នងសងគុណជូនចាស់ជរាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ទឹកពិសាវីតាល់ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រារព្វកម្មវិធី «វីតាល់ស្រង់ព្រះ» ឆ្នាំទី ៩ នៅបរិវេណផ្សារទួលទំពូង ដើម្បីបង្ហាញនូវសេចក្តីកតញ្ញូ តបស្នងសងគុណជូនចាស់ជរាក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លឺខាងមុខនេះ ។

ពិធីនេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៦ ដោយមានការនិមន្តចូលរួមពីព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះចៅអធិការវត្ត មណិរតនារាម ហៅវត្តទួលទំពូង ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុន វ័ន ម៉រ គ្រុប លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន ទឹកពិសាវីតាល់ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ ស.ស.យ.ក រាជធានីភ្នំពេញ និងលោកយាយ លោកតា លោក លោកស្រី សមាជិក-សមាជិកា ស.ស.យ.ក គណៈគ្រប់គ្រង និងបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អាជីវករ សហគមន៍ទួលទំពូង និងអ្នកស្ម័គ្រចិត្ត សិស្សានុសិស្ស សរុបប្រមាណជាង ៤០០នាក់ ។

អត្ថន័យនៃពិធីបុណ្យស្រង់ព្រះ ដោយទឹកតំណាងភាពត្រជាក់ ម្ល៉ោះហើយនៅពេលស្រោចស្រព លើរាងកាយជនណាម្នាក់ហើយ នឹងបានត្រជាក់ ទាំងអ្នកស្រោចស្រពឲ្យគេ និងគេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និងជាតិក្រោយ ។ ម្យ៉ាងទៀតពិធីស្រង់ព្រះនេះក៏ជាអត្ថន័យអប់រំមួយ និងបណ្តុះស្មារតីនៃការចែករំលែកក្តីស្រលាញ់ និងការគោរពដឹងគុណពីកូនចៅ ញាតិផៅ ជូនលោកអ្នកមានគុណ និងព្រឹទ្ធាចារ្យ ផងដែរ ។

លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន ទឹកពិសាវីតាល់ បានមានប្រសាសន៍ថា វីតាល់ តែងប្រកាន់ខ្ជាប់រៀបចំកម្មវិធី ស្រង់ព្រះប្រចាំឆ្នាំ នៅរៀងរាល់ខែមេសា នៃឆ្នាំនីមួយៗ មុនពេលជិតមកដល់ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ពិធីស្រង់ព្រះរបស់វីតាល់ត្រូវបានប្រារព្ធឡើងក្នុងខ្លឹមសារបង្ហាញសេចក្តីកតញ្ញូ តបស្នងសងគុណជូនចាស់ជរា និងការចែករំលែក ការជួយសម្រាលទុក្ខលំបាកដល់លោកតាលោកយាយ តាមរយៈ អំណោយ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ក្នុងឱកាសឆ្នាំថ្មី ប្រកបដោយសុខភាពល្អ និងសិរីសួស្ដីឆ្នាំថ្មី ។

លោកជំទាវ បានបន្តថា ជាការពិតណាស់ ពុទ្ធសាសនា បានដើរតួនាទី ជាគ្រឹះនៃ សីលធម៌ ការអប់រំ និងការផ្សះផ្សាស្មារតីសង្គម ។ តួយ៉ាងសកម្មភាពព្រឹកនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការថែរក្សាប្រពៃណី និងសាសនាដ៏ល្អផូរផង់។ជាមួយគ្នានេះដែរផ្សាភ្ជាប់ នឹងពិធីស្រោចស្រពព្រះសុគន្ធវារី វីតាល់និងមូលនិធិ ២៥រៀល បានពាំនាំមកប្រគេន និងជូន ទេយ្យទាន សម្ភារ គ្រឿងបរិភោគ វីតាល់ មីជាតិ ផលិតផលគ្រឿងទេសវ័នម៉រ សម្ភារប្រើប្រាស់ និងឈុតខោអាវសម្រាប់លោកយាយលោកតា និងថវិកាមួយចំនួន ជូនលោកយាយ លោកតា ១០០នាក់ និងប្រគេនព្រះសង្ឃ ១០០អង្គ ។

លោកជំទាវបានបន្តទៀតថាសកម្មភាពនៃការរៀបចំ កម្មវិធីវីតាល់ស្រង់ព្រះ ជូនដូនចាស់ប្រចាំឆ្នាំនេះ គឺកើតឡើងបាន ក៏ដោយសារការគាំទ្រ ពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្ម និងពិសេសគឺអតិថិជន ព្រមជាមួយប្រិយមិត្ត របស់វីតាល់ផ្ទាល់តែម្តង ដែលលោកតែងតែគាំទ្រជានិច្ច នូវសកម្មភាពសប្បុរសធម៍ដ៏ប្រពៃនេះ ជាច្រើនឆ្នាំរួចមកហើយ ។ ការគាំទ្ររបស់អតិថិជនវីតាល់ គឺបានធ្វើឡើងដោយផ្ទាល់តាមរយៈការប្រើប្រាស់ វីតាល់ ដោយគ្រប់ៗ ដបនៃផលិតផលវីតាល់ គឺលោកអ្នកបានបរិច្ចាគថវិកា ចំនួន ២៥រៀល ដល់មូលនិធិសម្រាប់ការអនុវត្តន៍ គម្រោង និងសកម្មភាពនានា ដែលមានទំនាក់ទំនងទៅនឹងសសរស្តម្ភ ទាំង៤ រួមមាន៖ ការអប់រំ, បរិស្ថាន, សុខាភិបាល, សង្គមវប្បធម៍ជាដើម ។ បន្ថែមពីនេះ លោកជំទាវ ក៏សូមចំណែកបុណ្យកុសល និងសេចក្តីល្អនេះ ផ្សាយនូវមេត្តាដល់ប្រិយមិត្តអ្នកប្រើប្រាស់ វីតាល់ សូមទទួលបានបុណ្យកុសលស្មើៗគ្នា ។

លោកជំទាវសូមថ្លែងអំណរគុណដល់ការចូលរួមយ៉ាងផុសផុលពីគ្រប់ភាគី ជាពិសេសអាជីវករ សហគមន៍ផ្សារទួលទំពូង ព្រមទាំងអាជ្ញាធរមូលដ្ឋាន វត្តអារាម ដែលបានសម្របសម្រួល ការអញ្ជើញ ការនិមន្ត ការរៀបចំនានា ដើម្បីឱ្យពិធីស្រង់ព្រះវីតាល់លើកទី ៩ ថ្ងៃនេះដំណើរការបានល្អប្រសើរ និងគោរពទៅតាមទំនៀមទម្លាប់ប្រពៃណី ដែលបានរៀបចំឡើងនៅវត្ត មណិរតនារាម ហៅវត្តទួលទំពូង និងថ្លែងអំណរគុណជាអនេក ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន នៅវត្តទួលទំពូង ក៏ដូចជាទីតាំងផ្សេងទៀតក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងបង្ហាញនូវអត្តសញ្ញាណជាតិខ្មែរតែមួយ និងការអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស ២៦៧០ ។

លោកជំទាវសូមអញ្ជើញ បងប្អូនកុំភ្លេចអញ្ជើញមកចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនៅតំបន់ទួលទំពូង និងលេងកម្សាន្តព្រឹត្តិការណ៍នគរសង្ក្រាន្តដែលមានទីតាំងនៅទីនេះស្រាប់ ចាប់ពីថ្ងៃទី ១១ រហូតដល់ ១៩ ខែមេសា ដែល វីតាល់ បានសហការរៀបចំជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដោយមានរៀបចំជាស្តង់ទំនិញ ស្តង់អាហារប្រមាណជិត ៣០ស្តង់ ការលេងល្បែងប្រជាប្រិយ និងការប្រគំតន្ត្រីដើម្បីញ៉ាំងឱ្យកម្មវិធីកាន់តែសប្បាយរូករាយអបពរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើង ។

ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ លោកជំទាវសូមប្រគេនពរជូន ព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធិពរជ័យជូន ឯកឧត្តម លោកយាយ លោកតា លោក លោកស្រី សមាជិក-សមាជិកា ស.ស.យ.ក គណៈគ្រប់គ្រង និងបុគ្គលិកវីតាល់ អាជ្ញាធរមូលដ្ឋាន អាជីវករ សហគមន៍ទួលទំពូង ប្អូនៗក្រុមការងារស្ម័គ្រចិត្ត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងធ្វើដំណើរកំសាន្តប្រកបដោយ សុខសុវត្ថិភាពខ្ពស់ ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ