ធនាគារ ABA និងសមាគម CATA សហការគ្នា ដើម្បីបើកដំណើរការកម្មវិធី មូលនិធិហាជ្ជី និងមុខងារសន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម
រាជធានីភ្នំពេញ, ថ្ងៃទី ៦ មេសា ២០២៦ ៖ ធនាគារ ABA និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA)…
រាជធានីភ្នំពេញ, ថ្ងៃទី ៦ មេសា ២០២៦ ៖ ធនាគារ ABA និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA)…
រាជធានីភ្នំពេញ, ថ្ងៃទី ៦ មេសា ២០២៦ ៖ ធនាគារ ABA និងសមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) បានចុះអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីដាក់ដំណើរការកម្មវិធី មូលនិធីហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ សម្រាប់សហគមន៍ខ្មែរឥស្លាម ។ កិច្ចសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលងាយស្រួលប្រើប្រាស់ មានតម្លាភាព ស្របតាមគោលការណ៍ជំនឿសាសនា ដោយគាំទ្រដល់សាសនិកឥស្លាមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ និងត្រៀមខ្លួនសម្រាប់ចូលរួមពិធីបុណ្យហាជ្ជី ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ និងអញ្ជើញចូលរួមក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោក Askhat Azhikhanov នាយកប្រតិបត្តិការនៃធនាគារ ABA អមជាមួយនឹងអ្នកតំណាងមកពីសមាគម CATA និង ABA ជាច្រើនរូបទៀត ។
មូលនិធិហាជ្ជី ៖ ការគាំទ្រដល់ការសន្សំសម្រាប់ចូលរួមពិធីបុណ្យសាសនាបង្កើតឡើងដោយ CATA កម្មវីធីទូរស័ព្ទ មូលនិធិហាជ្ជី (Hajj Fund mobile application) ផ្ដល់នូវផ្លែតហ្វមដោយឡែកមួយ ដល់សាសនិកនៃសហគមន៍ខ្មែរឥស្លាម ដើម្បីចុះឈ្មោះ និងរួមវិភាគទានទុកសន្សំសម្រាប់ហាជ្ជី យ៉ាងងាយស្រួល និងមានរចនាសម្ពន្ធច្បាស់លាស់ ។

ក្រោមកិច្ចសហការជាដៃគូនេះ ABA នឹងក្លាយជាមធ្យោបាយទូទាត់ផ្ដាច់មុខសម្រាប់ប្រមូលមូលនិធិហាជ្ជី ។ ការរួមវិភាគទាន អាចធ្វើទៅបានតាមរយៈ ABA KHQR ឬកាតធនាគារ ដោយធានាបាននូវប្រតិបត្តិការដ៏សុវត្ថិភាព និងជាទីទុកចិត្ត ។ ការភ្ជាប់ប្រព័ន្ធនេះ បង្កើនលទ្ធភាពចូលរួម មូលនិធិហាជ្ជី និងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ គ្រប់គ្រងប្រាក់វិភាគទានរបស់ពួកគាត់យ៉ាងងាយស្រួល និងច្បាស់លាស់ ។
មុខងារសន្សំគ្មានការប្រាក់ ក្នុង ABA Mobile
ទន្ទឹមនឹងនេះដែរ ABA បានដាក់ឲ្យប្រើប្រាស់មុខងារ សន្សំគ្មានការប្រាក់ ក្នុងកម្មវិធី ABA Mobile របស់ខ្លួន បង្កើតឡើងសម្រាប់អតិថិជនដែលចង់គ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគាត់ស្របតាមគោលការណ៍ច្បាប់ឥស្លាម ។ មុខងារនេះ អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ប្រែក្លាយគណនីសន្សំរបស់ខ្លួនទៅជា គណនីសន្សំគ្មានការប្រាក់ ដោយផ្ទាល់នៅក្នុងកម្មវិធី ។ ការប្រាក់ទាំងឡាយដែលទទួលបានក្នុងគណនីនោះ នឹងត្រូវផ្ទេរទៅកាន់កម្មវិធីសប្បុរសធម៌នានា ដែលគ្រប់គ្រងដោយសមាគម CATA ដើម្បីគាំទ្រដល់សមាជិកសហគមន៍ដែលមានតម្រូវការ ។
ដើម្បីបើកដំណើរការមុខងារ សន្សំគ្មានការប្រាក់ នៅក្នុង ABA Mobile អតិថិជនត្រូវ
ចូលទៅ គណនី ក្នុង ABA Mobile
ជ្រើសរើស គណនីណាមួយ រួចចុចលើសញ្ញា ចុចបី (…)
ចុចបើក មុខងារ សន្សំគ្មានការប្រាក់
ចុច ខ្ញុំបានអាន និងយល់ព្រមតាមលក្ខខណ្ឌ និងចុចបើកដំណើរការឥឡូវនេះ ការប្ដេជ្ញាចិត្តចំពោះសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន
លោក Askhat Azhikhanov មានប្រសាសន៍នៅក្នុងពិធីសម្ពោធជាផ្លូវការ “នៅ ABA យើងខ្ញុំជឿជាក់ថា សេវាធនាគារមិនមែនផ្ដោតតែលើបច្ចេកវិទ្យា និងប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្ដោតលើ អ្នកប្រើប្រាស់ផងដែរ ពោលគឺជាការយល់ពីតម្លៃ ជំនឿ និងតម្រូវការរបស់សហគមន៍ដែលយើងខ្ញុំបម្រើសេវាជូន” ។

លោកបន្ដថា “ភាពជាដៃគូរបស់យើងខ្ញុំជាមួយសមាគម CATA ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំ ក្នុងការផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងតម្រូវការជាក់ស្ដែង ។ តាមរយៈ ការភ្ជាប់ប្រព័ន្ធទូទាត់ជាមួយ មូលនិធិហាជ្ជី និងមុខងារ សន្សំគ្មានការប្រាក់ នៅលើ ABA Mobile យើងខ្ញុំមានបំណងបង្កើតប្រព័ន្ធអេកូស៊ីស្ទែមសេវាធនាគារ ដែលគោរពលើពិពិធភាព និងបង្កើតគុណតម្លៃពិតប្រាកដសម្រាប់អតិថិជនគ្រប់រូបដែលយើងបម្រើសេវាជូន” ។
លោក សែន សាម៉ាន នាយកប្រតិបត្តិនៃ CATA មានប្រសាសន៍ “អនុស្សរណៈយោគយល់នេះ គឺជាជំហានថ្មីដ៏សំខាន់មួយសម្រាប់សមាគមរបស់យើងខ្ញុំ ។ ដោយមានការគាំទ្រផ្នែកឌីជីថលដ៏រឹងមាំរបស់ធនាគារ ABA ឥឡូវ សមាជិករបស់យើងខ្ញុំអាចគ្រប់គ្រងប្រាក់សន្សំរបស់ពួកគាត់យ៉ាងងាយស្រួល សុវត្ថិភាព និងស្ងប់ចិត្ត” ។
ភាពជាដៃគូនេះ ឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរួមរបស់ ABA និង CATA ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងពង្រីកលទ្ធភាពចូលប្រើសេវាហិរញ្ញវត្ថុស្របតាមតម្រូវការរបស់បងប្អូនសាសនិកឥស្លាមនៅកម្ពុជា ។

អំពី ABA ៖
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2025 ។ ធនាគារ ABA មាន 106 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 45 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,900 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនលើស 5 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ ។ អតិថិជនរបស់ធនាគារ រួមមានសាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម មីក្រូអាជីវកម្ម និងបុគ្គល ។
អំពី សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា ៖
សមាគមអាម៉ាណះតាកាហ្វុលកម្ពុជា (CATA) គឺជាសមាគមឥស្លាមមិនស្វែងរកប្រាក់កម្រៃ ដែលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សាមគ្គីភាព ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈគំនិតផ្តួចផ្តើមប្រកបដោយសីលធម៌ និងស្របតាមគោលការណ៍ច្បាប់ឥស្លាម (Shariah) ។ CATA មានចក្ខុវិស័យចង់ឃើញសហគមន៍ឥស្លាមនៅកម្ពុជា ទទួលបាននូវសមត្ថភាពខ្ពស់ ចំណេះដឹងជ្រៅជ្រះ និងមានការរីកចម្រើនលើគ្រប់វិស័យនៃជីវភាពរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូរបំផុត និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ