ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពាណិជ្ជកម្ម​កម្ពុជា រៀបចំ​សិក្ខាសាលា​ ស្តី​ពីមាគ៌ា​អប់រំ​សកល ដើម្បី​គាំទ្រ​ការ​រៀបចំ​អ្នក​បន្តវេន​អាជីវកម្ម និង​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយ

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី ​៦ ខែមេសា ឆ្នាំ ​២០២៦ ឯកឧត្តម​ឧកញ៉ា ងួ​ន ម៉េ​ង​តិច…

រាជធានី​ភ្នំពេញ ​៖ កាលពីថ្ងៃ​ទី ​៦ ខែមេសា ឆ្នាំ ​២០២៦ ឯកឧត្តម​ឧកញ៉ា ងួ​ន ម៉េ​ង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា អញ្ជើញ​ជា​គណៈអធិបតី បើក​សិក្ខា​សា​សា​ស្តី​ពី មាគ៌ា​អប់រំ សកល​សម្រាប់​គ្រួសារ​ម្ចាស់​អាជីវកម្ម ដែល​សហការ​រៀបចំ​ដោយ សភាពាណិជ្ជកម្ម​កម្ពុជា និង​ក្រុមហ៊ុន​អ៊ី​ស្គូ​ល​ខេ​ម​បូ​ឌា (E-School Cambodia) ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជំនាន់​ក្រោយ និង​ការ​រៀបចំ​អ្នក​បន្តវេន​អាជីវកម្ម ដោយ​មានការ​ចូលរួម​ពី​តំណាង ANIBT អូស្ត្រាលី iSkills Hub ព្រមទាំង​ម្ចាស់​អាជីវកម្ម និង​សមាជិក​-​សមាជិកា​សភាពាណិជ្ជកម្ម​ជា​ច្រើន​រូប​ ។

ថ្លែង​ក្នុង​ឱកាស​នៃ​ពិធី​បើក​សិក្ខាសាលា​នេះ ឯកឧត្តម​ឧកញ៉ា ងួ​ន ម៉េ​ង​តិច បាន​សង្កត់ធ្ងន់​ថា ការ​វិនិយោគ​លើ​ការ​អប់រំ​អន្តរជាតិ​របស់​បុត្រ​ធីតា គឺជា «​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​» ។ ឯកឧត្តម​ឧកញ៉ា បាន​កត់​សម្គាល់ថា តាម​រយៈការ​សិក្សា​ក្នុង​បរិយាកាស​កម្រិត​ពិភពលោក​ដូច​ជា​នៅ​ប្រទេស​អូស្ត្រាលី សិស្សានុសិស្ស​នឹង​ទទួល​បាន​នូវ​ផ្នត់គំនិត និង​សមត្ថភាព​អន្តរជាតិ​ដែល​ចាំបាច់ ដើម្បី​ធ្វើ​ទំនើប​កម្ម​សហគ្រាស​គ្រួសារ និង​រួមចំណែក​ដល់​គោលដៅ​អភិវឌ្ឍ​ធនធានមនុស្ស ស្រប​តាម​ចក្ខុវិស័យ​កម្ពុជា​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ។ ឯកឧត្តម​ឧកញ៉ា គូសបញ្ជាក់​ថា សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់​រូប ការ​រក្សា​និរន្តរភាព​អាជីវកម្ម​ឱ្យ​បាន​គង់វង្ស​ត​ជំនាន់ គឺជា​បំណងប្រាថ្នា​ដ៏​ធំ​បំផុត​។ ការ​បង្កើត​អាជីវកម្ម​ឱ្យ​ជោគជ័យ​គឺជា​រឿង​ពិបាក ប៉ុន្តែ​ការ​រក្សា​អាជីវកម្ម​ឱ្យ​មាន​និរន្តរភាព​ទៅ​ជំនាន់​ក្រោយ គឺ​រឹតតែ​មាន​ភាព​ប្រឈម​ខ្លាំង ​ជាង​នេះ​ទៅ​ទៀត ​។ មូលហេតុ​ចម្បង​ដែល​នាំ​ឱ្យ​អាជីវកម្ម​គ្រួសារ​ភាគច្រើន​ជួប​ហានិភ័យ គឺ​ការ​ខ្វះចន្លោះ​ក្នុង​ការ​រៀបចំ​ផែនការ​បន្តវេន ឬ​ការ​ខកខាន​ក្នុង​ការ​បណ្តុះបណ្តាល “​មរតក​ចំណេះដឹង​” ឱ្យ​បាន​ត្រឹមត្រូវ​ ។ ដូច្នេះ ការវិនិយោគ​លើ​ការ​សិក្សា​របស់​បុត្រ​ធីតា គឺជា​កត្តាចាំបាច់​បំផុត​ដែល​ត្រូវ​គិតគូរ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ ។

បណ្ឌិត ចាន់​ដ្រែ​ន សែ​លវា​ដាស់ (Dr. Chandren Selvadass) នាយក​ប្រតិបត្តិ ANIBT ប្រចាំ​ម៉ា​ឡេ​ស៊ី ក៏​បាន​ផ្តល់​នូវ​ទស្សនទាន​អំពី​ការ​រៀបចំ​អ្នក​បន្តវេន​អាជីវកម្ម ដោយ​បញ្ជាក់​ថា សម្រាប់​គ្រួសារ​ម្ចាស់​អាជីវកម្ម ការ​អប់រំ​មិនមែន​គ្រាន់តែ​ជា​ការ​ទទួល​បាន​សញ្ញាបត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​ការ​រៀបចំ​មនុស្ស​ជំនាន់​ក្រោយ​ឱ្យ​ចេះ​ទទួលខុសត្រូវ ហ៊ាន​សម្រេចចិត្ត ចេះ​គ្រប់គ្រង​ភាព​ស្មុគស្មាញ​នៃ​ពិភពលោក និង​អាច​រក្សា​មរតក​គ្រួសារ​ដោយ​បញ្ញា និង​ទំនុកចិត្ត​ ។ បណ្ឌិត បាន​សង្កត់ធ្ងន់​ទៀត​ថា អ្នក​បន្តវេន​មិនមែន​កើតឡើង​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈរ​ង្ស​ត្រកូល​នោះ​ទេ គឺ​ត្រូវ​តែ​អភិវឌ្ឍ
តាម​រយៈ​ការ​ស្វែង​យល់​ពី​ពិភពលោក ការ​អប់រំ ភាព​ចាស់ទុំ ការ​ចេះ​វិនិច្ឆ័យ ជំនាញ​ទំនាក់ទំនង និង​ទស្សនៈវិស័យអន្តរជាតិ​ ។ បណ្ឌិត បាន​បន្ថែម​ថា ការ​បញ្ជូន​កូន​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ​ដោយ​គ្មាន​ការ​ត្រៀមលក្ខណៈ គឺជា​កំហុស​មួយ​ដែល​អាច​ខាតបង់​ច្រើន ដូច្នេះ​ការ​រៀបចំ​តាម​មាគ៌ា​ដែល​បាន​គិតគូរ​ល្អិតល្អន់ គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​អនាគត​កូន​ៗ និង​ស្ថាប័ន​គ្រួសារ ។

អង្គ​សិក្ខាសាលា​ទាំងមូល​បាន​ជជែក​ពិភាក្សា​លម្អិត​អំពី​ការ​ត្រៀមលក្ខណៈ និង​មូលដ្ឋាន​គ្រឹះ​នានា​ដែល​ចាំបាច់​សម្រាប់​បណ្តុះបណ្តាល​ និង​បញ្ជូន​បុត្រ​ធីតា​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ​ជា​ពិសេស​ប្រទេស​អូស្ត្រាលី ​។ ក្នុង​នោះ ក៏​មានការ​ធ្វើ​បទ​បង្ហាញ​ដោយ តំណាង​ក្រុមហ៊ុន​អ៊ី​ស្គូ​ល​ខេ​ម​បូ​ឌា​ផង​ដែរ ស្តី​ពី​កម្មវិធី​សិក្សា​មូលដ្ឋាន​គ្រឹះ​រយៈពេល​៦​ខែ និង​បទ​ពិសោធន៍​ជោគជ័យ​ នៅ​តាម​បណ្តា​ប្រទេស​នានា ​។

សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង ឯកឧត្តម​ឧកញ៉ា ងួ​ន ម៉េ​ង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា តាម​រយៈ​ទូរស័ព្ទ​លេខ ០១២-៧៧៨៨៧៩ ឬ តាម​រយៈ​អ៊ី​ម៉ែ​ល mengtechnguon@ccc.org.kh ៕ អត្ថបទសហការ