រាជធានីភ្នំពេញ ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចុះទៅកាន់សាលាបឋមសិក្សាព្រៃស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយផ្ទាល់ ដើម្បីពិនិត្យការដ្ឋានសាងសង់អគារសិក្សាថ្មី ព្រមទាំងបានសួរសុខទុក្ខលោកគ្រូ-អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ។ ការចុះពិនិត្យយ៉ាងលម្អិតដល់ទីតាំងផ្ទាល់នេះ ឆ្លុះបញ្ចាំងពីភាពច្បាស់លាស់របស់ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ក្នុងការធានាថាអគារសិក្សាត្រូវបានសាងសង់ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស មានភាពរឹងមាំ និងសុវត្ថិភាពបំផុតសម្រាប់កុមារ ។

ការយកចិត្តទុកដាក់លើគុណភាពសំណង់រឹងមាំនេះ បង្ហាញពី គោលការណ៍របស់ក្រុមហ៊ុន ដែលតែងតែគិតគូរពី គុណភាពជាចម្បង មិនខុសពីដំណើរការក្នុងការផលិតភេសជ្ជៈនីមួយៗរបស់ក្រុមហ៊ុន ដែលស្របតាមស្តង់ដារអន្តរជាតិ មានរោងចក្រលំដាប់ពិភពលោក ។ ក្រុមហ៊ុនក៏បាននាំយកការយកចិត្តទុកដាក់ដូចគ្នានេះ មកអនុវត្តក្នុងការសាងសង់អគារសិក្សាជូនប្អូនៗសិស្សានុសិស្សក្នុងគោលបំណងលើកកម្ពស់វិស័យអប់រំ និងបង្កើតបរិយាកាសសិក្សាប្រកបដោយផាសុកភាព ។

គម្រោងឧបត្ថម្ភនៅសាលាបឋមសិក្សាព្រៃសនេះ រួមមានការសាងសង់អគារសិក្សាថ្មីកម្ពស់ ៣ ជាន់ ចំនួន ១ ខ្នង ព្រមទាំងខ្លោងទ្វារនិងរបងសាលា ដោយចំណាយថវិកាសរុបជាង ៥០ ម៉ឺនដុល្លារអាមេរិក ។ ក្រៅពីទីតាំងនេះ ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនមេ ជីប ម៉ុង ក៏បានឧបត្ថម្ភ សាងសង់អគារសិក្សាថ្មីចំនួន ៥ ទីតាំង ផ្សេងទៀត ដែល ស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនបានចំណាយថវិកាជាង ១ លានដុល្លារ ដើម្បីសាងសង់អគារសិក្សាទាំងអស់នេះ ។

ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ ផ្តល់ត្រឡប់ទៅសង្គមវិញតាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ និងការគាំទ្រលើវិស័យសំខាន់ៗជាច្រើន ជាពិសេសវិស័យអប់រំ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងអនាគតប្រទេសជាតិ ៕ អត្ថបទសហការ
ខ្មែរ ស្រលាញ់ ខ្មែរ ! ខ្មែរ ប៊ែវើរីជីស

ចែករំលែកព័តមាននេះ