បើកវគ្គបណ្តុះបណ្តាល «ជំនាញប៉ាក់ឌិន និងស្លៀកពាក់បែបបុរាណ» ដើម្បីអភិរក្សសិល្បៈបុរាណខ្មែរ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ នាយកដ្ឋានសិល្បៈទស្សនីយភាព បានបើកវគ្គបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពជំនាញរយៈពេលខ្លីស្តីពី«ជំនាញប៉ាក់ឌិន និងស្លៀកពាក់» ជូនដល់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ ពិសេសសិល្បករតាមសហគមន៍ ។
បើតាមនាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ វគ្គបណ្ដុះបណ្ដាលដែលបើកកាលពីពេល ថ្មីៗកន្លងមកនេះមានសិក្សាកាមជាច្រើននាក់ ។
គោលបំណងចម្បងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីអភិរក្សសិល្បៈនៃការស្លៀកពាក់បែបបុរាណ និងការប៉ាក់ឌិនខ្មែរមិនឱ្យបាត់បង់។ លើសអំពីនេះ គឺបង្កើតឱកាសជូនដល់អ្នកគ្រូដែលជាសិល្បករជំនាន់មុនបានបន្តចំណេះជំនាញដែលមានទៅដល់សិល្បករជំនាន់ក្រោយ និងបង្កើនធនធានមនុស្សលើ «ជំនាញប៉ាក់ឌិន និងស្លៀកពាក់» តាមរយៈការបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី នៅនាយកដ្ឋានសិល្បៈទស្សនីយភាព ។
ជំនាញនេះចែកចេញជាពីរផ្នែក ធំៗរួមមាន៖ផ្នែកប៉ាក់ឌិន៖ រៀនពីបច្ចេកទេសប៉ាក់លម្អលើស្បៃ អាវ ឬសម្លៀកបំពាក់បុរាណ ដោយប្រើខ្សែលួស មាស ប្រាក់ ឬអង្កាំ ។
ផ្នែកស្លៀកពាក់៖ រៀនពីរបៀបចងក្បិន ស្លៀកសំពត់ គ្រងស្បៃ និងរៀបចំគ្រឿងអលង្ការឱ្យបានត្រឹមត្រូវតាមទម្រង់រូបរាងតួអង្គក្នុងរបាំ ឬល្ខោនបុរាណ ៕












ចែករំលែកព័តមាននេះ