ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាមិត្ត​ចិន​ផ្តល់​ឡ​ជីវឧស្ម័ន​២០០​ឡ​ដល់​កសិករ​ខេត្តព្រៃវែង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ តាម​រយៈ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​សុខភាព​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង កំពុង​បន្ត​អនុវត្ត​កម្មវិធី​ផ្តល់​ឡ​ជីវឧស្ម័ន​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ចំនួន​២០០​គ្រឿង​ថ្មី​ទៀត ខណៈ​ខេត្ត​នេះ​ធ្លាប់​ទទួល​បាន​ចំនួន​ជាង​២៥០០​ឡ​រួច​មក​ហើយ…

ខេត្តព្រៃវែង ៖ តាម​រយៈ​អគ្គនាយកដ្ឋាន​ផលិតកម្ម និង​សុខភាព​សត្វ នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង កំពុង​បន្ត​អនុវត្ត​កម្មវិធី​ផ្តល់​ឡ​ជីវឧស្ម័ន​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន ចំនួន​២០០​គ្រឿង​ថ្មី​ទៀត ខណៈ​ខេត្ត​នេះ​ធ្លាប់​ទទួល​បាន​ចំនួន​ជាង​២៥០០​ឡ​រួច​មក​ហើយ ។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្មវិធី​ផ្តល់​ឡ​ជីវឧស្ម័ន​ថ្នាក់​ជាតិ​នេះ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០០៦​មក​ម្ល៉េះ ក្នុង​នោះ​ខេត្តព្រៃវែង​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​២០០៨ ដោយ​ដំណើរការ​អនុវត្ត​ផ្តល់​ជូន​កសិករ តាម រយៈ​អង្គការក្រៅរដ្ឋាភិបាល​ដែល​ដេញថ្លៃ​បន្ត​ពី​ថ្នាក់​ជាតិ ហើយ​គិត​មក​ដល់​ឆ្នាំ​២០១៩​នេះ​ខេត្ត​ទទួល​បាន​ចំនួន ២៥២១​ឡ​ដែល​ជា​ប្រភេទ​ឡ​បេតុង ។

ដោយឡែក​ការ​អនុវត្ត​ផ្តល់​ឡ​ជីវឧស្ម័ន​ដោយ​មន្ទីរ​កសិកម្ម​ខេត្ត ទើបនឹង​ទទួល​បាន​នៅ​ក្នុង​ចុងឆ្នាំ​២០១៩​នេះ​ទេ គឺ​ក្រោយ​ពី​រាជរដ្ឋាភិបាល បាន​ទទួល​ជំនួយ​ឡ​ស្មាច់​ពី​ប្រទេស​ចិន ដោយ​ឡ​ទាំងអស់​មាន​ចំនួន ២០០​គ្រឿង ហើយ​បច្ចុប្បន្ន​បាន​ដំណើរការ​អនុវត្ត​សាកល្បង​និង​ទទួល​បាន​ជោគជ័យ​ចំនួន​៥​រួច​ហើយ ដោយ​ដាក់​នៅ​ក្នុងស្រុក​ពាម​រក៍​៣ និង​ស្រុក​បាភ្នំ​២ ។

លោក ជួន ផា​រី ជា​កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​៥​នាក់ ដែល​ទទួល​បាន​ឡ​ជីវ​ឩ​ស្ម័ន​ក្នុង​គម្រោង​សាកល្បង​នេះ បានអោយ​ដឹង​ថា ការ​ប្រើប្រាស់​ឡ​ជីវឧស្ម័ន អាច​ជួយ​គ្រួសារ​គាត់​ចំណេញ​ច្រើន ទាំង​ថវិកា និង​ពេល​វា​លា ហើយ​ក៏​ធ្វើ​អោយ​បរិស្ថាន​ជុំវិញ​ផ្ទះ​របស់​គាត់​ស្អាត​ផង​ដែរ ជា​ពិសេស​គាត់​អាច​យក​កាក​សំណល់​លាមក​សត្វ​ពី​ឡ​នេះ​ដែល​ជា​ជីធម្មជាតិ សម្រាប់​ដាក់​ដំណាំ​និង​ស្រែ​ស្រូវ​របស់​គាត់​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត ដែល​ជា​អ្នក​អនុត្ត​កម្មវិធី​នេះ​ផ្ទាល់ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ឡ​ជីវឧស្ម័ន​ជំនួយ​ពី​ប្រទេស​ចិន​ថ្មី​នេះ ជា​ប្រភេទ​​ឡ​បែប​ទំនើប និង​ស្រួល​ដំឡើង​ជាង​មុន តែ​ត្រូវ​ប្រើ​លាមក​សត្វ​ដំបូង ច្រើន​ដូច​គ្នា ព្រោះ​វា​មាន​​ទំហំ​ធំ​ចំណុះ​រហូត​ដល់​៨​ម៉ែត្រគូប ស្មើនឹង​ប្រមាណ​ជា​២​តោន ប៉ុន្តែ​បន្ទាន់​មកត្រូវ​ប្រើ​ប្រមាណ​​តែ​១​ធុង​ស្ពេ​ត្រូ​ប៉ុណ្ណោះ ក្នុង​១​ថ្ងៃ​។

ចំពោះ​លក្ខខណ្ឌ ដែល​កសិក​ត្រូវ​ទទួល​បាន​ឡ​ជីវឧស្ម័ន​នេះ មិន​ទាន់​មាន​ផែនការ​ច្បាស់​នៅឡើយ​ទេ ដោយសារ​តែ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង ប៉ុន្តែ​ជា​គោល​ការណ៍​​កន្លង​មក គឹ​ចង់​ផ្តល់​អោយ​ប្រជា​កសិករ​ដោយ​ឥត​គិតថ្លៃ តែ​នៅ​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​​ខ្លះ​ៗ​ទៀត គឺ​ប្រាក់​ថ្លៃ​ជួល​ជាង​ជីកដី លើ​ដាក់ និង​ថ្លៃ​ដឹក​ជញ្ជូន​។ ចំណែក​លក្ខខណ្ឌ​មួយទៀត​​សម្រាប់​កសិករ គឺ​ត្រូវ​តែ​មាន​ចិញ្ចឹមសត្វ​ច្រើន បើ​គោក្របី​គឺ​ចាប់ពី​១០​ក្បាល​ឡើង​ទៅ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ