ភ្ញៀវទេសចរជាតិនិងអន្តរជាតិបានវិលទៅកម្សាន្តនៅក្រុងមាត់សមុទ្រ
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នៅល្ងាចថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនកុះករបានមកចូលរួមលេងកម្សាន្តក្នុងខេត្តក៏ដូចជាតាមបណ្តាឆ្នេរនានា ដោយពួកគាត់បានសម្តែងការសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំសកល ឆ្នាំថ្មី២០២០ ។

យោងតាមប្រភពពីមន្ត្រីសាលាខេត្តព្រះសីហនុប្រាប់ថា ក្នុងពិធីបុណ្យចូលឆ្នាំសកលនេះរដ្ឋបាលខេត្តព្រះសីហនុ ពុំមានការរៀបចំតុបតែងឬលម្អអ្វីទេ ដោយសារខេត្តកំពុងមមាញឹកក្នុងការស្ថាបនាផ្លូវទាំង៣៤ខ្សែក្នុងគម្រោង ។ ចំពោះវត្តមានអ្នកទៅកម្សាន្តឆ្នេរសមុទ្រមានចំនួនច្រើនគួរឱ្យភ្ញាក់ផ្អើល ដែលបានបង្ហាញថាអ្នកទេសចរបានវិលត្រឡប់មកលេងខេត្តមាត់សមុទ្រមួយនេះវិញហើយ ខណៈចំនួនជនជាតិចិនបានថយចុះ បន្ទាប់ពីមានការបិទល្បែងអនឡាញ ។ ការថយចុះនៃជនជាតិចិនបានធ្វើឱ្យតម្លៃផ្ទះសំណាក់ក៏បានធ្លាក់ចុះផងដែរ ។

ដោយឡែក លោក តាំង សុចិត្តគ្រឹះស្នាប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ថាស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីឆ្លងឆ្នាំថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩ មានដូចខាងក្រោម៖
ភ្ញៀវសរុបចំនួន៣៥,០២៧នាក់ ថយចុះ ២៧.៦៣% ភ្ញៀវជាតិ ២៩.៤៤៥៧នាក់ ថយចុះ២៨.១៥% និងភ្ញៀវអន្តរជាតិ ៥.៥៧០នាក់ថយចុះ២៤.៧៩% ។

-ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុ ១៨ជើង មានភ្ញៀវ១.៨០០នាក់ ក្នុងនោះភ្ញៀវជាតិ៥០នាក់ស្មើនឹង ២.៧៧% និងភ្ញៀវអន្តរជាតិ១.៧៥០នាក់ស្មើនឹង៩៧.២៧% ។ ភ្ញៀវទេសចរទៅកម្សាន្តតាមកោះនានាសរុប២.៦៩១នាក់ ភ្ញៀវជាតិ១.៧៥០នាក់ស្មើនឹង៦៥.០៣% និងអន្តរជាតិ៩៤១នាក់ ស្មើនឹង៣៤.៩៧% ។

-ភ្ញៀវទៅកម្សាន្តតាមរមណីយដ្ឋាននានាសរុបរួម ២.២២៦នាក់ ជាតិ២.១៩៧នាក់ ស្មើនឹង៩៨.៦៩% អន្តរជាតិ២៩នាក់ ស្មើនឹង១.៣១% ។ ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនានាក្នុងខេត្ត សរុបរួម១៣.២៦៥នាក់ ជាតិ១២.៨១៥នាក់ ស្មើនឹង៩៦.៦០ និងអន្តរជាតិ៤៥០នាក់ ស្មើនឹង៣.៤០% ។ មន្ត្រីជំនាញបានណែនាំដល់អាជីវករលក់ដូរ ឬម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ទាំងឡាយសូមមេត្តា កុំឡើងថ្លៃ និងបញ្ជាឱ្យសមត្ថកិច្ចធានាឱ្យបានពីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ ៕












ចែករំលែកព័តមាននេះ