​រាជធានី​ភ្នំពេញ​មានភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កើនឡើងសម្រាប់​រយៈពេល​៩​ខែ​ឆ្នាំ​២០១៩


​រាជធានី​ភ្នំពេញ​៖ រាជធានី​ភ្នំពេញ​នៅ​តែ​ទទួល​បាន​នូវ​ការ​ពេញ​និយម​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ចូល​មក​ទស្សនា ។ ជាក់ស្តែង​ត្រឹម​រយៈពេល ៩ ខែ​ឆ្នាំ​២០១៩​នេះ រាជធានី​ភ្នំពេញ​ដ៏​ស្រស់​ឆើតឆាយ​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប ៤.៨១៤.៣០៦​នាក់ កើនឡើង​ប្រមាណ​១០% ដែល​ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប ៣.១៥១.៧៩៣​នាក់ ក្នុង​កំណើន​២៧,៤% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៨ កន្លង​ទៅ ។ ទន្ទឹម​នោះ​ភ្ញៀវ​ដែល​ចូល​មក​តាម​ច្រក​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​សរុប ១.៥៦៧.៩២៧​នាក់ កើនឡើង​១២.៧% ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ថានភាព​ទេសចរណ៍​របស់​មន្ទីរ​ទេសចរ ណ៍​រាជធានី​ភ្នំពេញ ។

លោក​ម៉​ម វាសនា ប្រធាន​មន្ទី​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រាជធានី ភ្នំពេញ​ដែល​ជា​មជ្ឈមណ្ឌល​វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ​នៅ​តែ​ជា​តំបន់​គោលដៅ​ដែល​ពោរពេញ​ដោយ​សក្តានុពល ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទាំង​ជាតិ​និង​អន្តរជាតិ​។ តំបន់​រាជធានី​ភ្នំពេញ​ក៏​បាន​បង្ក ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ដែល​អាច​ស្វែងរក​នូវទស្សនីយភាព​និង​ការ​កម្សាន្ត​ដ៏ សំបូរ​បែប​ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ។

ត្រង់​ចំណុច​នេះ​លោក​អ្នក​ប្រាកដជា​ចង់​ដឹង​ហើយ​ថា តើ​តំបន់​រមណីយដ្ឋាន​ណាខ្លះ នៅ​ក្រុងភ្នំពេញ​ដែល​បាន​ទាញ​ស្រូប​ដួងចិត្ត​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​ដើរ​លេង​កំសាន្ត​នោះ ? ប្រាកដ​ណាស់ បើ​តាម​លោក​ម៉​ម វាសនា​បាន​ឲ្យ​ដឹង​ថា ចំពោះ​រមណីយដ្ឋានទេសចរណ៍​ដែល​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​រួម​មាន​៖ ព្រះ​បរមរាជវាំង​, សារៈមន្ទីរ​ជាតិ​, រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្ត​ភ្នំ​, ផ្សារ​ធំ​ថ្មី​, ផ្សារ​ទួល​ទំពូង​, ផ្សារ​អូរ​ឫស្សី​, វត្ត​ឧណ្ណាលោម​, វត្ត​បុ​ទុម​វ​ត្តី​, សារមន្ទីរ​ប្រល័យ ពូជសាសន៍​ទួល​ស្លែង​, ម​ជ្ឈមណ្ឌល​ប្រល័យពូជសាសន៍​ជើងឯក​, ទូក​ទេសចរណ៍​មាត់ទន្លេ​, ផ្សារ​រាត្រី​, អគារ​ជំនាន់​អាណានិគម​និយម​បារាំង​, រមណីយដ្ឋាន​កោះដាច់​, សួនសត្វ​ភ្នំពេញ​សា​ហ្វា​រី​, រមណីយដ្ឋាន​ភ្នំ​រាបជាដើម ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា នៅ​ជុំវិញ​រាជធានី​ភ្នំពេញចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ក៏​សំបូរ​ទៅ​ដោយ រមណីយដ្ឋាន​ដ៏​ទាក់ទាញ​ជា​ច្រើន​សម្រាប់ភ្ញៀវ​ទេសចរ​ផង​ដែរ​ក្នុង​នោះ​រួម​មាន រមណីយ ដ្ឋា​ន​ភ្នំ​ឧត្តុង្គ​, សួនសត្វ​ភ្នំ​តា​ម៉ៅ​, រមណីយដ្ឋានទន្លេបាទី​, រមណីយដ្ឋាន​ភ្នំ​ជី​សូរ​, រមណីយដ្ឋាន វត្ត​កៀនស្វាយក្រៅ រួម​ទាំង​រមណីយដ្ឋាន​មួយចំនួន​ទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនូ​ន​ដែល​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់ អាជ្ញាធរ​ពាក់ព័ន្ធ​និង​ប្រជាពលរដ្ឋ​ផ្ទាល់​នោះ គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍​តែ​ម្តង​។ លោក​ប្រធាន បាន​បន្ត​ថា​ការ​កកស្ទះ​ចរាចរ​នៅ​តែ​ជា​បញ្ហា​ប្រឈម ហើយ​ត្រូវ​រួម​គ្នា​ដោះស្រាយ​ជា​បន្ទាន់ ខណៈ​បញ្ហា​នេះ​វា​ផ្តើម​ចេញពី​កត្តារួម​ទាំងមូល​ហេតុ​ជា​ច្រើន​ដូច​ជា ដោយសារ​កំណើន សេដ្ឋកិច្ច​និង​ឱកាស​ការងារ​បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​នៅ​តែ​ជា​គោលដៅ​ចម្បង​របស់​ប្រជាពលរដ្ឋមក​ពី​គ្រប់​ទិស​ទី​មក​ស្វែងរក​ឱកាស​ការងារ​, អាជីវកម្ម​, អបរំ និង​សុខាភិបាល​ជាដើម ។​ល​។ បាន​ធ្វើ​អោយ​កំណើនប្រជាជន​រស់នៅ​និង​ធ្វើ​ដំណើរ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​ក្នុង​រាជធានី ភ្នំពេញ​មានការ​កើនឡើង ធ្វើ​អោយ​ស្ថានភាព​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​មាន​ភាព​មមាញឹក និង​កកស្ទះ​នៅ​តាម​តំបន់​ទីប្រជុំជន​នានា ជា​ពិសេស​តាម​តំបន់​ទេសចរណ៍ ក្នុង​ពេល​មាន​ពិធី បុណ្យ​ធំ​ៗ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ និង​កម្សាន្ត​របស់​ភ្ញៀវ​ទេសចរណ៍ ។

លោក​ម៉​ម​វាសនា​បន្ត​ថា​អាស្រ័យ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាលកម្ពុជា​តាម​រយៈ​សាលា​រាជធានី​ភ្នំពេញ បាន​កសាង​នូវ​ស្ពាន​អាកាស​, ផ្លូវ​គមនាគមន៍​នានា ក៏​ដូច​ជា​ផ្លូវ​រថភ្លើង​ទៅ​ព្រ​លាន យន្តហោះ និង​កាណូត​ដឹក​អ្នកដំណើរ ។​ល​។ យើង​ឃើញ​ថា បញ្ហា​កកស្ទះ​ចរាចរ​មួយ​ចំនួន​ធំ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​តែ​បញ្ហា​ដែល​នៅ​សេសសល់​គឺ «​ការ​ចត​យានយន្ត​នៅ​លើ​ទ្រូងផ្លូវ​, ការ​ប្រកប​អាជីវកម្ម​នៅ​លើ​ចំណែក​ផ្លូវ​ថ្មើជើង​, ខ្វះខាត​ចំណត​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍​ដែល​នៅ​តែ​បាន​បង្ក​នូវ​ការ​កកស្ទះ និង​បាត់បង់​សណ្ដាប់ធ្នាប់ ក្នុង​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ធ្វើ​ដំណើរកម្សាន្ត​ច្រើន​»​។

លោក​បាន​បន្ថែម​ថា​រាជធានី​ភ្នំពេញ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ផង ដែរ សំខាន់​បញ្ហា​បរិស្ថាន អនាម័យ​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ និង​ភ្នាក់ងារ​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ ត្រូវ​រួម​គ្នា​សម្អាត និង​ថែរក្សា​អនាម័យ​បរិស្ថាន​ដើម្បី​រក្សា​កំណើន​ភ្ញៀវ ទេសចរ និង​ភាព​សុខដុមរមនា​នៃ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​គ្នា ។ បញ្ហា​សន្តិសុខ​និង​សុវត្ថិ ភាព​ភ្ញៀវ​ទេសចរណ៍​ក៏​ជា​បញ្ហា​ប្រឈម​ផង​ដែរ ដែល​ទាមទារ​អោយ​មានការ​ចាត់វិធានការ នានា​ជា​បន្ទាន់​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព ជូន​ភ្ញៀវ​ទេសចរ ក្នុង​នោះ​តំបន់​ដែល​តែង​កើត មាននូវ​បទល្មើស​ជាក់ស្ដែង​ទៅ​លើ​ភ្ញៀវ​ទេសចរ​មាន​ដូច​ជា ខណ្ឌដូនពេញ ចំការមន និង ៧​មក​រា ។

សូម​ជម្រាប​ថា រាជធានី​ភ្នំពេញ ជា​មជ្ឈមណ្ឌល​វប្បធម៌ សង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត និង​ទេសចរណ៍ មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្ដាល​ឈៀង​ខាងត្បូង នៃ​ព្រះ រាជាណាចក្រ​កម្ពុជា គ្រប់​ដណ្ដប់​លើ​ផ្ទៃដី ៦៩២.៦៤ គីឡូ​- ម៉ែត្រក្រឡា ចែក​ចេញ​ជា ១៤ ខណ្ឌ និង ១០៥ សង្កាត់ និង​៩៥៣ ភូមិ មាន​ប្រជាជន​សរុប ៣​លាន​នាក់​, ដង់ស៊ីតេ ២,២១៦ នាក់​/​គម​២ ។ តាម​គោលនយោបាយ​ទេសចរណ៍​ជាតិ​ចេញ​ដោយ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​កំណត់​ថា​រាជធានី​ភ្នំពេញ និង​តំបន់​ជុំវិញ (​កណ្ដាល​, កំពង់ស្ពឺ​, កំពង់ចាម​, តាកែវ​, ព្រៃវែង​, ស្វាយ​រៀង​, ត្បូងឃ្មុំ​, កំពង់ឆ្នាំង​) គឺ​តំបន់​ជា​ប៉ូ​ល​ទេសចរណ៍​មួយ​ក្នុង​ចំណោម តំបន់​ប៉ូ​ល​ទេសចរណ៍​ទាំង ៤ រួម​មាន សៀមរាប ក្រុងព្រះសីហនុ និង​តំបន់​ភាគ​ឥ្ត្យ​សាន ៕ កែសម្រួលដោយ ៖សុឃាក់


ទេសចរណ៍

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ