ខេត្តបន្ទាយមានជ័យ ៖ លោកស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យមានជ័យ បានអញ្ជើញចូលរួមជាកត្តិយស ក្នុងពិធីប្រគល់លិខិតសរសើរ ជូននិស្សិតពូកែសម្រាប់ឆ្នាំ២០១៨-២០១៩ និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិស្សិតសាកលវិទ្យាល័យមានជ័យ ដើម្បីត្រៀមអបអរសាទរឆ្នាំសកលឆ្នាំថ្មី២០២០ និងមានអញ្ជេីញចូលរួមពីសំណាក់លោកជំទាវ រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោក អ៊ុំ រាត្រី អភិបាលខេត្ត សកលវិទ្យាធិការ សាស្ត្រាចារ្យ និស្សិតបានចូលរួម កាលពីយប់ថ្ងៃទី២៧ ធ្នូ នៅបរិវេណសាកលវិទ្យាល័យ មានជ័យ ស្ថិតនៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

នៅក្នុងពិធីប្រគល់លិខិតសរសើរជូននិស្សិតពូកែ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ ក៏មានប្រសាសន៍កោតសរសើរពីភាពរីកចម្រើនរបស់សាកលវិទ្យាល័យ មានជ័យ ដែលជាសាកលវិទ្យាល័យរបស់រដ្ឋតែមួយគត់នៅក្នុងខេត្តបន្ទាយមានជ័យ ដោយពីមួយឆ្នាំទៅមួយមាននិស្សិតបានចូលរៀនយ៉ាងច្រើន ព្រមជាមួយនឹងសាស្ត្រចារ្យ ដែលមានបទពិសោធន៍ខ្ពស់ក្នុងការបង្ហាត់បង្រៀន ។

ជាមួយគ្នានោះ លោកក៏បានរំលឹកពីអតីតកាល និងពេលបច្ចុប្បន្ននេះ មានភាពខុសគ្នាឆ្ងាយ ដោយពីសម័យមុនគ្មានសាលារៀនសូត្របានស្រួល រៀនតាមទីវត្តអារាម ។ តែបច្ចុប្បន្ន ដោយសារកត្តាសុខសន្តិភាព សម័យកាលមានភាពវិវត្តន៍ទៅមុខ រីកចម្រើនឥតឈប់ឈរ ក្រោមម្លប់នៃសន្តិនេះហើយបានធ្វេីឲ្យវិស័យអប់រំមានភាពរីកចម្រើនខ្លាំងគួឲ្យកត់សំគាល់ សាលារៀនមានគ្រប់ទិសទី ដែលអាចឲ្យក្មួយសិក្សាបានស្រួល និងបន្តទៅថ្នាក់មហាវីទ្យាល័យ ដោយមិនចាំបាច់ទៅបន្តការសិក្សានៅរាជធានីភ្នំពេញឡើយ ដោយក្នុងយើងមានសាកលវិទ្យាល័យ ដែលយើងអាចជ្រើរើសយកជំនាញសិក្សាបានយ៉ាងងាយស្រួល។
ចែករំលែកព័តមាននេះ