រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ចំពោះបញ្ហាពាក់ព័ន្ធនឹងកងកម្លាំងយើងចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីព្រឹកព្រលឹម វេលាម៉ោង ៧:៥០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកនោះ យោធាថៃ បញ្ជាក់ថា ពួកគាត់មានសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងការចរចា ដើម្បីជំរុញឱ្យភាគីថៃ ប្រគល់កងកម្លាំងរបស់យើងមកវិញ ឱ្យបានឆាប់រហ័សបំផុត និងមានសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
អ្នកនាំពាក្យក្រសួងការពារជាតិ បន្តថា កម្ពុជាក៏បានស្នើទៅកាន់ប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន សូមជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់មកឱ្យយើងវិញ នូវកងកម្លាំងរបស់យើងទាំង ១៨នាក់។ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ ៕
ចែករំលែកព័តមាននេះ