ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាការធ្វើអាជីវកម្មកាស៊ីណូ អនឡាញ ក្នុងខេត្តព្រះសីហនុ ដោយមិនត្រូវឱ្យមានបើកលេងបន្តទៀតនោះទេ ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ដោយអនុវត្តតាមសារាចរណែរនាំ របស់រាជរដ្ឋាភិបាលកម្ពុជាលេខ២០៧ ស.រ.ណ.ន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ មិនអនុញ្ញាតឱ្យមានល្បែងអនឡាញនៅព្រះរាជាណាចក្រកម្ពុជា គិតត្រឹមម៉ោង០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធត្រូវត្រៀមសហការដើម្បីត្រួតពិនិត្យតាមដាននូវរាល់កាស៊ីណូទាំងឡាយណា នៅតែបន្តបើកឱ្យលេងល្បែងអនឡាញ ។
ដូច្នេះយើងត្រូវធ្វើការជូនដំណឹងដល់កាស៊ីណូក្នុងក្រុង-ស្រុកទាំងអស់ដែលមានបើកឱ្យលេងល្បែងអនឡាញនាពេលកន្លងមកមិនអនុញ្ញាតិឱ្យបើកលេងបន្តទៀតទេ ។ ប្រសិនបើកាស៊ីណូឬកន្លែងណានៅតែបើកឱ្យដំណើរការលេងល្បែងអនឡាញបន្តទៀត និងទទួលខុសត្រូវទៅតាមផ្លូវច្បាប់ ។
ទន្ទឹមនោះលោកអភិបាលខេត្តព្រះសីហនុក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកមិនត្រូវទៅរំខានឬបំភ័យដល់ជនបរទេសគឺត្រូវយកចិត្តដល់អ្នកវិនិយោគបរទេស និងខ្មែរ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅ ក្នុងការមកវិនិយោគនៅខេត្តព្រះសីហនុ ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ