ខេត្តរតគិរី ៖ រថយន្តសាំយ៉ុងមួយគ្រឿង ដឹកគ្រោងទ្វារកែច្នៃពាក់កណ្ដាលសម្រេចចំនួន៦សន្លឹកចេញពីក្រុងបានលុងឆ្ពោះទៅកាន់ច្រកទ្វារអូរយ៉ាដាវ ត្រូវកងរាជអាវុធហត្ថខេត្តស្ទាក់ចាប់ប្រគល់ឱ្យមេព្រៃ ។ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបបាននៅវេលាម៉ោង១ និង៥៥នាទីរសៀល ចំណុចឡើងទួលអូរត្រាវ ស្ថិតនៅក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុងខេត្តរតនគិរី ។
កងរាជអាវុធហត្ថខេត្តឱ្យដឹងថា ក្នុងការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកងរាជអាវុធហត្ថក្រុងបានលុងនិងកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោកវរសេនីយ៍ត្រីមឿង មិត្ត អនុប្រធានមន្ទីរបច្ចេកទេសសន្តិសុខកងរាជអាវុធហត្ថខេត្ត ។ រថយន្តម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២A-១១៩៤ ដែលបានដឹកទ្វារចំនួន៦សន្លឹកជាប្រភេទឈើសុក្រំស្មើនឹង០,៤៤៨ម៉ែត្រគូប ។
ការបង្ក្រាបនោះ សមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់រថយន្តទេ ហើយរថយន្ត និងវត្ថុតាងត្រូវបានកងរាជអាវុធហត្ថខេត្តប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ