នៅក្នុងមង្គលសូត្រទី១៣ព្រះសម្មាសម្ពុទ្ធត្រាស់សម្តែងថា បុត្តទារស្ស សង្គហោ កិរិយាសង្គ្រោះបុត្រនិងភរិយាជាមង្គលដ៏ឧត្តម ។
មាតាបិតាដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះកូន គឺហាមឃាត់កូនកុំឱ្យប្រព្រឹត្តអំពើអាក្រក់១ ណែនាំកូនឱ្យធ្វើតែអំពើល្អ ទាំងការគិត ទាំងសកម្មភាព និងពាក្យសម្ដីសុទ្ធតែជាការប្រព្រឹត្តដោយល្អបរិសុទ្ធ ជាអំពើមានតែប្រយោជន៍ មិននាំផលក្តៅក្រហាយ១ ទំនុកបម្រុងកូនឱ្យបានរៀនសូត្រ ឱ្យមានចំណេះដឹង មានសមត្ថភាពអាចរស់នៅដោយថ្លៃថ្នូរ១ ទុកដាក់កូនឱ្យមានគូស្រករត្រឹមត្រូវ១ និងចែកទ្រព្យសម្បត្តិឱ្យកូនបានសមរម្យ១ ឈ្មោះថាជាមាតាបិតាសង្គ្រោះបុត្រយ៉ាងល្អ ។
ឯស្វាមីដែលបានបំពេញកាតព្វកិច្ច៥ប្រការចំពោះភរិយាគឺ និយាយពាក្យផ្អែមល្ហែមនឹងភរិយា១ មិនមើល ងាយភរិយា១ មិនក្បត់ភរិយា១ ផ្គត់ផ្គង់ភរិយា១ និងផ្តល់សិទ្ធិក្នុងផ្ទះឱ្យភរិយា១ ឈ្មោះថាស្វាមីសង្គ្រោះភរិយា ។ បុរសដែលបានធ្វើកិច្ចនេះដោយពេញលេញនិងទៀងទាត់ឈ្មោះថា ជាអ្នកបានកសាងគ្រឹះសុភមង្គលទាំងក្នុងគ្រួសារនិងសម្រាប់សង្គមជាតិយ៉ាងរឹងមាំ ។
ហេតុនេះទើបលោកពោលថា កិរិយាព្យាយាមប្រព្រឹត្តឱ្យបានល្អក្នុងការសង្គ្រោះបុត្រនិងភរិយា ជាមង្គលដ៏ឧត្តម ។ ដោយសាន សារិន
ចែករំលែកព័តមាននេះ