ខេត្តកំពត ៖ ស្រូវប្រាំងជាង៥០០ហិកតានៅក្នុងឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត ដែលកំពុងប្រឈមបញ្ហារងគ្រោះដោយសារកង្វះទឹក ត្រូវបានក្រុមការងារថ្នាក់ខេត្តកំពុងចុះជួយសង្គ្រោះបន្ទាន់ តាមរយៈរដ្ឋបាលខេត្តកំពត ក្នុងការជំរុញកិច្ចសហការជាមួយមន្ត្រីជំនាញនៃមន្ទីរធនធាន ទឹកនិងឧតុនិយមខេត្តនាំយកនូវម៉ាស៊ីនបូមទឺកជាបឋមចំនួន៤គ្រឿង ដើម្បីបញ្ចៀសនូវការខូចខាតដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាពលរដ្ឋ។
បន្ទាប់ពីទទួលបាននូវព័ត៌មានស្រូវប្រាំងរបស់ប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាការខូចខាត ដោយសារកង្វះទឹក មិនអាចប្រមូលផលបាន លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធនិងមន្ទីអង្គភាពជុំវិញខេត្តរួមនិងអាជ្ញាធរមូលដ្ឋានបានចុះពិនិត្យដល់វាលស្រែស្រូវប្រាំងជាក់ស្តែងរបស់ប្រជាកសិករ និងបានជួយអន្តរាគមន៍បូមទឹកដាក់ស្រែប្រាំងដើម្បីសង្គ្រោះស្រូវជូនបងប្អូនប្រជាពលរដ្ឋនៅភូមិអង្គុញ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសខេត្តកំពតដែលមានទំហំផ្ទៃដីប្រមាណជាង៥០០ហិកតា ។
មានប្រសាសន៍ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្ត បានលើកឡើងថា ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជារឿងចម្បងបំផុតសម្រាប់ថ្នាក់ដឹកនាំខេត្ត ហើយការដែលក្រុមការងារ និងថ្នាក់ដឹកនាំខេត្តចុះមកនៅថ្ងៃនេះក៏មិនមែនមកដើម្បីតែបូមទឹកជួយសង្គ្រោះស្រូវជូនប្រជាពលរដ្ឋមួយមុខនោះទេ គឺលោកចង់ជួយដោះស្រាយបញ្ហា និងទុក្ខកង្វល់ផ្សេងៗនៅក្នុងមូលដ្ឋានរបស់ពលរដ្ឋបន្ថែមទៀតផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)