ពេលចុងឆ្នាំជាពេលដែលល្អបំផុតសម្រាប់ម្ចាស់អាជីវកម្មក្នុងការនឹកពីភាពជោគជ័យផ្សេងៗដែលខ្លួនសម្រេចបានតាំងពីដើមឆ្នាំមក ។ មិនថាអ្នកសម្រេចបានតិចឬច្រើនទេ អាជីវករគួរតែទុកពេលវេលាក្នុងការអបអរភាពជោគជ័យំទាំងនោះរបស់ខ្លួន ។
បន្ទាប់ពីបានគិតពីភាពជោគជ័យដែលកើតមានកន្លងមកហើយ ពេលនេះក៏ជាពេលដ៏ល្អបំផុតក្នុងការរៀបចំផែនការសម្រាប់ឆ្នាំក្រោយដែរ ។ ដូច្នេះតើម្ចាស់អាជីវកម្មគួរមានអ្វីខ្លះដែលនឹងជួយឲ្យពួកគេកាន់តែជោគជ័យ និងរកចំណូលបានកាន់តែច្រើន?យោងទៅតាមអ្នកជំនាញមួយចំនួនបានឲ្យដឹងថា ម្ចាស់អាជីវកម្មគ្រប់រូបត្រូវការចំណុចសំខាន់ៗខាងក្រោមនេះ៖
១. ទុកពេលមួយថ្ងៃសម្រាប់ធ្វើការសុទ្ធ៖
បើអ្នកចង់បង្កើនប្រសិទ្ធិភាពការងារដោយមិនចាំបាច់បង្កើនម៉ោងធ្វើការនោះ អ្នកត្រូវតែទុកពេលប្រមាណ ៣ ទៅ ៤ ម៉ោងជារៀងរាល់សប្តាហ៍ដើម្បីធ្វើការងារដែលសំខាន់សម្រាប់អាជីវកម្មអ្នក ខណៈដែលបិទទូរស័ព្ទ និងអ៊ីមែលទាំងអស់ដែលអាចរំខានអ្នក ។
២. កុំប្រជុំដែលគ្មានប្រយោជន៍៖
ម្ចាស់អាជីវកម្មជាច្រើនចូលចិត្តបង្ខំឲ្យបុគ្គលិកខ្លួនចូលរួមការប្រជុំដែលមិនមានគោលដៅច្បាស់លាស់ព្រោះពួកគេចង់បង្ហាញពីការគ្រប់គ្រងរបស់ខ្លួនលើអាជីវកម្ម ។ ប៉ុន្តែការពិតជាក់ស្តែង កិច្ចប្រជុំទាំងនេះមានតែធ្វើឲ្យការងារ និងការផ្តោតស្មារតីរបស់បុគ្គលិកអ្នករអាក់រអួលប៉ុណ្ណោះ ។ បើអ្នកមានសេចក្តីជូនដំណឹងសំខាន់ៗ អ្នកអាចផ្ញើជាសារវិញជាការស្រេច ហើយអ្នកអាចនឹងចំណេញពេលវេលាខ្លួន និងបុគ្គលិកខ្លួនជាច្រើន ។
៣. រៀនចែករំលែកការងារ៖
ម្ចាស់អាជីវកម្មគ្រប់រូបត្រូវតែមើលលើការចំណាយពេលវេលារបស់ខ្លួនឡើងវិញ និងរកមើលកិច្ចការណាដែលអ្នកគួរតែចែករំលែកឲ្យអ្នកដទៃធ្វើ ។ វានឹងអនុញ្ញាតឲ្យអ្នកមានពេលវេលាច្រើនក្នុងការផ្តោតស្មារតីលើអ្វីដែលសំខាន់ៗទៅវិញ ។
៤. រៀនបដិសេធនឹងការងារ៖
បើអ្នកចង់កាន់តែជោគជ័យនៅឆ្នាំក្រោយ អ្នកត្រូវតែរៀនបដិសេធនឹងការងារដែលមិនមានតម្លៃ មិនជួយដល់អាជីវកម្មអ្នក និងការងារដែលគ្រាន់តែរំខានការផ្តោតស្មារតីលើគោលដៅរបស់អ្នកជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ