ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវរងា​ឈាន​ចូល​មក​ដល់ ពលរដ្ឋ​សម្រុក​​ទិញ​អាវ​ជជុះ​យ៉ាង​ពពាក់ពពូន​(​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​រដូវរងារ​ឈាន​ចូល​មក​ដល់ អ្វី​ដែល​គេ​សង្កេត​ឃើញ​នៅ​តាម​ផ្សារ គឺ​ប្រជាពលរដ្ឋ​តែងតែ​ជុំ​ៗ​គ្នា​នៅ​កន្លែង​លក់​ខោអាវ​ជជុះ និង​អាវ​រងា ដោយ​ម្នាក់​ៗ​ខ្លះ​ទិញ​២​ទៅ​៣​កំ​ប្លេ ហើយ​ខ្លះ​ទៀត​ទិញ​សម្រាប់​ខ្លួនឯង និង​ផ្ញើ​អ្នក​ផ្ទះ​ដូច​ជា​កូនចៅ…

ខេត្ត​ប៉ៃលិន ៖ ជា​រៀង​រាល់​ឆ្នាំ ឱ្យ​តែ​រដូវរងារ​ឈាន​ចូល​មក​ដល់ អ្វី​ដែល​គេ​សង្កេត​ឃើញ​នៅ​តាម​ផ្សារ គឺ​ប្រជាពលរដ្ឋ​តែងតែ​ជុំ​ៗ​គ្នា​នៅ​កន្លែង​លក់​ខោអាវ​ជជុះ និង​អាវ​រងា ដោយ​ម្នាក់​ៗ​ខ្លះ​ទិញ​២​ទៅ​៣​កំ​ប្លេ ហើយ​ខ្លះ​ទៀត​ទិញ​សម្រាប់​ខ្លួនឯង និង​ផ្ញើ​អ្នក​ផ្ទះ​ដូច​ជា​កូនចៅ និង​ប្តី ដើម្បី​ពាក់​បំបាត់​រងា​ផង​ដែរ ។

ជាក់ស្តែង​កាលពី​ម៉ោង​៩ និង​៥៣​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​ផ្សារ​ត្រី ក្នុង​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​នាំ​គ្នា​សម្រុកចូល​ទៅ​ទិញ​យ៉ាង​ពពាក់ពពូន ដែល​ធ្វើ​ឱ្យ​អ្នក​លក់ដូរ​មាន​ទឹកមុខ​ញញឹមញញែម ស្ទើរតែ​បិទ​មាត់​មិន​ជិត​នោះ​ឡើយ ហើយ​ក៏​តែងតែ​ជម្រុញ​ឱ្យ​អតិថិជន​ដែល​រើស​ខោអាវ​ក្នុង​ម្នាក់​ៗ​ទិញ​មិន​តិច​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ស្រី​ម៉ៅ អាយុ​ប្រហែល​៤៥​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ខេត្តបាត់ដំបង ជា​អាជីវករ​លក់​ខោអាវ​ជជុះ​ក្នុង​ផ្សារ​ខាងលើ បាន​រៀបរាប់​ថា ឱ្យ​តែ​ដល់​រដូវរងា​ម្តង​ៗ គាត់​តែងតែ​ដឹក​ខោអាវ​ជជុះ​ពី​ខេត្តបាត់ដំបង​ឆ្ពោះទៅ​ខេត្ត​ប៉ៃលិន ដើម្បី​ដាក់​លក់ដូរ​ឱ្យ​ប្រជាពលរដ្ឋ​មក​ពី​តាម​ជនបទ​ស្រែ​ចម្ការ​ទិញ​យក​ទៅ​ប្រើប្រាស់ ។

គាត់​បន្ត​ទៀត​ថា ការ​ប្រកប​របរ​លក់ដូរ​ខោអាវ​ជជុះ ដែល​លក់ដាច់​ច្រើន​ជាងគេ​បំផុត គឺ​មាន​តែ​រដូវរងា​នេះ​មួយ​គត់ ក្រៅពី​នេះ​គឺ​លក់ដាច់​មួយ​ៗ​ប៉ុណ្ណោះ ព្រោះ​ប្រជាពលរដ្ឋ​មិនសូវ​សម្រុក​ទិញ​ដូច​ខែធ្នូ​នេះ​ឡើយ ។ គាត់​បន្ថែម​ទៀត​ថា ការ​លក់ដូរ​សម្លៀក​បំពាក់​រងារ ក៏​ដូច​ជា​ខោអាវ​ជជុះ មិន​ថ្លៃ​ប៉ុន្មាន​នោះ​ទេ ជួនកាល​អាវ​១ លក់​ត្រឹមតែ​២០០០​ទៅ​៣០០០​រៀល បើ​ស្អាត​ជាង​នេះ ក៏​លក់​បាន​ថ្លៃ​រហូត​ដល់​៤០០០​ទៅ​៥០០០​រៀល​ដែរ ព្រោះ​គាត់​លើក​ពី​គេ​មក​គិត​ជា​កា​រ៉ុ​ង យក​មក​លក់​ជូន​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ពាក់​បំបាត់​រងា និង​អាច​ពាក់​ធ្វើ​ការងារ​ស្រែ​ចម្ការ​បាន​យ៉ាង​ស្រួល​ផង​ដែរ ។

ចំណែក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ អ៊ុ​ន អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន បានឱ្យ​ដឹង​ថា គាត់​បាន​ទៅ​ផ្សារ​ទិញ​ខោអាវ​ជជុះ​ជា​ច្រើន​សម្រាប់​យក​មក​អ៊ុត​ឱ្យ​ស្អាត អាច ប្រើប្រាស់​ដូច​សម្លៀក​បំពាក់​ក្នុង​ហាង​ដែរ ព្រោះ​សាច់​ក្រណាត់​ស្អាត​ៗ មើល​ស្ទើរតែ​មិនដឹង​ថា ជា​ខោ​អាច​ជជុះ​នោះ​ឡើយ ។

គាត់​ចូល​ចិត្ត​ទិញ​សម្លៀក​បំពាក់​បែប​នេះ ព្រោះ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​រើស​បាន​សម្លៀក​បំពាក់​ស្អាត​សមរម្យ អាច​ទទួលយក​បាន ហើយ​គាត់​ក៏​ទិញ​យក​ទៅ​ផ្ញើ​កូន​ៗ​នៅផ្ទះ​ជា​ច្រើន​ថែម​ទៀត ដោយ​គិត​ទៅ​ទិញ​ម្តង​ៗ​អស់​ត្រឹមតែ​២​ទៅ​៣​ម៉ឺន​រៀល បាន​សម្លៀក​បំពាក់​ជា​ច្រើន ។ ម្យ៉ាងវិញទៀត គាត់​ក៏​ទិញ​ខៀ​អាវ​ទាំងនេះ ទុក​សម្រាប់​យក​ទៅ​ចម្ការ​កាច់​ពោត និង​ដាំដំឡូង​មី មិន​ប្រើ​សម្លៀក​បំពាក់​ថ្មី​នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ