ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ចាប់ផ្ដើម​បណ្ដើរ​ៗ រដ្ឋបាល​ជលផល​ណែនាំ​ឲ្យ​ពលរដ្ឋ​មក​ធ្វើ​ប្រហុក​ផ្អក​ទុក​ទទួលទាន

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​រដូវ​បើក​នេសាទ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ត្រង់​ចំណុច​ស្ពាន​គី​ស្សុ​ណា ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ គេ​បាន​សង្កេត​ឃើញ​ថា ទូក​នេសាទ អូស​អួន…

ខេត្តកំពង់ចាម ៖ នៅ​ក្នុង​រដូវ​បើក​នេសាទ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ត្រង់​ចំណុច​ស្ពាន​គី​ស្សុ​ណា ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩​នេះ គេ​បាន​សង្កេត​ឃើញ​ថា ទូក​នេសាទ អូស​អួន អូ​សមាញ់ នឹង​ដាក់​មង​ជា​ច្រើន​គ្រឿង កំពុង​តែ​បណ្ដែត​ទៅ​លើ​ផ្ទៃ​ទឹក​ចាប់​ត្រី ដើម្បី​លក់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​។

លោក​អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត បាន​ឲ្យ​ដឹង​ថា ខ្យល់​កត្តិក បាន​បក់​ផាត់​មក​ពី​ទិស​ខាងជើង​ឱ្យ​នៅ​ថ្ងៃ​ទី​៩ ធ្នូ ត្រី​បាន​ចាប់ផ្ដើម​ត្រូវជា​បណ្ដើរ​ៗ​ហើយ ប៉ុន្តែ​បើ​តាម​ការ​ប្រមើល​មើល​ផល​ត្រី​នៅ​ឆ្នាំ​នេះ អាច​នឹង​មានការ​ថមថយ​ចុះ​ប្រមាណ​ពី​១០​ទៅ​១៥​ភាគរយ​ជាង​ឆ្នាំ​កន្លង​ទៅ​។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​បន្ត​ថា សម្រាប់​ទីតាំង​ត្រី​ដែល​ត្រូវ​នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​នោះ​រួម​មាននៅ​ជី​រោ​រ៍ ក្រុង​កំពង់ចាម ខ្ញូ​ង ភូមិ​ថ្មី និង​ស្រុក​ស្រី​សន្ធរ ។ នៅ​ក្នុង​ថ្ងៃ​ទី​៩ ធ្នូ ២០១៩ តម្លៃ​ត្រី​ក្នុង​មួយ​គីឡូក្រាម​ពី​៦.០០០ ទៅ​៧.០០០ រៀល ហើយ​មក​ដល់​ថ្ងៃ​ទី​១០ និង​១១​ធ្នូ តម្លៃ​ត្រី​នៅ ២.០០០ ទៅ​៣.៥០០ រៀល ក្នុង​មួយ​គីឡូក្រាម​។

ជាមួយ​គ្នា​នោះ​លោក​សូម​ឲ្យ​បងប្អូន ពូ មីង លោកតា លោកយាយ ដែល​ចង់​ធ្វើ​ប្រហុក​ផ្អក ទុក​ទទួលទាន​នោះ សូម​មក​ធ្វើ​នៅ​ទីតាំង​ត្រង់​ចំណុច​មុខ​វត្ត​ជ្រោយ​ថ្ម កំពង់​សាឡា​ង​ចាស់ ភូមិ​ថ្មី និង​តាម​ច្រាំង​ទំ​ន្លេ​មួយ​ចំនួន​ទៀត​។

បើ​តាម​ពិនិត្យ​មើល​ដោយ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ឃើញ​ថា បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​ចុះ​នេសាទ​ត្រី​មើលទៅ​ហាក់បីដូចជា​មិនសូវ​ត្រូវ​ប៉ុន្មាន​ទេ ប៉ុន្តែ​សម្រាប់​ខ្នើត​ពេញ​បរ​មី ពេល​ក្រោយ​ត្រី​នឹង​អាច​ត្រូវ​ជាង​នេះ​។

ក្នុង​នាម​រដ្ឋបាល​ជលផល​ខេត្ត សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងឡាយ​ធ្វើ​យ៉ាងណា​ប្រើប្រាស់​ឧបករណ៍​នេសាទ​ស្របច្បាប់​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចាប់​យក​ត្រី​នៅ​ក្នុង​ដង​ទន្លេមេគង្គ ជាមួយ​នោះ​សូម​ចៀសវាង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ដែល​ច្បាប់​បាន​ហាមឃាត់​។

គួរ​រំលឹក​ដែរ​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក្នុង​គ្រា​ដែល​ផ្លូវថ្នល់​មិន​ទាន់​មានការ​អភិវឌ្ឍ​ឲ្យ​បាន​ល្អ​ដូច​សព្វ ថ្ងៃ​គេ​បានឃើញ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆ្ងាយ​ៗ បា​នប​រទេះគោ​ស្កាត់​មក​ធ្វើ​ប្រហុក​ផ្អក​ដល់​ក្រុង​កំពង់ចាម ដោយ​ពួក​គាត់​បាន​បោះ​តង់ និង​សម្រាក​នៅ​មាត់ទន្លេ​ដើម្បី​ធ្វើ​ប្រហុក​ផ្អក​ឲ្យ​ពេញ​ពាង ហើយ​ពួក​គាត់​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​។

តែ​មក​ដល់​សព្វ​ថ្ងៃនេះ ក្រោម​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវថ្នល់ ត្រូវ​បាន​ជួសជុល​ឡើង​រលោង​ស្អាត ហើយ​ប្រជាពលរដ្ឋ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ និង​រថយន្ត មក​ទិញ​ត្រី ហើយ​ពួក​គាត់​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ឆាប់ រហ័ស​ទាន់​ពេលវេលា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ