ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​​ធ្លាក់ក្នុង​សមុទ្រ រក​​ឃើញ​បំណែក​ហើយ ក្រោយ​បាត់​ដាន​២​ថ្ងៃ

4 ឆ្នាំ មុន

ប្រទេស​ស៊ី​លី ៖ កងទ័ពអាកាស​ស៊ី​លី​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១១​ធ្នូ​ថា បណ្ដា​បំណែក​របស់​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​សមុទ្រ នា​ចុង​ខាងត្បូង​នៃ​ទ្វីបអាមេរិក ត្រង់​តំបន់​ដែល​យន្តហោះ​យោធា​ស៊ី​លី​មួយ​គ្រឿង​បាត់ដាន ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ ដោយ​ក្នុង​យន្តហោះ​នោះ​មាន​មនុស្ស​ជិះ​៣៨​នាក់​។ លោក​អេ​ឌូ​អា​ដូ​ម៉ូ​ស្កើ​រី​យ៉ា មេបញ្ជាការ​កងពលតូច​ទ័ពអាកាស​ទី​៤​នៅ​ពុន​តា​អា​រឺ​ណាស់​ចម្ងាយ​៣០០០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​សាន់​ត្យា​ហ្គោ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា…

ប្រទេស​ស៊ី​លី ៖ កងទ័ពអាកាស​ស៊ី​លី​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១១​ធ្នូ​ថា បណ្ដា​បំណែក​របស់​យន្តហោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​សមុទ្រ នា​ចុង​ខាងត្បូង​នៃ​ទ្វីបអាមេរិក ត្រង់​តំបន់​ដែល​យន្តហោះ​យោធា​ស៊ី​លី​មួយ​គ្រឿង​បាត់ដាន ចាប់តាំងពី​២​ថ្ងៃ​មក​ហើយ ដោយ​ក្នុង​យន្តហោះ​នោះ​មាន​មនុស្ស​ជិះ​៣៨​នាក់​។

លោក​អេ​ឌូ​អា​ដូ​ម៉ូ​ស្កើ​រី​យ៉ា មេបញ្ជាការ​កងពលតូច​ទ័ពអាកាស​ទី​៤​នៅ​ពុន​តា​អា​រឺ​ណាស់​ចម្ងាយ​៣០០០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​សាន់​ត្យា​ហ្គោ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា នាវា​មួ​យ​គ្រឿង​ដោត​ទង់ជាតិ​ស៊ី​លី​ឈ្មោះ​ANTARCTIC ENDEAVOUR បាន​រក​ឃើញ​បំណែក​នានា ដែល​អាច​ជា​បំណែក​របស់​យន្តហោះ​ធុន​C-130​នោះ​។ បំណែក​ទាំងនេះ​ត្រូវ​បាន​ប្រទះ​ឃើញ​ត្រង់​កន្លែង​មួយ ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ ពី​ចំណុច​បាត់ដាន​យន្តហោះ​ចន្លោះ​ប្រទេស​ស៊ី​លី​និង​មហាសមុទ្រ​អង់តាក់ទិក​។

ចំណែក​អ្នក​ទទួលខុសត្រូវ​តំបន់​ម្នាក់​និយាយ​ថា បណ្ដា​​​មនុស្ស​​ដែល​បានបាត់​បង់​ជីវិត​​ត្រូវ​រក​ឃើញ​ក្នុង​សមុទ្រ ក្នុង​ដែនទឹក​នៃ​ចំណុច​ចុង​ខាងត្បូង​នៃ​ទ្វីបអាមេរិក ត្រង់​តំបន់​យន្តហោះ​បាត់ដាន​។ លោក​ចូ​សេ​ហ្វ័​រណ​ង់​ដេ​ស​អ្នក​ទទួលខុសត្រូវ​តំបន់​ម៉ា​ហ្គា​ល់​ឡាន ចុង​ខាងត្បូង​ស៊ីលី​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា គេ​បាន​រក​ឃើញ​បំណែក​មួយ​ចំនួន ព្រមទាំង​បណ្ដា​​​មនុស្ស​ដែល​បាត់​បង់​ជីវិត​​។

យន្តហោះ​យោធា​ធុន​HERCULES C-130​បាន​ហោះ​ចេញ​កាលពី​ថ្ងៃ​ទី​៩​ធ្នូ​ពី​មូលដ្ឋាន​ចា​ប៊ុ​ន​កូ​នៅ​ពុន​តា​អា​រើ​ណាស់​ចុង​ខាងត្បូង​ស៊ីលី នា​វេលា​ម៉ោង​១៦​និង​៥៥​នាទី​ម៉ោង​ក្នុងស្រុក ទៅ​កាន់​មូលដ្ឋាន​អង់តាក់ទិក​EDUARDO FREI​។ វា​បាត់ដាន​ពី​អេ​ក្រង់​រ៉ា​ដា​នា​វេលា​ម៉ោង​១៨​និង​១៣​នាទី​។

ចាប់តាំងពី​ពេល​នោះ​មក​យន្តហោះ​១៥​គ្រឿង​និង​នាវា​៥​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​តាម​រុករក​។ ក្រៅ​ពីស៊ី​លី​ប្រទេស​អា​ហ្ស​ង់​ទី​ន អ៊ុយ​រូ​ហ្គា​យ ប្រេ​ស៊ីល​ និង​សហរដ្ឋអាមេរិក បាន​បញ្ជូន​បណ្ដា​មធ្យោបាយ​អាកាស​និង​ជើង​ទឹក មក​កាន់​តំបន់​យន្តហោះ​បាត់ដាន​។ មានការ​អះអាង​ថា​នាវា​ប្រេ​ស៊ី​ល​បាន​រក​ឃើញ​បណ្ដា​របស់របរ​ផ្ទាល់ខ្លួន​ព្រមទាំង​បណ្ដា​បំណែក​យន្តហោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ