រាជធានីភ្នំពេញ ៖ កម្មវិធីប្រកួតកីឡាប្រដាល់ «កម្ពុជា សង្វៀនគុនខ្មែរ» ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម បានឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីឆ្លងកាត់ការ ប្រកួតអស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមក ។
កីឡាករ អេលីត ភក្ដី មកពីក្លិបប៉ែនកាក់គុនខ្មែរ ជួបប្រកួតជាមួយកីឡាករ សេក គឹមរួន មកពីក្លិបមកុដរាជសីហ៍ ។ ឯកីឡាករថៃ ហ្វាស៊ីថង ប៉.យុទ្ធភូមិ ជួបប្រកួតជាមួយកីឡាករថៃដូចគ្នា រិទ្ធអៃយ៉ារ៉ា ត.សិលាឆ័យ ។
សម្រាប់កីឡាករកម្ពុជាទាំង២រូបនេះ សុទ្ធតែជាអ្នកប្រដាល់ដែលមានក្បាច់គុនល្អដូចគ្នា ទោះបីជាការប្រកួតលើកនេះមានម្នាក់ដែលមានឱកាសឡើងទៅកាន់វគ្គប្រកួតផ្ដាច់ព្រ័ត្រក៏ដោយ ប៉ុន្តែរវាងគូនេះពិបាកក្នុងការវាយតម្លៃខ្លាំងណាស់ ។ បើតាមការកត់សម្គាល់ អេលីត ភក្ដី ជាកីឡាករដែលមានវ័យក្មេង កម្លាំងខ្លាំង ថ្វីដៃប្រកួតក៏ល្អថែមទៀត ។
ចំណែកកីឡាករ សេក គឹមរួន ជាអ្នកប្រដាល់ចាស់វស្សា មានបទពិសោធន៍ប្រកួតយូរឆ្នាំមកហើយ ខ្លាចតែចាញ់កម្លាំងប៉ុណ្ណោះ ។ ចំណែកអ្នកតាមដានការប្រកួតវិញ បានលើកឡើងថាគូនេះមិនអាចមើលស្រាលខាងណាម្នាក់បានឡើយ ព្រោះ អេលីត ភក្ដី អាងកម្លាំង ចំណែក សេក គឹមរួន ល្បិចប្រយុទ្ធល្អ ។ ដូច្នេះគូនេះ បើចង់ដឹងថា អ្នកណាខ្លាំងជាងអ្នកណាទ ាល់តែរង់ចាំអ៊ុតមើលការប្រកួតជាក់ស្ដែងទាំងអស់គ្នា ។
ដោយឡែក ចំពោះកីឡាករថៃ ហ្វាស៊ីតថង ប៉.យុទ្ធភូមិ ដែលត្រូវប៉ះជាមួយកីឡាករ រិទ្ធអៃ
យ៉ារ៉ា ត.សិលាឆ័យ លើកនេះ ក៏មិនអាចទាយ ទុកមុនបានដែរ ព្រោះថារវាងគេទាំង២សុទ្ធ
តែមានល្បិចប្រយុទ្ធនៅលើសង្វៀនល្អដូចគ្នា ហើយថែមទាំងមានកម្លាំងខ្លាំងដូចគ្នាទៀត។ ម្យ៉ាងវិញទៀត មុននឹងឡើងមកដល់វគ្គនេះ ពួកគេទាំង២នាក់សុទ្ធតែធ្លាប់ផ្ដួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនដូចគ្នាទៀត លើកនេះខ្លាំងប៉ះខ្លាំងហើយ ។
ចំណែកគូប្រកួតមិត្តភាពវិញ កីឡាករ ធឿន ធារ៉ា មកពីសមាគមកីឡាប្រដាល់ក្រសួងកសិកម្មប្រកួតជាមួយកីឡាករឡាវ ធុតស៍ភុន ផេតចិន្ដា ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។ ឯគូប្រកួតបើកឆាក ហេង វិឆ័យ មកពីក្លិបកងពលតូចលេខ៧០ ប្រកួតជាមួយ លួន សុខេង មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ