ខេត្តបន្ទាយមានជ័យ ៖ «យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តត្រូវចូលរួមពង្រឹងការងារអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រឿងញៀន ព្រមទាំងក្មេងបោះបង់ការសិក្សា» ។ លោកអភិបាលខេត្តលើកឡើងបែបនេះក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ «ស្ម័គ្រចិត្តដើម្បីអនាគត ប្រកបដោយបរិយាប័ន្ន» ដែលប្រារព្ធធ្វើកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាស៍ថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យមានចំនួន៦០០នាក់ (ស្រី៣២១នាក់) នៅតាមឃុំ-សង្កាត់ចំនួន៤៥លើ៦៥ក្នុងខេត្តហើយយុវជនកាកបាទក្រហមកម្ពុជាសរុបចំនួន៦៨៣នាក់ (ស្រី៥៥៦នាក់) គ្រូទីប្រឹក្សា២៤នាក់ (ស្រី៥នាក់) នៅតាមវិទ្យាល័យគោលដៅចំនួន១២និងពង្រីកយុវជនថ្មីបន្ថែមលើវិទ្យាល័យចំនួន១៨សរុបចំនួន៩០០នាក់ស្រី៧៥៦នាក់ គ្រូទីប្រឹក្សា៣៦នាក់ស្រី៨នាក់។
លោកបានបញ្ជាក់ថា ជាក់ស្តែងយុវជននិងអ្នកស្ម័គ្រចិត្តបានចូលរួមជាមួយអនុសាខាផ្តល់អំណោយជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ទឹកកជំនន់ អគ្គីភ័យ ក្រីក្រ ចាស់ជរា កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍បានចំនួន២៥លើក សរុបចំនួន៤៨៨នាក់ ក្នុងនោះយុវជនចូលរួមចំនួន២៥០នាក់ ទីប្រឹក្សាចំនួន១៣នាក់ អ្នកស្ម័គ្រចិត្ត៥០នាក់។
លោកជំទាវ ម៉ៅ ម៉ាល័យ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍កោតសសើរចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យដូចជាក្រុមយុវជនស្ម័គ្រចិត្តនិងអ្នកស្ម័គ្រចិត្តដែលដែលខិតខំប្រឹងប្រែងនាំយកអំណោយចែកជូនអ្នកដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតខ្យល់កន្ត្រាក់ អគ្គីភ័យ ក្រីក្រចាស់ជរាពិការក្មេងកំព្រា និងអ្នករស់នៅជាមួយមេរោគអេដស៍។
លោកជំទាវបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា កន្លែងដែលមានទុក្ខ និងលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ