ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​បង្រៀន​ដែល​លះបង់​ក្នុង​មនសិការ​វិជ្ជាជីវៈ​ បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​មានការ Live និង​Share ចែក​រំលែក​បន្ត​គ្នា​នូវ​ព័ត៌មាន​មួយ​ទាក់ទិន​នឹង​ការ​លះបង់​របស់​អ្នកគ្រូ​បង្រៀន​ម្នាក់​ដែល​តស៊ូ​ពុះពារ​ក្នុង​ការ​បង្រៀន​សិស្ស ។ ឆន្ទៈ​ជា​មនសិការ​គួរ​ឱ្យ​គោរព​នេះ…

ខេត្តកំពង់ចាម ៖ ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​មានការ Live និង​Share ចែក​រំលែក​បន្ត​គ្នា​នូវ​ព័ត៌មាន​មួយ​ទាក់ទិន​នឹង​ការ​លះបង់​របស់​អ្នកគ្រូ​បង្រៀន​ម្នាក់​ដែល​តស៊ូ​ពុះពារ​ក្នុង​ការ​បង្រៀន​សិស្ស ។ ឆន្ទៈ​ជា​មនសិការ​គួរ​ឱ្យ​គោរព​នេះ ក៏​បាន​ទាក់ទាញ​អ្នក​ចូល​មើល​ជា​ច្រើន​នាក់ ។ ដើម្បី​ចង់​ដឹង​ថា​ ព័ត៌មាន​នេះ​ពិត​ឬ​បែប​ណានោះ ភ្នាក់ងារ​កោះសន្តិភាព​បាន​ទាក់ទង​ធ្វើ​ព័​ត៌មាន​ពី​អ្នកគ្រូ​បង្រៀន​រូប​នេះ ។

អ្វី​ៗ​ពិតជា​គួរ​ឱ្យគោរព​ចំពោះ​អ្នកគ្រូ ស អូន ហៅ​អ្នកគ្រូ​ម៉ៅ បង្រៀន​នៅ​សាលា​បឋម​សិក្សា​ព្រះ​អង្គ​ខ្មៅ ក្នុង
ភូមិ​ទី​៦ ឃុំ​កោះសំរោង ស្រុក​កំពង់សៀម និង​ឆ្លៀតពេល​កន្លះ​ថ្ងៃ​ទៅ​បង្រៀន​ក្មេង​ៗ​នៅ​កោះដាច់ ក្នុងភូមិ​ទី​៨ ដោយ​មាន​ង​សិស្ស​តូច​ៗ​តែ​៤​នាក់​ប៉ុណ្ណោះ​។ លោក សន សុក មេឃុំ​កោះសំរោង បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែធ្នូ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ បណ្ដាញ​សង្គម​ត្រូវ​បាន​គេ​ចែករំលែក​គ្នា​ព្រោងព្រាត​ពី​មួយ​ទៅ​មួយ​ពី​សកម្មភាព​របស់​អ្នកគ្រូ​ម៉ៅ ដែល​បាន​តស៊ូ​ដើរ​កាត់​ខ្សាច់​ទៅ​បង្រៀន​សិស្ស​នៅ​ក្រោម​កម្តៅថ្ងៃ ពិតជា​គួរ​ឲ្យ​អាណិត​ចំពោះ​ការ​តស៊ូ​ក្នុង​ការងារ ។

លោក​មេឃុំ​បន្ត​ថា ក្រោយ​ពី​មានការ​បង្ហោះ​នោះ ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ដា​ណា​ទ្រី បាន​ប្រកាស​ផ្ដល់​ម៉ូតូ​ហុងដា​សេ​១២៥ មួយ​គ្រឿងស៊េរី​ឆ្នាំ​២០២០​ជូន​ដល់​អ្នកគ្រូ ។ អ្នក​ប្រកាស​ផ្តល់​ម៉ូតូ​នេះ​គឺ​អ្នកស្រី ទ្រី ដា​ណា ដែល​ជា​ម្ចាស់​ហាង​ត្បូង​ពេជ្រ​កំពុង​ល្បីឈ្មោះ​តាម​រយៈ​ការ​ច្រៀង​ចម្រៀង Cover ទទួល​បានការ​គាំទ្រ​ខ្លាំង ។

លោក​មេឃុំ​បន្ត​ថា មានការ​លើក​ឡើង​ថា អ្នកគ្រូ​បាន​ដើរ​កាត់​វាល​ខ្សាច់​ចម្ងាយ​៥​គីឡូម៉ែត្រ​នោះ សូម​ជម្រាប​ថា​មិនមែន​ជា​ការ​ពិត​ទាំងស្រុង​ទេ ព្រោះ​ភូមិសាស្ត្រ​ឃុំ​របស់​លោក​ពុំ​មាន​វាល​ខ្សាច់​រាប់​គីឡូម៉ែត្រ​ឡើយ គឺ​មាន​តែ​ដីចម្ការ ។ បើ​រាប់​ចាប់ពី​ភូមិ​ទី​៨ ដែល​អ្នកគ្រូ​រស់នៅ​រហូត​ដល់​សាលា​កោះដាច់​ដែល​អ្នកគ្រូ​ទៅ​បង្រៀន​នោះ គឺ​មាន​ចម្ងាយ​ប្រមាណ​៤​គីឡូម៉ែត្រ ហើយ ត្រូវ​ឆ្លងកាត់​ផ្លូវ​បេតុង និង​បន្ត​មក​មាន​ផ្លូវ​ភូមិ​ហូរ ហែ​ដែល​គេ​ហៅ​ថា​ភូមិ​ទី​៩ កាត់​តាម​ផ្លូវ​ចម្ការ​១​គីឡូម៉ែត្រ ទើប​ដល់​ដីខ្សាច់ ។ ជា​រៀងរាល់ថ្ងៃ​អ្នកគ្រូ​ជិះ​កង់​ទៅ​បង្រៀន​រហូត ទៅ​ទល់​នឹង​ត្រឹម​ដីខ្សាច់​នេះ​ទើប​អ្នកគ្រូ​ដើរ​កាត់​ដីខ្សាច់​ចម្ងាយ​ជិត​១​គីឡូម៉ែត្រ​ទៅ​ដល់​ថ្នាក់រៀន​ក្នុងភូមិ​កោះដាច់ ។

ចំពោះ​ព័ត៌មាន​ដែល​ថា អ្នកគ្រូ​ម្នាក់​បាន​បោះបង់​ចោល​សាលា​នោះ​មិន​មាន​ទេ ។ សាលា​នេះ មាន​គ្រូ​បង្រៀន​​តាំងពី​ឆ្នាំ​១៩៨០​មក​ម្ល៉េះ រហូតមក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​អ្នកគ្រូ​ណា​ម្នាក់​បោះបង់​ឬ​ចាកចោល​សាលា​ឡើយ មាន​តែ​បង្រៀន រហូត​ដល់​ចូល​និវត្តន៍ ។ ប៉ុន្តែ​សម្រាប់​អ្នកគ្រូ​ម៉ៅ គាត់​ពិតជា​គ្រូ​ដែល​មានការ​លះបង់​ខ្ពស់​ជាងគេ ព្រោះ​គាត់​បាន​យល់ព្រម​ទទួល​ការ​បង្រៀន​បន្ថែម​នៅ​តំបន់​ដែល​មានការ​លំបាក​ជាងគេ​នេះ ។

លោក​មេឃុំ​ឱ្យ​ដឹង​ថា សាលា​កោះដាច់​ត្រូវបាន​ក្រសួង​អប់រំ​ទទួលស្គាល់​ជា​ឧ​ប​សម្ព័ន្ធ​របស់​សាលា​បឋម​សិក្សា​ព្រះ​អង្គ​ខ្មៅ នៅ​ភូមិ​ទី​៦ ឃុំ​កោះសំរោង នា​ឆ្នាំ​១៩៨៨ ។ កាល​ណោះ​សាលា​មាន​ចំនួន​៣​បន្ទប់ តែ​ដោយសារ​ការ​បាក់​ច្រាំងទន្លេ ក៏​បាន​រុះរើ​ជា​ច្រើន​លើក​ច្រើន​សា​ទើប​នៅ​សល់​តែ​១​បន្ទប់​ដូច​ឃើញ​បច្ចុប្បន្ន​នេះ ។ ដោយសារ​តែ​ប្រជាពលរដ្ឋ​រស់នៅ​ទីនោះ​មានកូន​តូច​ៗ ពុំ​អាចម​ករៀន​នៅ​ភូមិធំ ក្នុង​ឃុំ​បាន ទើប​ក្រសួង​សម្រេច​មិន​បិទ​សាលា​នោះ​ទេ និង​នៅ​តែ​បញ្ជូន​គ្រូ​ឱ្យទៅ​បង្រៀន​នៅ​ទីនោះ​រហូត​មក​ដល់​សព្វថ្ងៃ ដែល​អ្នក​រស់នៅ​ទីនោះ​ជាក់ស្ដែង​មានផ្ទះ​ចំនួន​២០​ខ្នង ។

អ្នកគ្រូ​ម៉ៅ មានឈ្មោះ​ពិត​ថា ស អូន បច្ចុប្បន្ន អាយុ​៤៦​ឆ្នាំ បាន​យល់​ព្រមទៅ​បង្រៀន​បន្ត​ពី​អ្នកគ្រូ ឱ សា​វុន ដែល​បាន​ចូល​និវត្តន៍​កាលពី​ឆ្នាំ២០១៥​កន្លង​ទៅ ។ សព្វថ្ងៃ អ្នកគ្រូ​បង្រៀន​២​ពេល មួយ​ពេល​នៅ​សាលា​បឋម​សិក្សា​ព្រះ​អង្គ​ខ្មៅ​ថ្នាក់ទី​១ និង​មួយ​ពេល​ទៀត​បង្រៀន​នៅ​សាលា​កោះដាច់ ។ អ្នកគ្រូ​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ប្រចាំខែចំនួន​១.២៥០.០០០​រៀល សម្រាប់​ការ​បង្រៀន នៅ​សាលា​បឋម​សិក្សា​ព្រះ​អង្គ​ខ្មៅ​និង​ប្រាក់​១០.៧០០.០០០​រៀល សម្រាប់​ការ​បង្រៀន​បន្ថែម​នៅ សាលា​កោះដាច់​រយៈពេល​១០​ខែ​ក្នុង​មួយ​ឆ្នាំ។

ដូច្នេះ​ ការ​បង្រៀន​របស់​អ្នកគ្រូ​នៅ​តំបន់​នោះ ស្ថិតនៅ​ក្រោម​ការ​គិតគូរ​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​ផង​ដែរ ពុំ​មែន​ជា​ការ​ស្ម័គ្រចិត្ត​ដោយ​គ្មាន​ការ​ទំនុប​បម្រុង​ឡើយ ។ ទោះបីជា​បែប​ណា លោក​សូម​ថ្លែងអំណរគុណ​ក្រុម​អ្នក​សារព័ត៌មាន ដែល​បាន​ចំណាយពេល​ចុះ​មក​ផ្តិត​យក​រូបភាព និង​យក​ព័ត៌មាន​ពី​ជីវិត​របស់​អ្នកគ្រូ​ម៉ៅ​ដែល​មានការ​តស៊ូ ហើយ​ថែម​ទាំង​មាន​ជីវភាព​ក្រីក្រ​លំបាក​ទៀត​ផង និង​ត្រូវ​បាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​ថវិកា​ផង​ដែរ ។

លោក​មេឃុំ​កោះសំរោង បាន​សង្កត់ធ្ងន់​ថា ពេល​ដែល​អ្នកគ្រូ​ម៉ៅ ជិះ​កង់​ចេញពីផ្ទះ ត្រូវ​យក​ទៅ​ទុក​នៅ​ព្រៃ​ត្រែង ហើយ​ដើរ​កាត់​វាល​ខ្សាច់​ប្រមាណ​ជា​៥០០​ម៉ែត្រ​ទើប​ដល់​សាលា​ដែល​ត្រូវ​បង្រៀន​ក្មេង​ៗ​ចំនួន​៤​ទៅ​៥​នាក់ ។ ក្នុង​ពេល​ខាង​មុខ ក្រសួង​ធនធានទឹក​និង​បូម​ដីខ្សាច់​ចេញ​នៅ​តំបន់​កោះដាច់​នេះ ព្រោះ​ជា​ដី​ដែល​ដុះ​ថ្មី បាន​បង្ក​ឲ្យ​បាក់​ច្រាំង​ទន្លេ​នៅ​ក្រុង​កំពង់ចាម ហើយ​សាលា​ឈើ​១​ខ្នង​មាន​មួយ​បន្ទប់​នេះ​ក៏​នឹង​ត្រូវ​បាត់​រូបរាង​ដែរ ។

អំណោយ​ម៉ូតូ​របស់​អ្នកស្រី ទ្រី ដា​ណា បាន​ទៅ​ដល់​ដៃ​អ្នកគ្រូ
«​ចាប់ពី​ថ្ងៃស្អែក​ទៅ ប្ដី​អ្នកគ្រូ​ម៉ៅ នឹង​មាន​ម៉ូតូ​ដឹក​អ្នកគ្រូ​ទៅ​សាលារៀន មិន​ឱ្យ​ពិបាក​ដើរឆ្ងាយ​ទៀត​ហើយ​» ។ នេះ​ជា​ការ​សរសេរ​បង្ហោះក្នុង​អា​ខោ​ន​របស់​អ្នកស្រី ទ្រី ដា​ណា ។ «​ស្បែកជើង​ចាស់​ដែល​អ្នកគ្រូ​ធ្លាប់​ប្រើ​ដើរ​ឆ្លង​ខ្សាច់​ស្ទើររលួយ​នោះ ខ្ញុំ​បាន​ប្ដូរ​ជូន​គាត់​ហើយ​» ។

អ្នកស្រី​សរសេរ​ទៀត​ថា រំភើបចិត្ត​ណាស់​ពេល​ឮ​អ្នកគ្រូ​និយាយ​ថា នឹង​ប្រឹង​បង្រៀន​ក្មេង​ទាំងអស់​បន្ត​ទៀត ទោះបី​នៅ​ត្រឹម​ម្នាក់​ក៏​ដោយ ក៏​នៅ​តែ​ទៅ​បង្រៀន​ដែរ ។ អ្នកគ្រូ​ប្រាប់​ថា សប្បាយចិត្ត​ពេល​បាន​បង្រៀន​ក្មេង​ៗ ហើយ​ជា​ការងារ​ដែល​អ្នកគ្រូ​ស្រឡាញ់​បំផុត ។ អរគុណ​ណាស់​សម្រាប់​ការ​តស៊ូ ដើម្បី​ក្មេង​ៗ​នៅ​តំបន់​ដាច់​ស្រយាល ។

សង្ឃឹមថា​ម៉ូតូ​ថ្មី ព្រមទាំង​សម្ភារ​ទាំង​អស់នេះនឹង​ជួយ​សម្រួល​អ្នកគ្រូ​បាន​ច្រើន​ជាង​មុន ជា​ពិសេស
កាត់​​បន្ថយ​ពេលវេលា​ធ្វើ​ដំណើរ​ទៅ​សាលារៀនកុំឱ្យ​ដើរ​ឆ្ងាយ​ដូច​មុន ៕​

អត្ថបទសរសេរ ដោយ