ដឹងបន្ត កំណើតរាជវាំងខ្មែរទាំង៧ក្រោយសម័យអង្គរ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ក្រុមអ្នកស្រាវជ្រាវបានរកឃើញក្រុងចាស់បុរាណបានកើតឡើងពីអតីតកាលតាមបច្ចេកវិទ្យាទំនើបដោយសារស្គែនតំបន់នោះ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ក្រុងនោះប្រហែលជាមានអាយុកាលនៅសតវត្សរ៍ទី៩ដល់១៤ និងមានក្រុង តូចៗ ជាច្រើនទៀតមិនមែនតែមួយទេ ហើយបានបង្កើតព្រះរាជវាំងទី១នៅទីនោះ ។

បើតាមក្រុមអ្នកស្រាវជ្រាវបែបវិទ្យាសាស្ត្រអូស្ដ្រាលីបង្ហាញថា ការរកឃើញក្រុងបុរាណខ្មែរក្នុងតំបន់ព្រៃនៅតំបន់ភ្នំគូលែនដ៏ធំ ដែលកំពុងគ្រប់ដណ្ដប់ទៅដោយព្រៃនៅតំបន់ឧទ្យានភ្នំគូលែនសព្វថ្ងៃនេះ ។ ក្រុមស្រាវជ្រាវមួយក្រុមទៀតរបស់ប្រទេសបារាំង (ABF)បានបង្ហាញរបបគំហើញតាមឯកសារលើខ្នងភ្នំគូលែនស្ថិតនៅក្នុងខេត្តសៀមរាប ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ សតវត្សន៍ទី៩ កើតមានទីតាំងបន្ទាយ,ផ្ទះគូចារ ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តមភ្នំគូលែន ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ជាអតីតព្រះបាទជ័យវរ្ម័នទី២ (យោងលើឯកសារស្រាវជ្រាវបារាំង-ខ្មែរ) ទីនោះជាព្រះរាជវាំងរបស់ព្រះអង្គ ទៅតាំងរាជធានីនៅលើខ្នងភ្នំគូលែន ជារាជដំណាក់ ឬរាជវាំងរបស់ព្រះអង្គដែលមានផ្ទៃដី៤០០គិណ៦០០ម៉ែត្រការ៉េ ។

បើយោងតាមសិលាចរឹតនៅប្រាសាទស្តុកកក់ធំដែលមានលេខសំគាល់ (K.235) ប្រមាណជាង២០០ឆ្នាំបន្ទាប់ពីការចូលទីវង្គតរបស់ព្រះអង្គ (ជ័យវរ្ម័នទី២) ការផ្លាស់ប្តូររាជវាំងចាស់នេះ គឺស្ថិតនៅលើខ្នងភ្នំគូលែននេះ ។ ក្នុងឆ្នាំ២០០៩ អ្នកបុរាណវិទ្យាជាតិអប្សារា សហការជាមួយអង្គការបុរាណវិទ្យា(ABF)ពិសោធន៍ឃើញថា ទីតាំងនេះស្ថិតនៅក្នុងសតវត្សន៍ទី៩ ដោយស្របតាមឯកសារកំណាយចាប់ផ្តើមចេញពីទីតាំងតែមួយដូចគ្នានៅឆ្នាំ២០១២ កន្លងទៅនេះ ។

ព្រះរាជវាំងទី២ ស្ថិតនៅប្រាសាទភិមានអាកាស ជារាជវាំងចាស់ក្នុងសតវត្សរ៍ទី១១ ដោយព្រះបាទសុរិយវរ្ម័នទី១ ស្ថិតនៅភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប នៅដើមសតវត្សន៍ទី១១ គឺបានកសាងសម្រាប់រាជរបស់ព្រះអង្គ ជាប្រាសាទភ្នំសម្រាប់គោរពបូជារបស់ទ្រង់ដែលបានអភិសេកដំបូងមានប្រាង្គធ្វើអំពីមាស (យោងតាមសម្តីអ្នកដំណើរចិនម្នាក់ឈ្មោះជីវ តាក្វាន់ បានមកដល់ផ្ទាល់កត់ត្រាទុក) ដែលមានរូបនាគមានក្បាល៩ តំណាងឲ្យដួងព្រលឹងស្រីស្អាតម្នាក់បានប្រែកាឡាខ្លួនមកជួបព្រះអង្គ មុនពេលព្រះអង្គចូលផ្ទុំជាមួយស្រីស្នំ និងមហេសីរបស់ព្រះអង្គជារៀងរាល់រាត្រី ។

លុះចុងសតវត្សន៍ទី១១ ក្រោយមកទៀត ទីនេះបានក្លាយទៅជាកន្លែងសម្រាប់ទទួលភ្ញៀវបរទេស សំខាន់ៗផ្សេងៗទៀត ។ ប្រាសាទភិមានអាកាសកសាងដោយថ្មភក់ និងថ្មបាយក្រៀម មាន៣ថ្នាក់ស្រដៀងប្រាសាទពីរ៉ាមីដផងដែរ មានកម្ពស់ប្រហែល១២ម៉ែត្រ មានរាងសន្ធាន៤ជ្រុងទ្រវែង មានជណ្តើរចោតទាំង៤ផ្នែក នៅពេលឡើងទៅដល់កណ្តាលគ្រប់ជ្រុង បានឃើញព្រះរូបបដិមា រូបសិង្ហឈរនៅក្បាលជណ្តើរទាំងសងខាង ហើយមានបន្សល់ស្លាកស្នាមក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលបានបង្ហាញពីការប្រើប្រាស់សម្រាប់រាជការត្រួតពល និងការគោរពពិធីតាមសាសនាផ្សេងៗ ដែលមានភស្តុតាងបន្សល់ទុកតាមរយៈរឿងព្រេង ព្រះថោងនាងនាគ និងការរកឃើញដើមធ្លក និងគ្រាប់ផ្លែធ្លក បានបញ្ចុះនៅបាតក្រោមប្រាសាទភិមានអាកាសនេះ ដែលជាដើមហេតុប្រវត្តិនគរគោកធ្លក បាននិទាន តៗគ្នាតាំងពីសតវត្សរ៍ទី១៩នៃគ្រឹស្តសករាជ (យោងឯកសារអ្នកស្រាវជ្រាវបារាំង+អប្សរា) ។

រាជវាំងទី៣ បានកើតឡើងនៅទួលបាសាន ស្ថិតនៅខេត្តកំពង់ចាម សាងសង់នៅឆ្នាំ១៤១៣ ដោយព្រះបាទពញាយ៉ាត ក្នុងដែនដីព្រះស្រីសុគន្ធបទ ស្ថិតនៅលើទួលមួយដាក់ឈ្មោះថា (ទួលបាសាន) ដែលមានន័យចេញមកពី បានសុខសាន្ត,ក្សេមក្សាន្ត,សាន្តត្រាណ និងផុតពីទុក្ខភ័យ ។

ក្នុងសម័យនោះ មានពួកសៀមជាជនជាតិមួយចេញពីប្រភពតុងកឹងមកពីប្រទេសចិន ចុះមកជ្រោយឥណ្ឌូចិន នាចុងសតវត្សរ៍ទី១២ បានឈ្លានពានអង្គររហូតដល់បស្ចិមក្សត្រចៅពញាយ៉ាត បានភៀសព្រះកាយមករកទីប្រភពថ្មីមួយ មានទីទួលមានទឹកព័ទ្ធជុំវិញ មានព្រៃក្រាស់ ដើម្បីគេចពីការឈ្លានពានរបស់សត្រូវ ហើយបានប្រកាសឲ្យមន្ត្រី សេវកាមាត្យ សាងសង់ព្រះរាជវាំងថ្មីប្រកបដោយក្បាច់ក្បូររចនាសមសួន សម្រាប់ព្រះរាជាគង់ប្រថាប់ គឺព្រះរាជវាំងថ្មនេះឯង ដែលសព្វថ្ងៃស្ថិតនៅវត្តស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅជិតព្រះវិហារសួគ៌ ដែលតឹកតាងបានបន្សល់ទុកគឺឈ្មោះវត្ត ឈ្មោះភូមិសាស្ត្រ និងព្រះចេតិយ បានបន្សល់មក ។

នៅឆ្នាំ១៤៣១ (ឯកសារខ្លះថា១៤៣៣)ព្រះអង្គបានលើកទីតាំងមកបាសាននេះពិតប្រាកដមែន ដែលបានរៀបតាំងជាក្បួនទ័ពដើម្បីវាយរំដោះក្រុងអង្គរបានមកវិញនោះ ហើយតាំងព្រះនគរជារាជវាំងថ្មី ប៉ុន្តែដោយមានទឹកជំនន់ដ៏ធំមួយ ព្រះអង្គបានសាងរាជវាំងនៅបាសាននេះតែជាង១ឆ្នាំតែប៉ុណ្ណោះ (១៤៣២-១៤៣៤) ហើយបានប្តូរទីតាំងរាជធានីមកនៅភ្នំដូនពេញ ចតុមុខវិញ ។

ព្រះរាជវាំងទី៤ គឺរាជវាំងចតុមុខមង្គល បានរៀបចំចំនួន២លើក គឺនៅឆ្នាំ១៨៦៦ និងរុះរើសាងសង់ថ្មីនៅឆ្នាំ១៩១៣ និងរុះរើនៅភ្នំពេញចំនួន២លើកទៀត គឺនៅឆ្នាំ១៩៣៤ ក្នុងរាជព្រះបាទស៊ីសុវត្ថិរហូតដល់សព្វថ្ងៃ ដែលស្ថិតនៅពីមុខទន្លេចតុមុខទាំង៤ គឺទន្លេមេគង្គលើ-ក្រោម ទន្លេបាសាក់ និងទន្លេសាប បែរមុខទៅរកមាត់ទន្លេទិសខាងកើត មានកំពែងព័ទ្ធជុំវិញប្រវែងខាងកើត៤២១ម៉ែត្រ ខាងលិច៤៣៥ម៉ែត្រ ខាងជើង៤៨៤ម៉ែត្រ និងខាងត្បូង៤៣២ម៉ែត្រ កសាងឡើងដោយព្រះបាទព្រះនរោត្តម កំពែងថ្មលំអដោយសន្លឹកស៊ីមា កសាងឆ្នាំ១៨៦៦ដល់១៨៧០ ក្នុងរចនាបទបាយ័ន មានខ្លោងទ្វារចេញចូលចំនួន៥ សង់មិនឲ្យចាក់ចំគ្នាឡើយ ប្រាសាទបាយ័នមានទ្វារជ័យ និងទ្វារខ្មោចនៅទិសខាងកើត (ទ្វារខ្មោចស្តាំដៃទ្វារជ័យ) ។

ចំណែកព្រះបរមរាជវាំងចតុម្មុខទិសមង្គលវិញមានទ្វារជ័យ និងទ្វារខ្មោចនៅទិសខាងកើតដែរ ដែលមានទ្វារខ្មោចស្ថិតនៅទិសខាងជើងទៅវិញ ដែលទ្វារខ្មោចអនុញ្ញាតឲ្យប្រើនៅពេលមានខ្សែព្រះមហាក្សត្រសោយទីវង្គត ដើម្បីដង្ហែព្រះបរមសពទៅវាលព្រះមេរុ ដែលសំណង់នេះកសាងតាមស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិតម៉ក់ ជាស្ថាបត្យករដ៏ឆ្នើមក្នុងសម័យនោះ និងមានក្បាច់ក្បូររចនាតាមក្បួនតាមដំបូលនៃប្រាសាទ និងតាមប្រាង្គប្រក់ក្បឿងពណ៌មាស ដែលជានិមិត្តរូបនៃការរីកចម្រើនមិនចេះឈប់ឈរ ចំណែកក្បឿងពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងក្បឿងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ។ (នៅមានត)

























ចែករំលែកព័តមាននេះ