ប្រសាសន៍​សំខាន់​ៗ​លោក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ


មេបញ្ជាការ​កងទ័ពជើងគោក ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ ជំនាន់​ទី​១ នៅ​ទីលាន​បាញ់​ស៊ី​ប​របស់​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម ចំការ​ស្វាយ​គិរី​រម្យ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នា​ថ្ងៃ​ទី​០៩ ខែធ្នូ​នេះ ៖ ១- ការ​ដំណើរការ​វគ្គ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​គ្រូ​បង្គោល​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ ជំនាន់​ទី​១ រហូត​ឈាន​ដល់​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​នា​ថ្ងៃនេះ ។

នេះ​គឺជា​ការ​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ នូវ​គោលការណ៍​របស់​ក្រសួងការពារជាតិ និង​ផែនការ​ហ្វឹកហ្វឺន​របស់​អគ្គ​បញ្ជាការដ្ឋាន ក្នុង​ការ​ផ្សព្វផ្សាយ និង​រៀបចំ​ដាក់​ឲ្យ​ដំណើរការ​កម្មវិធី​ហ្វឹកហាត់​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ និង​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​រួបរួមសាមគ្គី​របស់​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន របស់​មេបញ្ជាការ​គ្រប់​បណ្តា​កងឯកភាព ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ការ​ប្តេជ្ញា​ចិត្ត និង​មោទនភាព​ក្នុង​ការ​ប្រែក្លាយ​ទស្សនវិស័យ​ឱ្យទៅ​ជា​សកម្មភាព​ជាក់ស្តែង​ធ្វើ​ឱ្យ​សៀវភៅ​ឯកសារ​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ​ក្លាយទៅជា​ឯកសារ​រស់​រវើក ជា​ពិសេស​ធ្វើ​ឱ្យ​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក្លាយទៅជា​ការ​ពិតជា​ជំហាន​ៗ ដោយ​យើង​បាន​ចាប់ផ្តើម​ចាក់​គ្រឹះ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ជំនាន់​ទី​១ បន្ថែម​លើ​មូល ដ្ឋា​ន​ឯកសារ​ដែល​យើង​បាន​ចងក្រង​រួច​មក​ហើយ ។

២-​នេះ​គឺជា​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ការងារ​ហ្វឹកហ្វឺន​របស់​កង​យោធពលខេមរភូមិន្ទ ដែល​ជា​មោទនភាព​របស់​កូន​ខ្មែរ កើតឡើង​ពី​ការ​រួម​គ្នា​របស់​បុព្វបុរស​ខ្មែរ​ក្នុង​ការ​ចងក្រង​បទ​ពិសោធន៍​ជា​ក្បួន​ប្រយុទ្ធ​, ការ​រួម​គ្នា​របស់​កូន​ខ្មែរ​ជំនាន់​ក្រោយ ដើម្បី​ស្រាវជ្រាវ​ចងក្រង​សំយោគ​ឡើង​វិញ​, និង​ការ​រួម​គ្នា​របស់​កងកម្លាំងប្រដាប់អាវុធ​យើង​ក្នុង​ចាប់ផ្តើម​ហ្វឹកហាត់​, ប្រើប្រាស់ ហើយ​យើង​នឹង​រួបរួម​គ្នា​បន្ត​អភិវឌ្ឍ​ទៅ​មុខ​ទៀត សម្រាប់​កូន​ខ្មែរ និង​យោធិន​នៃ​កង​យោធពលខេមរភូមិន្ទ​គ្រប់​ៗ​ជំនាន់ ។

៣-​សៀវភៅ​ក្បាច់​គុណ​កង​យោធពលខេមរភូមិន្ទ គឺជា​ឯកសារ​មូលដ្ឋាន​គ្រឹះ​នៃ​មេរៀន​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ កើតឡើង​ក្រោម​ចក្ខុវិស័យ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ដោយ​ធ្វើ​សំយោគ​ពី​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​ខ្មែរ ក្រោម​កិច្ចសហការ​រវាង​កង​យោធពលខេមរភូមិន្ទ ជាមួយនឹង​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំង​បី គឺ​សហព័ន្ធ​កី​ទ្បា​គុន​ល្បុកតោ​កម្ពុជា សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ និង​សហព័ន្ធ​យុទ្ធ​ក្រម​ខម​កម្ពុជា​។

សៀវភៅ​ក្បាច់គុន​នេះ ជា​ឯកសារ​ហ្វឹកហ្វឺន​ពិសេស​មួយ ខុស​ពី​ឯកសារ​យុទ្ធវិធី​ដទៃ​ទៀត​ត្រង់​ថា ខ្លឹមសារ​សៀវភៅ​នេះ​ពុំ​មាន​ធាតុ​ផ្សំ​ពី​បរទេស​នោះ​ឡើយ គឺ​កើតឡើង​ពី​ការ​ខិតខំ​រៀបចំ​ចងក្រង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ តាម​រយៈ​ការ​ប្រមូលផ្តុំ​ឯកសារ​បុរាណ និង​សិល្បៈ​ប្រយុទ្ធ​ដែល​បន្សល់​ទុក​ដោយ​បុព្វបុរស​ខ្មែរ​យើង​។ ៤-​ទស្សនវិជ្ជា​នៃ​ក្បាច់គុន គឺ​បង្រៀន​ឱ្យ​អ្នកចេះ​ក្បាច់គុន​ពិតប្រាកដ​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​ប្រកបដោយ​វិន័យ និង​គុណធម៌​ថ្លៃថ្នូរ​។

ចំពោះ កង​យោធពលខេមរភូមិន្ទ ការ​ហ្វឹកហាត់​ក្បាច់គុន​បុរាណ​ខ្មែរ ដោយ​ផ្អែក​លើ​មូលដ្ឋាន​ឯកសារ ដែល​បាន​ចងក្រង​ឡើង​មកនេះ គឺ​មិន​ត្រឹមតែ​ពង្រឹង​បាន​នូវ​សមត្ថភាព​ប្រើប្រាស់​យុទ្ធវិធី រួម​ផ្សំ​ជាមួយ​ក្បាច់គុន​ក្នុង​ការ​បំពេញភារកិច្ច​ការពារ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ស័ក្តិ​សមជា​ឆ្អឹងខ្នង​ដ៏​រឹង​មាំ​នៃ​ខឿន​ការពារ​ជាតិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ក្បាច់គុន​បុរាណ​របស់​បុព្វបុរស​រស់រាន​មានជីវិត​ឡើង​វិញ និង​បង្កើត​បានជា​អត្តសញ្ញាណ​ជាតិ និង​អត្ត​សញ្ញា​វប្បធម៌​សម្រាប់​កង​យោធពលខេមរភូមិន្ទ​យើង​។

៥- កង​យោធពលខេមរភូមិន្ទ នៅ​តែ​ចាត់​ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់​ចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​អនុវត្ត​ផែនការ​កែទម្រង់​កង​យោធពលខេមរភូមិន្ទ ។ វគ្គ​ហ្វឹកហ្វឺន​ដែល​កំពុង​ដំណើរការ​បិទ​នា​ពេល​នេះ ពិតជា​បាន​ឆ្លើយ​តប​នឹង​តម្រូវការ​ចំ​បាច់​ចំពោះ​មុខ​ក្នុង​ការ​កសាង​ធនធានមនុស្ស​ជា​គ្រូ​បង្គោល​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ បម្រើ​ឱ្យ​ការ​បំពេញភារកិច្ច​បណ្តុះបណ្តាល​បន្ត​នៅ​តាម​បណ្តា​សាលា​ហ្វឹកហ្វឺន និង​គ្រប់​បណ្តា​កងឯកភាព​ក្នុង​កង​យោធពល​ខេ​រម​ភូមិន្ទ ។

ជោគជ័យ​នៃ​វគ្គ​ហ្វឹកហ្វឺន​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ផង​ដែរ​អំពី​ការ​ប្តេជ្ញា​ចិត្ត​ប្រឹងប្រែង​បំពេញ​តួនាទី​យ៉ាង​សកម្ម និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​រវាង​កង​យោធពលខេមរភូមិន្ទ និង​កង​នគរបាល​ជាតិ រួម​ជាមួយនឹង​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា ឱ្យ​មាន​រាយ​កាយ​រឹង​មាំ ប្រាជ្ញា​ស្មារតី​ភ្លឺ​ថ្លា សមត្ថភាព​ពេញលេញ និង​ប្រកបដោយ​វិជ្ជាជីវៈ សំដៅ​ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន ។ ៦-​សំណូមពរ​ដល់​សហព័ន្ធ​យុទ្ធ​គុន​បុរាណ​ខ្មែរ​ទាំង​បី បន្ត​កិច្ចសហការ​ជួយ​បង្ហាត់បង្រៀន​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ​ក្នុង​ជួរ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​បណ្តា​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​សូម​ប្រើប្រាស់​សៀវភៅ​ឯកសារ​ក្បាច់គុន​កង​យោធពលខេមរភូមិន្ទ ដែល​ត្រូវ​បាន​សំយោគ​ចងក្រង​ឡើង​មកនេះ ជា​មូលដ្ឋាន​គ្រឹះ ជា​បទដ្ឋាន​រួម​ក្នុង​ការ​ហ្វឹកហាត់​ដើម្បី​ធានា​បាន​នូវ​និរន្តរភាព និង​ឯកភាព​ក្នុង​ការ​ហ្វឹកហាត់​ក្បាច់គុន​នេះ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ