ខេត្តកំពត ៖ ឆ្នេរព្រែកកំពតបច្ចុប្បន្ននេះ ត្រូវបានរដ្ឋបាលខេត្តរៀបចំបូមខ្សាច់ទប់ខឿនថ្មនៅមុខឆ្នេរសាលាខេត្តកំពត ដើម្បីទប់ស្កាត់ហានិភ័យការបាក់ច្រាំង បាក់ខឿន និងការពារហានិភ័យកុមារា កុមារី ដែលមករត់លេងនៅតំបន់កម្សាន្តនេះផងដែរ។
កាលពីមុនតំបន់ឆ្នេរមុខសាលាខេត្ត ពុំបានរៀបចំបូមខ្សាច់ ដើម្បីទប់ច្រាំងការពារកុំឲ្យបាក់រលំខឿនថ្ម និងការពារហានិភ័យដល់កុមារា កុមារី ដែលមកលេងកំសាន្តនៅតំបន់ឆ្នេរនេះឡើយ តែមកដល់ពេលនេះដើម្បីរៀបចំសោភ័ណភាពតំបន់ឆ្នេរនៃព្រែកកំពតឲ្យបានល្អប្រសើរឡើងវិញ និងការពារហានិភ័យដល់គ្រប់មជ្ឈដ្ឋានមហាជនផងនោះ រដ្ឋបាលខេត្តកំពត ដែលដឹកនាំអភិវឌ្ឍន៍ដោយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបានរៀបចំបូមខ្សាច់ ដើម្បីកែច្នៃតំបន់ឆ្នេរមុខសាលាខេត្ត ទាំងត្រើយខាងលិច និងត្រើយខាងកើត ឲ្យមានតំបន់ឆ្នេរស្អាត និងទប់ខឿនថ្មដែលកំពុងរងការបាក់ស្រុតជាបណ្តើរៗខាងលើនេះផង
និងឲ្យស័ក្កិសមជាខេត្តទទួលបានជ័យលាភីផ្ការំដួល ៣ ទង ពីប្រមុខរាជរដ្ឋាភិបាលផង និងដើម្បីកែលំអរសោភណ័ភាពឆ្នេរព្រែកកំពតនេះ ឲ្យក្លាយជាឆ្នេរស្អាតបរិស្ថាន អនាម័យល្អ ដើម្បីអបអរសាទរបុណ្យសមុទ្រដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ថ្ងៃទី២២ខែធ្នូ ឆ្នាំ ២០១៩ ដ៏ខ្លីខាងមុខ។
ជុំវិញការបូមខ្សាច់កែឆ្នៃតំបន់ឆ្នេរឲ្យមានសោភណ័ភាពខាងលើ អ្នកបច្ចេកទេសបូមខ្សាច់បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញឲ្យកំលាំងបច្ចេកទេសបូមខ្សាច់របស់លោកធ្វើការបូមឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស គឺត្រូវបូមឃ្លាតពីច្រាំងចំងាត៥០ម៉ែត្រ និងបូមខ្សាច់ទប់ច្រាំងប្រវែង 5 ម៉ែត្រពីច្រាំង ដើម្បីមានឆ្នេរសំរាប់ភ្ញៀវដើរលេងកំសាន្តលើឆ្នេរផង។
លោកបានបន្តទៀតថា ការបូមខ្សាច់ទប់ច្រាំងច្នៃជាតំបន់ឆ្នេរនេះ នៅត្រើយខាងកើតចាប់ពីក្បាលស្ពានចាស់ (ស្ពានឥន្ធនូ) មកដល់មុខសាលាខេត្តចុងខាងត្បូងមានចម្ងាយ ៣៧០ ម៉ែត្រ រីឯត្រើយខាងលិច ចាប់ពីគល់ស្ពានត្រើយកោះមកទល់គ្នានឹងស្ពានចាស់ (ស្ពានឥន្ធនូ) ចំងាយ ៩០០ ម៉ែត្រ។ ហើយការបូមខ្សាច់នេះ ចាប់ផ្ដើមពីពាក់កណ្តាលខែ១១ មករហូតមកដល់ពេលនេះបាន ៨០ ទៅ ៩០ ភាគរយឃើញថា បានលឿនផងដែរ ។
លោកបានបន្តថា បច្ចុប្បន្ននេះ លោកបានខិតខំធ្វើយ៉ាងណាបូមខ្សាច់តំបន់ឆ្នេរនេះឲ្យបានហើយរួចរាល់មុនថ្ងៃបុណ្យសមុទ្រ។ ប៉ុន្តែជាមួយគ្នានេះ គេឃើញមានការរលំបាកច្រាំងខឿនថ្មដែលរដ្ឋបាលខេត្តបាននិងកំពុងរៀបចំជួសជុលឡើងវិញ ទាំងត្រើយខាងលិច និងត្រើយខាងកើត ។
កន្លងមក នៅត្រើយខាងលិច មានការបាក់ស្រុតច្រើនជាងត្រើយខាងកើត ដូច្នេះបន្ទាប់ពីការបូមខ្សាច់មកកែឆ្នៃតំបន់ឆ្នេរហើយ រដ្ឋបាលខេត្តនឹងបន្តជួសជុលខឿនដែលបាក់ស្រុតនោះសារជាថ្មីម្ដងទៀត។ ប៉ុន្តែកិច្ចការនេះ លោកពុំបានដឹងថា រដ្ឋបាលខេត្តធ្វើមុនបុណ្យសមុទ្រ ឬក្រោយបុណ្យសមុទ្រនោះទេ ដោយសារបុណ្យសមុទ្រក៏កាន់តែខិតជិតចូលមកដល់ផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ