ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ប៉ូ​ឡេ​អុង​ជួប​ប្រទះ​បរាជ័យ​ធ្ងន់ធ្ងរ

4 ឆ្នាំ មុន

ក្នុង​ឆ្នាំ​១៨១១​ម៉ា​រី​ល្វី​សបាន​ប្រសូត​បុត្រ​មួយ​អង្គ​និង​បាន​ប្រសិទ្ធ​នាម​បុត្រា​នោះ​ថា​ជា​ស្តេច រ៉ូ​ម ។ វា​ប្រាកដ​ណាស់​ដែល​ថា​ណា​ប៉ូ​លេ​អុង​មាន​ហិ​ច្ឆ​តា​ខ្ពស់​ហួស​ពី​ចង់​ធ្វើ​មេដឹកនាំ​បារាំង​ទៅ​ទៀត ។ តែ​អ្វី​មិន​ចេះ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ។ នៅ​ពេល​ដែល​ស្តេច​ត្យា​រអា​ឡិ​ក​ហ្ស​ង់​ឌ័​រ​បដិសេធ​មិន​ព្រម​បិទកំពង់​ផែន​មិន​ឲ្យ​នាវា​ជំនួញ​អង់គ្លេស​ចូល​ចត​ដើម្បី​អនុវត្ត​ប្រព័ន្ធ​ទ្វីប​ណា​ប៉ូ​លេ​អុង​បាន​ប្រមូល​កងទ័ព​ជា​ច្រើន​ដើម្បី​គំរាមកំហែង​ព្រះ​អង្គ ។ ស្តេច​អា​ឡិ​ក​ហ្ស​ង់​ឌ័​រ​នៅ​តែ​មិន​ព្រម​អោនក្បាល​ចុះចាញ់…

ក្នុង​ឆ្នាំ​១៨១១​ម៉ា​រី​ល្វី​សបាន​ប្រសូត​បុត្រ​មួយ​អង្គ​និង​បាន​ប្រសិទ្ធ​នាម​បុត្រា​នោះ​ថា​ជា​ស្តេច
រ៉ូ​ម ។ វា​ប្រាកដ​ណាស់​ដែល​ថា​ណា​ប៉ូ​លេ​អុង​មាន​ហិ​ច្ឆ​តា​ខ្ពស់​ហួស​ពី​ចង់​ធ្វើ​មេដឹកនាំ​បារាំង​ទៅ​ទៀត ។ តែ​អ្វី​មិន​ចេះ​តែ​អាច​ធ្វើ​បាន​នោះ​ទេ ។ នៅ​ពេល​ដែល​ស្តេច​ត្យា​រអា​ឡិ​ក​ហ្ស​ង់​ឌ័​រ​បដិសេធ​មិន​ព្រម​បិទកំពង់​ផែន​មិន​ឲ្យ​នាវា​ជំនួញ​អង់គ្លេស​ចូល​ចត​ដើម្បី​អនុវត្ត​ប្រព័ន្ធ​ទ្វីប​ណា​ប៉ូ​លេ​អុង​បាន​ប្រមូល​កងទ័ព​ជា​ច្រើន​ដើម្បី​គំរាមកំហែង​ព្រះ​អង្គ ។ ស្តេច​អា​ឡិ​ក​ហ្ស​ង់​ឌ័​រ​នៅ​តែ​មិន​ព្រម​អោនក្បាល​ចុះចាញ់ ។

នៅ​ក្នុង​ខែមិថុនា ឆ្នាំ​១៨១២ ណា​ប៉ូ​លេ​អុង​បាន​ចូល​ឈ្លានពាន​រុ​ស្សី ។ អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ភ្ញាក់ផ្អើល​នោះ គឺថា​មេបញ្ជាការ​កងទ័ព​រុ​ស្សី​គូ​ទូ​ហ្សូ​វ​មិន​ខិតខំ​រុល​មក​មុខ​ដើម្បី​ទប់ទល់​នឹង​គាត់​ឡើយ ។ ផ្ទុយ​ទៅ​វិញ​គូ​ទូ​ហ្សូ​វ បាន​ដកថយ​បណ្តើរ​ដោយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផលដំណាំ​និង​ជំរក​ដែល​អាច​ផ្តល់​ផលប្រយោជន៍​ដល់​កងទ័ព​ណា​ប៉ូ​លេ​អុង​ត្រូវ​បំផ្លាញ​ចោល ។

នៅ​ខែកញ្ញា​នៅ​បូ​រ៉ូ​ឌី​ណូ​ណា​ប៉ូ​លេ​អុង​ទី​បញ្ចប់​ក៏​បាន​ប្រឈម​មុខ​នឹង​គូ​ទូ​ហ្សូ​វ​ក្នុង​សមរភូមិ​បង្ហូរឈាម​មួយ​ដែល​អាច​ផ្តួលរំលំ​គាត់​បាន​ហើយ​បន្ត​រុល​មក​ក្នុង​ម៉ូ​ស្តូ​ទៀត ។ ម្តងនេះ​ក៏​ដូច​ជា​លើកមុន​ដែរ រុ​ស្សី​បាន​ដកថយ​ទៀត​ដោយ​បន្សល់​ទុក​ក្រុង​ម៉ូ​ស្តូ​ឲ្យ​ក្លាយទៅជា​វាល​រហោស្ថាន ។
ថ្ងៃ​បន្ទាប់​ពី​ណា​ប៉ូ​លេ​អុង​ទៅ​ដល់​ម៉ូ​ស្តូ​អគ្គី​ភ័យ​បាន​ឆេះ​ឡើង​ដោយ​ធ្វើ​ឲ្យ​ទីក្រុង​ក្លាយទៅជា​សមុទ្រ​អណ្តាតភ្លើង​ដែល​ស្ទើរតែ​បំផ្លាញ​ទីក្រុង​ទាំងស្រុង ។ ទន្ទឹម​ពេល​ជាមួយ​គ្នា​នេះ​ស្តេច​ត្យា​រអា​ឡិ​ក​ហ្ស​ង់​ឌ័​រ​នៅ​តែ បដិសេធ​មិន​ព្រម​ជួប​ណា​ប៉ូ​លេ​អុង​ដើម្បី​ធ្វើការ​ចរចា ។ ក្នុង​ឆ្នាំ​១៨១២​នេះ​រដូវរងា​ឆាប់រហ័ស​មួយ​បាន​កើតឡើង​នៅ​រុ​ស្សី ។ ដោយ​គ្មាន​ជំរក​គ្មាន​ចំណីអាហារ កងទ័ព​បារាំង​ជា​ច្រើន​ពាន់​នាក់​បាន​ស្លាប់​ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ដូច​ទឹកកក ។

ណា​ប៉ូ​លេ​អុង​ទី បំផុត​ដឹងខ្លួន​ថា​គាត់​គ្មាន​ជំរើស​អ្វី​ក្រៅពី​ធ្វើការ​ដកថយ​នោះ​ឡើយ ។ ការ​ដកថយ​កាត់ តំណក់​ព្រិល​របស់​គាត់ បាន​ជួប​ប្រទះ​មហន្តរាយ​មួយ​គឺ​សេះ​កូ​ហ្សា​ក់​របស់​រុ​ស្សី​តាម​ដេញ​ពីក្រោយ​យ៉ាង​ប្រផិតប្រផើយ​នៅ​គ្រប់​ជំហាន ។ ក្នុង​ចំណោម​កងទ័ព​៤៥០០០០​នាក់​ដែល​បាន​ចូល​ប្រទេស រុ​ស្សី​កាលពី​ខែមិថុនា​មាន​តែ​១០០០០​នាក់​ប៉ុណ្ណោះ ដែល​នៅ​មានកំ​លាំង​ប្រយុទ្ធ​នៅ​ពេល​ដែល វិល​ត្រលប់​មក​កាន់​បារាំង​វិញ ។ នៅ​គ្រានោះ​ដោយ​ឃើញ​ឪ​កាស​ល្អ​សំរាប់​ពួក​គេ​ប្រទេស​អឺរ៉ុប​ដែល​នៅ​ក្រោម​នឹម​បារាំង​បាន​ក្រោក​ឡើង​ប្រឆាំង​ណា​ប៉ូ​លេ​អុង ។ ព្រុ​ស្យា​និង​អូ​ទ្រី​សបាន​ប្រកាស សម្ព័ន្ធភាព​ថ្មី​មួយ​ជាមួយ​ចក្រភពអង់គ្លេស​និង​រុ​ស្សី​ដើម្បី​ប្រឆាំង​ណា​ប៉ូ​លេ​អុង ។ ពួក​គេ​បាន​ទាមទារ​ឲ្យ​ណា​ប៉ូ​លេ​អុង​ប្រគល់​ទឹកដី​ដែលត្រូវ​ដាក់​ប​ញ្ចូ​ន​បន្ថែម​សំរាប់​បង្កើត​ចក្រ​បារាំង ។

នៅ​ខែតុលា​ឆ្នាំ​១៨១៣​នៅ​លេប​ហ្សី​ក​ក្នុង​អ្វី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​សមរភូមិ​ប្រជាជាតិ​កងកំលាំង​សម្ព័ន្ធមិត្ត​បាន​ទទួល​បាន​ជ័យ​ជ​នះ​លើ​កងទ័ព​ហ្ត្រ​ង់​អា​មី​របស់​ណា​ប៉ូ​លេ​អុង ។ បន្ទាប់​មក​អេ​ស្បា​ញ​និង​អ៊ី​តា​លី​បាន​ក្រោក​ឡើង​ប្រឆាំង ។

ចំណែក​ហុ​ល្លង់​និង​បែ​ល​ហ្សិ​ល​ក៏​បាន​ក្រោក​ឡើង​ប្រឆាំង​ដែរ ។ នៅ​ក្នុង ប្រទេស​បារាំង​ផ្ទាល់​ប្រជា
ជន​ចាប់ផ្តើម​ការ​ធុញទ្រាន់​ចំពោះ​ភាព​ក្រអឺតក្រទម​និង​មោទនភាព​របស់​គាត់ ។ ពួក​គេ​លែង​និយាយ​ពី​ការ​ស្រលាញ់​ឥត​ស្រកស្រុត​ចំពោះ​រូប​គាត់​ផ្ទុយ​ទៅ​វិញ​ពួក​គេ​ខឹង​នឹង​រូប​គាត់​ទៀត​ផង ។ ពួក​គេទាមទារ​សន្តិភាព ។ កងទ័ព​សម្ព័ន្ធមិត្ត​បាន​ធ្វើ​ដំណើរ​ចូល​ក្រុងប៉ារីស​ហើយ​ទោះបីជា​មានការ​ប្រឆាំង​ត​តប​ពី​អ្នកក្លាហាន​ក្នុង​កងទ័ព​យុវវ័យ​បារាំង​ដែល​ណា​ប៉ូ​លេ​អុង​បាន​ប្រមែប្រមូល​ក៏​ទីបំផុត​ទីក្រុង​ទាំងមូល​បាន​សុខចិត្ត​ចុះចាញ់ ។ ទីបំផុត​ណា​ប៉ូ​លេ​អុង​ដឹង​ថា​ស្ថានភាព​គួរ​ឲ្យ​អស់សង្ឃឹម​បាន​ចូល​មក​ដល់ ។

ណា​ប៉ូ​ឡេ​អុង​ប្រកាស​ដាក់​រាជ
នៅ​ក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ហ្វុ​ង​តែ​ន​ណឺ​ប្លូ​(​ថ្ងៃ​៤​ខែមេសា​ឆ្នាំ​១៨១៤)​ណា​ប៉ូ​លេ​អុង​បាន​យល់ព្រម​ចុះ​ចេញពី​រា​ជប​ល្ល័​ង ។ សម្ព័​ន​មិត្ត​បាន​ដាក់​ឈ្មោះ​ឲ្យ​អ្នក​បន្តវេន​ពី​ណា​ប៉ូ​លេ​អុង​ស្តេច​ល្វី​សទី​១៨​ដែល​ជា​ប្អូនប្រុស​របស់​ស្តេច​ទី​១៦​ដែល​អ្នក​ធ្វើ​បដិវត្តន៍​បារាំង​បាន​ធ្វើ​គត់ ។ ណា​ប៉ូ​លេ​អុង​បានព្យាយាម​បំពុល​ខ្លួនឯង​ឲ្យ​បាត់បង់ជីវិត​តែ​មិន​បាន​សំរេច ។ សម្ព័​ន​មិត្ត​ដែល​ទទួល​ជ័យ​ជំនះ​បាន​និរទេស​គាត់ទៅ​កាន់​កោះ​អែ​លប៍ ។ នៅ​ក្នុង​ពេល​ដែល​ធ្វើ​ដំណើរ​គាត់​បាន​ក្លាយ​ខ្លួន​ប៉ុន្តែ​នៅ​ពេល​គេ​ស្គាល់​រូប​គាត់ប្រជាជន​បាន​ខឹង​ និង​ជេរប្រទេច​រូប​គាត់ ។ នៅ​ពេល​អាយុ​៤៥​វា​ហាក់ដូចជា​ថា​តួនាទី​របស់​គាត់​ក្នុងឆាកជីវិត​បាន​លិច​បាត់ ។

តែ​ទោះជា​យ៉ាងណា​ក្រោយមក​ប្រជាជន​បារាំង ពិតជា​មានការ​ស្រលាញ់ តិចតួច​ណាស់​ចំពោះ​ស្តេច​ល្វី​ស​ទី​១៨​ដែល​ប្រើ​អំណាច​គាបសង្កត់​ពួក​គេ​ដោយ​ប្រើប្រាស់​កំលាំង​បរទេស ។ ហើយ​សម្ព័​ន​មិត្ត​ក៏​មិន​អាច​យល់ព្រម​ស្រុះស្រួល​អំពី​អនាគត​ផែនដី​នៃ​ទ្វីបអឺរ៉ុប​ដែរ ។ ណា​ប៉ូលេ​អុង​ចាប់​ធុញទ្រាន់​នឹង​ជីវិត​នៅ​លើ​កោះ​អែ​លប៍​ហើយដោយ​ឱកាស​ហុច​ឲ្យ​ទៀត​នោះ​ក៏​ឆក់​យក ភ្លាម​ដើម្បី​ស្តារ​កេ​រិ៍​ឈ្មោះ ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់ ៖ បញ្ជាក់៖ វគ្គទី១ ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា

វគ្គទី២ ​ប៉ូ​ឡេ​អុង​ប្រើ​ល្បិច​ស្នៀត​ដឹកនាំ​កងទ័ព​ដោយ​ប្រើ​រង្វាន់

វគ្គទី៣ ណា​ប៉ូ​ឡេ​អុង​ធ្វើ​រដ្ឋប្រហារ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី

វគ្គទី៤ ការ​វាតទី​របស់​ណា​ប៉ូ​ឡេ​អុង​ធ្វើ​អោយ​ប្រទេស​អឺរ៉ុប​មិន​អាច​នៅ​ស្ងៀម​បាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ