ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​រុស្ស៊ី-​ជប៉ុន​មិន​ទាន់​ចុះ​សន្ធិសញ្ញា​សន្តិភាព​ ទោះបី​សង្គ្រាម​លោក​លើក​ទី២​បញ្ចប់​ជាង​៧០ឆ្នាំ?

1 ឆ្នាំ មុន

សង្គ្រាម​លោក​លើក​ទី​២​បាន​បិទ​បញ្ចប់​តាំង​ពីឆ្នាំ​១៩៤៥។ គិត​ទៅ​រយៈ​ពេល​៧៨​ឆ្នាំ​ទៅ​ហើយ,​ ហើយ​​ប្រទេស​ភាគ​ច្រើន​បំផុត​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​​សន្ធិ​សញ្ញា​សន្តិភាព​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នេះ​ជា​ផ្លូវ​ការ​។​ ​ប៉ុន្តែ​​មិន​ទាន់​មាន​ឡើយ​សន្ធិ​សញ្ញា​សន្តិ​ភាព​រវាង​ជប៉ុន និង​រុស្ស៊ី​។​ បញ្ហា​នេះ​មាន​ភាព​ចាក់​ស្រេះ​ប្រទាក់​ក្រឡា​គ្នា​ដែល​មិន​មែន​ងាយ​ស្រួល​ដោះ​ស្រាយ​នោះ​ទេ​។ ​​មុន​សង្គ្រាម​លោក​លើក​ទី​២​​ផ្ទុះ​ឡើង​, សហ​ភាព​សូវៀត​ និង​អាល្លឺម៉ង់​បាន​ចុះ​​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀង​មិន​ឈ្លាន​ពាន​គ្នា​ (Molotov-Ribbentrop Pact)…

សង្គ្រាម​លោក​លើក​ទី​២​បាន​បិទ​បញ្ចប់​តាំង​ពីឆ្នាំ​១៩៤៥។ គិត​ទៅ​រយៈ​ពេល​៧៨​ឆ្នាំ​ទៅ​ហើយ,​ ហើយ​​ប្រទេស​ភាគ​ច្រើន​បំផុត​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​​សន្ធិ​សញ្ញា​សន្តិភាព​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នេះ​ជា​ផ្លូវ​ការ​។​ ​ប៉ុន្តែ​​មិន​ទាន់​មាន​ឡើយ​សន្ធិ​សញ្ញា​សន្តិ​ភាព​រវាង​ជប៉ុន និង​រុស្ស៊ី​។​ បញ្ហា​នេះ​មាន​ភាព​ចាក់​ស្រេះ​ប្រទាក់​ក្រឡា​គ្នា​ដែល​មិន​មែន​ងាយ​ស្រួល​ដោះ​ស្រាយ​នោះ​ទេ​។

​​មុន​សង្គ្រាម​លោក​លើក​ទី​២​​ផ្ទុះ​ឡើង​, សហ​ភាព​សូវៀត​ និង​អាល្លឺម៉ង់​បាន​ចុះ​​ហត្ថ​លេខា​លើ​​កិច្ច​ព្រម​ព្រៀង​មិន​ឈ្លាន​ពាន​គ្នា​ (Molotov-Ribbentrop Pact) ​នៅ​ឆ្នាំ​១៩៣៩​។ ក្រោយមក​ទៀត​, សហ​ភាព​​សូវៀត​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​មិន​ឈ្លាន​ពាន​គ្នា​ជា​មួយ​​ជប៉ុន​រយៈ​ពេល​៥​ឆ្នាំ​កាល​ពី​ឆ្នាំ​១៩៤១​។ ​កិច្ច​ព្រម​ព្រៀង​ទាំង​២​បាន​ក្លាយ​ជា​រឿង​អសារ​ឥត​ការ​នៅ​ពេល​អ៊ីទ្លែ​បញ្ជា​ឱ្យ​កង​ទ័ព​​វាយ​ចូល​សហ​ភាព​សូវៀតកាល​ពី​ឆ្នាំ​១៩៤១។​

អតីត​រដ្ឋ​មន្ត្រី​កា​របរទេស​​រុស្ស៊ី​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​មិន​ឈ្លាន​ពាន់​គ្នា​ (រូប​ស្ដាំ​បង្អស់​)

កាល​នោះ​ ជប៉ុន​ឈរ​ខាង​ក្រុម​អាល្លឺម៉ង់ និង​អ៊ីតាលី នៅ​ក្នុង​​​ក្រុម​អាក់ស៊ីស (Axis) ឬ​អនុ​សញ្ញា​​ត្រី​ភាគី​ (tripartite pact)។ រីឯ​​សហ​ភាព​សូវៀត​​ឈរ​ខាង​ក្រុម​​សម្ព័ន្ធ​មិត្ត​​អាមេរិក និង​អង់គ្លេស​​​។ ​ក្រោយ​មក​, ​​​សហ​ភាព​សូ​វៀត​លែង​គោរព​តាម​កិច្ច​ព្រម​ព្រៀង​មិន​ឈ្លាន​ពាន​គ្នា​​, ហើយ​វាយ​លុក​ចូល​ប្រទេស​ជប៉ុន​តាម​តំបន់​ម៉ាន់​ជូរី​នា​ចុង​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២​។​

មេដឹកនាំ​អង់គ្លេស, អាមេរិក និង​សូវៀត​

​អាមេរិក​ឃើញ​​ដូច្នេះ​ ក៏​ប្រញាប់​​ទម្លាក់​គ្រាប់​បែក​​នុយក្លេអ៊ែរ​ម្ដង​ហើយ​ ម្ដង​ទៀត​ ​ដើម្បី​បង្ខំ​ឱ្យ​ជប៉ុន​ចុះ​ចាញ់​សង្គ្រាម​។ ទោះ​បី​ជប៉ុន​ចុះ​ចាញ់​សង្គ្រាម​ហើយ​ក៏​ដោយ ក៏​កងទ័ព​សូវៀត​បន្ត​វាយ​កាន់​កាប់​ទឹក​ដី​មួយ​ចំនួន​របស់​ជប៉ុន និង​បន្ត​ដាក់​កង​ទ័ព​នៅ​ទី​នោះ​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​។​

បញ្ហា​ចម្រូង​ចម្រាស​​គឺ​កោះ​តូច​ៗ​ចំនួន​បួន​ដែល​កងទ័ពសូវៀត​បន្ត​ឈរ​ជើង​នៅ​ទី​នោះ ហើយ​ដែល​បន្ទច់​បង្អាក់​ដល់​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ជា​ផ្លូវ​ការ​។ ​​កាល​ពី​ឆ្នាំ​១៩៥៦, សហ​ភាព​សូវៀត និង​ប្រទេស​ជប៉ុន​ ​ចុះ​ហត្ថលេខា​លើ​សេចក្ដី​ថ្លែង​ការណ៍​រួម​​គ្នា​មួយ​ដែល​បិទ​បញ្ចប់​​ការ​ច្បាំង​គ្នា​។ ប៉ុន្តែ​ប្រទេស​ទាំង​២​ពុំ​ដែល​មាន​ទំនាក់​ទំនង​ស្អិត​ល្មួត​នឹង​គ្នា​ម្ដង​ណា​​ឡើយ​​។​


បញ្ហា​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​កូន​កោះ​តូច​ៗ​ចំនួន​៤​
​​សព្វ​ថ្ងៃ​, ប្រទេស​រុស្ស៊ី​​នៅ​តែ​បន្ត​គ្រប់​គ្រង​​​ប្រជុំ​កោះ​គូរីល​ (Kuril Islands) ទោះបី​​​ជប៉ុន​ចាត់​ទុក​ថា​​នេះ​​ជា​ដែន​អធិប​តេយ្យ​ភាព​របស់​ខ្លួន​។ ​កោះ​ទាំង​​៤​​មាន​ជន​ជាតិ​ជប៉ុន​រស់​នៅ​ជា​អចិន្ត្រៃយ៍​ មាន​ភូមិ​អ្នក​នេសាទ មាន​ចម្ការ​​​ និង​សំណង់​រឹង​មាំ​។ មាន​​​​ភស្តុ​តាង​​​បញ្ជាក់​ថា​ជនជាតិ​ជប៉ុន​ធ្លាប់​រស់​នៅ​ទី​នោះ​ជា​​​​យូរ​មក​ហើយ។​ ឧទាហរណ៍​ ​​ផ្លូរ​បុរាណ​ វត្ត​អារាម និង​ទី​​កន្លែង​​សក្ការៈ​​។​

​​​​​ប្រទេស​ទាំង​២​​ធ្លាប់​បាន​ចុះ​ហត្ថ​លេខា​លើ​បទ​ឈប់​បាញ់​​។​​ ប៉ុន្តែ​វា​​​គ្មាន​​​តម្លៃ​ស្មើ​នឹង​សន្ធិ​សញ្ញា​សន្តិ​ភាព​ទេ​។​ បញ្ហា​នេះ​ធ្វើ​ឱ្យ​ការ​ចរចា​មាន​ភាព​ផុយ​ស្រួយ​ និង​ស្មុគស្មាញ​ខ្លាំង​ ដែល​ពិបាក​​​​​​​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​នៅ​ក្នុង​តំបន់​​​​។ ប្រទេស​ជប៉ុន​​ចង់​បាន​ការ​ចរ​ចា​ដែល​​មិន​ខាត​បង់​ទឹក​ដី និង​ជា​សន្ធិ​សញ្ញា​សន្តិ​ភាព​​​។ ប៉ុន្តែ​​ជប៉ុន​រក្សា​​​ទំនាក់​ទំនង​រឹង​មាំ​ជា​មួយ​អាមេរិក​ ដែល​អាមេ​រិក​មិន​ដែល​ត្រូវ​គ្នា​ជា​មួយ​ប្រទេស​រុស្ស៊ីទេ​។ ​​មូល​ហេតុ​នេះ​ហើយ​ដែល​​​ពិ​បាក​នឹង​​រក​​ចំណុច​ឯក​ភាព​គ្នា​។​​​


ហេតុ​អ្វី​កូន​កោះ​ទាំង​៤​នោះ​ជា​ចំណុច​រសើប?
កូន​កោះ​តូច​ៗ​ទាំង​៤​នោះ ​ក្រៅ​ពី​មានមាន​ប្រវត្តិ​​ទាក់​ទង​ផ្នែក​​វប្បធម៌ និង​ប្រវត្តិ​សាស្ត្រ​ ទី​នេះ​ក៏​ជា​តំបន់​យុទ្ធ​សាស្ត្រ​​ដ៏​​សំខាន់​ផង​ដែរ។​ កោះ​ទាំង​នេះ​ជា​ទី​​សំចត​នៃ​​កង​នាវា​ចរណ៍​​រុស្ស៊ី​នៅ​តំបន់​វ៉្លាឌីវ៉ូស្តុក។ ​នេះ​ជា​ច្រក​ផ្លូវ​សម្រាប់​​នាវាចម្បាំង និង​នាវា​មុជ​ទឹក​របស់​រុស្ស៊ី​​​។ នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​រុស្ស៊ី​, ទី​នេះ​​​គឺ​ជា​តំបន់​ភូមិ​សាស្ត្រ​ដ៏​សំខាន់​ជា​អាយុ​ជីវិតសម្រាប់​ ទី​១- ​​កង​នាវា​ចរណ៍​របស់​​រុស្ស៊ី​នៅ​តំបន់​ប៉ាស៊ីហ្វិក​, ទី២- យុទ្ធ​​សាស្ត្រ​របស់​រុស្ស៊ី​​នៅ​ប៉ាស៊ីហ្វិក​ និង​ទី​៣- ​ការ​ដាក់​ជើង​​របស់​រុស្ស៊ី​ចូល​​ប៉ាស៊ីហ្វិក​។​​

​​​រុស្ស៊ី​​​​មិន​ចង់​​​​​​ចុះ​ហត្ថ​លេខា​លើ​​សន្ធិ​សញ្ញា​សន្តិភាព​​ទាំង​ប្រញាប់​ប្រញាល់​ទេ​​​ ព្រោះ​​ប្រទេស​ជប៉ុន និង​ក្រុម​សម្ព័ន្ធមិត្ត​អាច​នឹង​​មាន​ឱកាស​កាន់​តែ​​ច្រើន​ដើម្បី​​​ឃ្លាំ​មើល​សកម្ម​ភាព​របស់​កង​នាវា​ចរណ៍​រុស្ស៊ី​​នៅ​តំបន់​ខាង​ត្បូង​​​។ ​​​កង​នាវាចរណ៍​រុស្ស៊ី​ចេញ​ចូល​ពេល​ណា​ត្រូវ​គេ​ដឹង​ទាំង​អស់​។ ​​មាន​ន័យ​ថា​បើ​រុស្ស៊ី​ចុះ​សន្ធិ​សញ្ញា​សន្តិ​ភាព​ ប្រៀប​បាន​នឹង​ការ​នាំ​ទុក្ខ​ដាក់​ខ្លួន​ទៅ​វិញ​៕​​​

ប្រភព៖ ABC Australia និង​ប្រភព​ដទៃ​ទៀត​
https://www.abc.net.au/news/2018-09-12/russia-and-japan-never-declared-peace-after-wwii-heres-why/10234028

រថ​ក្រោះ​អាល្លឺម៉ង់​
យន្ត​ហោះ​ចម្បាំង​អាល្លឺម៉ង់​
កោះ​គូរីល
កោះ​គូរីល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ