ខេត្តសៀមរាប ៖ បងប្អូនប្រជាកសិករនៅតាមបណ្តាស្រុកមួយចំនួននៃខេត្តសៀមរាប ដែលបានទទួលរងគ្រោះរាំងស្ងួត និងទឹកជំនន់ផង កាលពីដើមរដូវនៃការបង្កបង្កើនផលឆ្នាំ២០១៩នេះ មានការត្អូញត្អែរអំពីតម្លៃស្រូវពួកគាត់ត្រូវបានក្រុមឈ្មួញកណ្តាលបញ្ចុះតម្លៃទៅតាមតែអំពើចិត្ត ។
តាមការបញ្ជាក់របស់បងប្រុសតំណាងបងប្អូនប្រជាកសិករដោយមិនបានបញ្ចេញឈ្មោះ ស្ថិតនៅក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានឲ្យដឹងថា នៅដើមរដូវបង្កបង្កើនផលប្រជាកសិករយើងបានជួបនូវគ្រោះរាំងស្ងួតធ្វើឲ្យដំណាំស្រូវខូចខាតស្ទើរទាំងស្រុង ។
ក្រោយពេលទទួលអំណោយស្រូវពូជពីរាជរដ្ឋាភិបាលកម្ពុជាបងប្អូនយើងបានធ្វើការស្តាឡើងវិញនៅពេលដែលមានភ្លៀងធ្លាក់ ។ តែអកុសលនៅពេលដែលស្រូវបានកំពុងដុះឡើងក៏បានជួននូវជំនន់ទឹកភ្ញៀវបានបំផ្លិចបំផ្លាញដំណាំស្រូវមួយចំនួនផងដែរ ។
បងប្រុសបានបន្តទៀតថា នៅពេលដែលបងប្អូនប្រជាកសិករយើងបានកំពុងធ្វើការប្រមូលផលស្រូវ ហើយត្រូវបានក្រុមឈ្មួញចុះមកប្រមូលទិញផលស្រូវនៅតាមបណ្តាមូលដ្ឋាន ត្រូវបានឲ្យតម្លៃ ស្រូវរបស់ប្រជាកសិករយើងមានតម្លៃទាប ហើយបងប្អូនប្រជាកសិករ យើងមួយចំនួនក៏បានលើកឡើងថា ការធ្វើស្រូវមួយឆ្នាំនេះទូទាត់ទៅមិនបានរួចតម្លៃថ្លៃជី និងថ្លៃច្រូតកាត់ផង ព្រមទាំងគ្មានស្រូវដាក់ជង្រុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃក្រុមគ្រួសារទៀតផង ។
ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការព្រួយបារម្ភអំពីបញ្ហាការខ្វះខាតស្បៀងផ្គត់ផ្គង់ក្នុងក្រុមគ្រួសារនាឆ្នាំក្រោយនេះ ។ បងប្រុសក៏បានសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចអាជ្ញាធរខេត្ត ស្រុក សូមជួយឲ្យអន្តរាគមន៍ចំពោះតម្លៃនៃស្រូវរបស់ប្រជាកសិករកុំឲ្យក្រុមឈ្មួយធ្វើការបន្ថោកតម្លៃស្រូវរបស់ប្រជាកសិករដែលបានខិតខំបង្ហូរញើសក្រោមកម្តៅថ្ងៃ ហាលភ្លៀងដោយគ្មានពេលល្ហែរ ដើម្បីបង្កបង្កើនផលចិញ្ចឹមជីវិត ។ ម្យ៉ាងទៀតក៏សុំឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សារ និងកំណត់តម្លៃឲ្យបានច្បាស់ងាយស្រួលដល់ប្រជាកសិករកុំឲ្យក្រុមឈ្មួញធ្វើទៅតាមអំពើចិត្តនោះ ។
តាមការបញ្ជាក់របស់បងស្រីជាឈ្មួញកណ្តាលក្នុងការប្រមូលទិញស្រូវពីប្រជាពលរដ្ឋសុំមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានយើងថា ក្នុងការប្រមូលទិញស្រូវនេះ គឺគិតតម្លៃទៅតាមប្រភេទស្រូវចំពោះស្រូវម្លិះក្រហម ១គីឡូក្រាម តម្លៃ១ពាន់៨០០រៀល , ស្រូវ ម្លិះស ១គីឡូក្រាម តម្លៃ៧០០រៀល , ចំពោះស្រូវសុទ្ធ១គីឡូក្រាម តម្លៃ៩៥០រៀល ស្រូវចម្រុះ ១គីឡូក្រាម តម្លៃ៨០០រៀល ។
បើយោងទៅតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ថា ការប្រមូលផលស្រូវវស្សាបានសរុប១២៩ពាន់៧០៣ហិកតា ទិន្នផលជាមធ្យម២,១៩៥តោនក្នុងមួយហិកតា បរិមាណផលសរុប២៨៤ពាន់៨១៣ តោន ។ ក្នុងនោះដែរ តម្លៃស្រូវក្រអូបស្ងួត១គីឡូក្រាមតម្លៃ១ពាន់៥០០រៀល , ស្រូវក្រអូបសើ0ម ១គីឡូក្រាមតម្លៃ១ពាន់៥០រៀល , ស្រូវចម្រុះស្ងួត១គីឡូក្រាម តម្លៃ៩៥០រៀល , ស្រូវចម្រុះសើម១គីឡូក្រាមតម្លៃ៨៥០រៀល ។
តាមការបញ្ជាក់របស់ជំនាញកសិកម្មលើដំណាំស្រូវ ដើម្បីឲ្យស្រូវរបស់ប្រជាកសិករមានទីផ្សារ និងមានតម្លៃខ្ពស់នោះ គឺសូមឲ្យបងប្អូនប្រជាកសិករចេះជ្រើសរើសគ្រប់ពូជស្រូវ ដើម្បីតម្រូវការទៅតាមទីផ្សារ ព្រមទាំងឲ្យចេះចងក្រងក្រុមក្នុងការបង្កបង្កើនផលក្នុងការជៀសវាងការចម្លងពូជស្រូវពីស្រែមួយទៅស្រែមួយដែលធ្វើឲ្យស្រូវបងប្អូនមានលក្ខណៈគ្រាប់ស្រូវចម្រុះដោយក្នុងតំបន់វាលស្រែនោះធ្វើស្រែមានពូជស្រូវគ្រប់ប្រភេទដែលបង្កឲ្យស្រូវបងប្អូនក្លាយមិនសុទ្ធដូចគ្រាប់ពូជដែលបានធ្វើនោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ