ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងរងាយ៉ាងណា មួយគ្រួសារ​​យក​មេឃ​​ធ្វើ​ជា​ដំបូល ​យក​ទីវាល​ធ្វើ​ជា​ជញ្ជាំង (មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញមនុស្ស​ម្នា​គ្រប់​គ្នា​សុទ្ធតែ​នាំ​គ្នា​ស្នាក់​នៅ​ក្នុងផ្ទះ​បិទទ្វារ​ជាតិ​ឈឹង ខណ​:​ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​​បែប​នេះ ដោយឡែក​ស្ត្រី​ក្រីក្រ​ម្នាក់ និង​ប្តី រួម​ជាមួយ​កូន​តូច​ម្នាក់​អាយុ​ប្រហែល​៥​ខែ គ្រាន់តែ​ពាក់​សម្លៀក​បំពាក់​ធម្មតា ហើយ​ពួក​គាត់​​បាន​សុំ​ទីលាន​វត្ត​ចត​ស្នាក់​នៅ​កណ្តាលវាល​អស់​រយ​:​ពេល​ជិត​១​ស​ប្តា​ហ៍​មក​ហើយ ដើម្បី​នាំ​គ្នា​ដើរ​រើស​អេ​ត​ចាយ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​កំឡុង​ពេល​គេ​ធ្វើ​ពិធី​តាំងពិព័រណ៍…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញមនុស្ស​ម្នា​គ្រប់​គ្នា​សុទ្ធតែ​នាំ​គ្នា​ស្នាក់​នៅ​ក្នុងផ្ទះ​បិទទ្វារ​ជាតិ​ឈឹង ខណ​:​ពេល​អាកាសធាតុ​ត្រជាក់​ខ្លាំង​​បែប​នេះ ដោយឡែក​ស្ត្រី​ក្រីក្រ​ម្នាក់ និង​ប្តី រួម​ជាមួយ​កូន​តូច​ម្នាក់​អាយុ​ប្រហែល​៥​ខែ គ្រាន់តែ​ពាក់​សម្លៀក​បំពាក់​ធម្មតា ហើយ​ពួក​គាត់​​បាន​សុំ​ទីលាន​វត្ត​ចត​ស្នាក់​នៅ​កណ្តាលវាល​អស់​រយ​:​ពេល​ជិត​១​ស​ប្តា​ហ៍​មក​ហើយ ដើម្បី​នាំ​គ្នា​ដើរ​រើស​អេ​ត​ចាយ​លក់​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​កំឡុង​ពេល​គេ​ធ្វើ​ពិធី​តាំងពិព័រណ៍ ។

ហេតុការណ៍​ប្រទះ​ឃើញ​គ្រួសារក្រីក្រ​​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​ពោធិ​មា​រាម ហៅ​វត្ត​ប៉ា​ហ៊ី ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​ក្រីក្រ​នាំ​ប្តី​បើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​ដើរ​រើស​អេ​ត​ចាយ​លក់​សម្រាប់​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​មានឈ្មោះ ឃុន នឿ​ម អាយុ​៤០​ឆ្នាំ ​ចំណែក​ប្តី​ឈ្មោះ គុន រិ​ទ្ធ អាយុ​៤០​ឆ្នាំ មានស្រុក​កំ​ណើ​ត​រស់នៅ​ក្នុងភូមិ​ព្រៃ​រូង ឃុំ​បឹង​ខ្នា ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ស្ត្រី​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ទាំង​សភាព​រងារ​ខ្លាំង​ថា គាត់​មក​សម្រាក​នៅ​ទី​នេះ ដើម្បី​រើស​អេ​ត​ចាយ ពេល​ឃើញ​មាន​គេ​ធ្វើ​ពិធី​​តាំងពិព័រណ៍​ក្នុង​ក្រុងប៉ៃលិន​អស់​រយ​ៈពេល​ប្រហែល​១​អាទិត្យ​មក​ហើយ ដោយ​ទាំង​៣នាក់​ប្តី​ប្រពន្ធ​និងកូន​តែងតែ​ដេក​នៅ​លើរ៉ឺ​ម៉កម៉ូតូ​​របស់​ខ្លួន​យក​មេឃ​ធ្វើ​ជា​ដំបូល និង​យក​ទីវាល​ធ្វើ​ជា​ជញ្ជាំង ។

​ស្ត្រីដដែល​បន្ត​ទៀត​ថា គាត់​មានកូន​ចំនួន​៧​នាក់​ (ប្រុស​៣​នាក់ ស្រី​៤​នាក់) កូនច្បង​អាយុ​១៩​ឆ្នាំ ដោយ​គាត់​​មាន​​ប្តី​ចំនួន​២​នាក់ ប្តី​មុន​កូន​ចំនួន​៣​នាក់ ​បន្ទាប់មក​ប្តី​ឈឺ​​​ក៏ចែកឋាន​ចោលទៅ​ ទើប​យកប្តី​ក្រោយ​ម្នាក់​ទៀត បានកូន​៤​នាក់ ។

​ស្ត្រីដដែល​​បាន​បន្ថែម​ទៀត​ថា រាល់ថ្ងៃ​ពួក​គាត់​គ្មាន​ផ្ទះសម្បែង​ស្នាក់​នៅ​ត្រឹម​ត្រូវ​នឹង​គេ​នោះ​ទេ ដោយ​កូន​ៗ​របស់​​គាត់​មួយ​ចំនួន​ទៅ​ស៊ីឈ្នួល និង​រស់នៅ​ជាមួយ​គេ​អស់ហើយ គ្មាន​បាន​រៀនសូត្រ​ចេះ​ដឹង​នឹង​គេ​ទេ ។ ចំណែក​ពួក​គាត់ ខិតខំ​ប្រឹង​ដើរ​រើស​អាត​ចាយ​សម្រាប់​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ បាន​ព្រឹក​ខ្វះ​ល្ងាច យប់​កន្លែង​ណា ដេក​នៅ​កន្លែង​នោះ ជាមួយនឹងរ៉ឺ​ម៉ក​​ម៉ូតូ​របស់​ខ្លួន ដែល​ក្នុង​១​ថ្ងៃ​អាច​រក​ចំណូល​បាន ត្រឹមតែ​២​ម៉ឺន​ទៅ​៣​ម៉ឺន​រៀល​ប៉ុណ្ណោះ ។ គាត់​បញ្ជាក់​ថា នៅ​រដូវ​នេះ​ពិតជា​ត្រជាក់​ខ្លាំង​ណាស់ ស្ទើរតែ​ទ្រាំ​មិន​បាន​ទៅ​ហើយ តែ​សម្រាក​នៅ​លើ​រ៉ឺ​មក​ម៉ូតូ​ដេក​ផ្ទុយ​គ្នា​ចង្អៀត​ប​ន្តិ​ច​មែន តែ​មិនសូវ​រងារ​ប៉ុន្មាន​នោះ​ទេ តែបើ​រដូវក្តៅ​វិញ មានការ​លំបាក​ខ្លាំង​ព្រោះ​ស្អុះស្អាប់​ចង្អៀត​គ្នា​ពេក ។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ ការ​តាំងពិព័រណ៍​បាន​បញ្ចប់​ហើយ ពួក​គាត់​ក៏​ត្រៀ​ម​ខ្លួន​រៀបចំ​អីវ៉ា​ន់​បន្ត​ទៅ​រក​រើស​អេ​ត​ចាយ​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត ។ ព្រោះ​គាត់​គ្មាន​ដីស្រែ ចម្ការ គ្មាន​សាច់ញាតិ​បងប្អូន​នឹង​គេ​នោះ​ទេ ជា​កូនកំព្រា ហើយ​គ្មាន​ចំណេះដឹង​ថែម​ទៀត មិនដឹង​ជា​ថ្ងៃ​ណា​ខែ​ណា អាច​មាន​ជីវភាព​ធូរធារ​ដូច​គេ​នោះ​ទេ មាន​តែ​រស់នៅ​កំដរ​ថ្ងៃ​ផុតដង្ហើម​ប៉ុណ្ណោះ ។ ​មាន​តែ​រ៉ឺ​ម៉ក​ម៉ូតូ​​មួយ​គ្រឿង​ចាត់​ទុក​ថា ​ជា​សំណាង​ខ្លាំង​ណាស់​សម្រាប់​ជីវិត​របស់​ពួក​គាត់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ