រាជធានីភ្នំពេញ ៖ លក់គ្រឿងទេសខាតឡុងចុង បុរសម្នាក់សម្រេចចិត្តចាប់យកមុខរបរជាអ្នកមើលថែក្មេងៗវិញម្តង ជាមុខរបរថ្មីមួយដែលគាត់ធ្វើបានដោយរីករាយ ។ បុរសពោះម៉ាយវ័យ២៩ឆ្នាំម្នាក់ បានសម្រេច
 ចិត្តជួលផ្ទះមួយកន្លែងចងអង្រឹងត្រៀបត្រា ឮសំឡេងក្មេងខ្លះយំ ខ្លះស្រែកយ៉ាងទ្រហឹង សម្រាប់មើលថែក្មេងៗដែលមានអាយុចាប់ពី៣ខែ៤ទៅ៥ខែ រហូតដល់អាយុ៤ខួបក៏មាន ដែលសុទ្ធតែជាកូនៗរបស់កម្មករ កម្មការិនីរោងចក្រ ដែលគេយកមកផ្ញើប្រចាំថ្ងៃ ។

បុរសអ្នកមើលថែនិយាយថា ក្នុងមួយខែៗតម្លៃចាប់ពី១៥ដុល្លារ២០ដុល្លារ រហូតដល់៤០ដុល្លារទៅតាមតូចឬធំ និងរកចំណូលបានរហូតទៅដល់ជិត៨០០ដុល្លារក្នុងមួយខែៗ ។ គាត់ថា ក្រោយពីមុខរបរលក់ចាប់ហួយរបស់គាត់ដែលរលំទៅកាលពីមុនចំណាយដើមទុនច្រើន ហើយលក់មិនសូវដាច់ខាតឡុងចុងអស់ចុងអស់ដើម ។ លុះមួយរយះចុងក្រោយក៏មានការចែកផ្លូវគ្នាជាមួយនឹងប្រពន្ធទៀត ។ 

ដៃម្ខាងបីក្មេងបណ្តើរ រត់ចុះឡើងទៅមើលក្មេងៗដ៏ទៃទៀតបណ្តើរ ដូចចាប់ក្តាមដាក់ចង្អេរនោះ បុរសឈ្មោះ យ៉ន គន្ធា អាយុ២៩ឆ្នាំ បាន រៀបរាប់ប្រាប់ឱ្យដឹងថា ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយកាលពីមុនបានបួសជាព្រះសង្ឃគង់នៅវត្តត្រពាំងផ្លុង និងបានសឹករៀបការជាមួយ និងស្ត្រីម្នាក់រស់នៅ ក្នុងភូមិស្រុកជាមួយគ្នា ដោយប្រកបមុខរបរធ្វើស្រែចំការ ។

លុះមកដល់ឆ្នាំ២០១៦ ខ្ញុំជាមួយនិងស្ត្រីជាប្រពន្ធ និងកូនស្រីចិញ្ចឹមម្នាក់មានអាយុ៤ខួប ក៏បាននាំគ្នាចាកចេញពីស្រុកកំណើត មករស់នៅទីក្រុងភ្នំពេញ ដោយបានមកជួលផ្ទះ មួយកន្លែង ដែលស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរលក់អីវ៉ាន់គ្រឿងទេស ។

ក្នុងមុខរបរលក់អីវ៉ាន់ចាប់ហួយរបស់គាត់រកស៊ីបានរយៈពេលជាង១ឆ្នាំកន្លងមកនេះ គឺត្រូវការចំណាយដើមទុនច្រើនលក់មិនសូវដាច់ ជីវភាពគ្រួសារមានការខ្វះខាត រកយូរទៅរកតែលុយចាយមិនបាន មិនតែប៉ុណ្ណោះ ក៏ខាតឡុងចុងអស់ចុងអស់ដើមនិងឈប់លក់ទៅ ។ 

បុរសដដែលបានរៀបរាប់ប្រាប់បន្តទៀតថា ក្រោយពីមុខរបរ លក់ដូរអីវ៉ាន់របស់គាត់ដួលរលំទៅស្ត្រីជាប្រពន្ធរបស់គាត់ ក៏បានទៅចូលធ្វើការក្នុងរោងចក្រកាត់ដេរ ចំណែកឯរូបគាត់មិនមានការងារធ្វើនៅផ្ទះមើលកូន និងបានឃើញអ៊ុំស្រីម្នាក់រស់នៅក្បែរខាងមើលថែក្មេងៗរាងទំនងនោះ រូប គាត់ក៏សម្រេចចិត្តចាប់យកមុខរបរមួយនេះដែរ ដោយបានទិញអង្រឹងមួយចំនួនយកមកដាក់តម្រៀបជាជួរដង្ហែគ្នា នៅក្នុងផ្ទះជួលរបស់គាត់ និងចាប់ផ្តើមទទួលមើលថែក្មេងៗដែរ ។

លោក យ៉ន គន្ធា ក៏បានប្រាប់បន្តទៀតថា ចាប់តាំងពីរូបគាត់ចាប់ផ្តើមចាប់យកមុខរបរមើលថែក្មេងៗចាប់តាំងដើមឆ្នាំ២០១៧កន្លងមកនេះមានឪពុកម្តាយ ដែលពួកគាត់សុទ្ធតែជាអ្នកធ្វើការ នៅតាមរោងចក្រដាត់ដេរ និង ស្នាក់នៅផ្ទះជួលគ្មានអ្នកមើលនោះ ក៏បាននាំគ្នាយកកូនៗរបស់គាត់ទាំងប្រុសស្រី ដែលមានអាយុចាប់ពី៣ខែ៥ទៅ៦ខែ និងរហូតដល់ខ្លះពី៣ទៅ៤ខួបក៏មាន យកមកផ្ញើឱ្យរូបគាត់មើលជាបន្តបន្ទាប់ ។

ក្មេងៗដែលរូបគាត់មើលថៃរាល់ថ្ងៃមានពី២០ទៅ២២នាក់ ដោយក្មេងៗតូចៗចាប់ពីអាយុ៣ខែ៥ទៅ៦ខែ ម្នាក់ៗក្នុងមួយខែយកតម្លៃ៤០ដុល្លារ ដោយមើលថែចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច ។ ចំណែកឯក្មេងៗដែលមានអាយុចាប់ពី៣ទៅ៤ខួប មានតម្លៃពី១៥ទៅ២០ដុល្លារប៉ុណ្ណោះ ព្រោះពួកគេត្រូវបានឪពុកម្តាយយកទៅចូលសាលារៀន និងផ្ញើតែមួយពេលៗខ្លះព្រឹក ឬថ្ងៃល្ងាចតែប៉ុណ្ណោះ និងគេមកយកទៅវិញនៅពេលដែលចេញពីធ្វើការក្នុងរោងចក្រ ។

ក្នុងការមើលថែក្មេងៗដែរក្នុងមួយខែលោកអាចរកចំណូលបានចាប់ពីជាង៧០០ដុល្លារ ទៅជិត៨០០ដុល្លារ ផាត់ថ្លៃផ្ទះជួលក្នុងមួយខែ១២០ដុល្លារបង់ថ្លៃទឹក ថ្ងៃភ្លើង រួចពីការចាយវាយលោកអាចសល់ក្នុងមួយខែៗ៤៥០ដុល្លារជាប្រចាំ ធ្វើឱ្យជីវភាពរស់នៅប្រសើរឡើងជាង កាលពីនៅលក់អីវ៉ាន់ចាប់ហួយ ។

សព្វថ្ងៃនេះ មុខរបរមើលថែទាំក្មេងៗនេះបានធ្វើឱ្យជីវភាពរស់នៅរបស់គាត់មានសភាពធូរធា ប្រសើរឡើងជាងមុន ។ ម្យ៉ាងទៀតរូបគាត់ក៏បានចែកផ្លូវគ្នាជាមួយនិងប្រពន្ធរបស់គាត់អស់រយៈពេល៤ខែមកហើយ និងរស់នៅផ្ទះតែ២នាក់ប្អូនប្រុសបង្កើតម្នាក់ធ្វើជាសន្តិសុខរោងចក្រប៉ុណ្ណោះ ។ 

ការមើលថែទាំបីបាច់ក្មេងៗនេះដែរ គេកត់សម្គាល់ថា មានតែស្ត្រីទេដែលចាប់យកមុខរបរមួយនេះ តែអ្វីដែលប្លែកនោះ បែរជាបុរសពោះម៉ាយវ័យក្មេងម្នាក់នេះ ចាប់យកធ្វើជាមុខរបរចិញ្ចឹមជីវិតរស់នៅយ៉ាងធូរ ដោយក្នុងមួយខែៗរូបគាត់អាចរកប្រាក់ចំណូលបានចាប់ពី ៧០០ដុល្លារទៅ៨០០ដុល្លារផងដែរ ៕







 
                        
			         
				
ចែករំលែកព័តមាននេះ