ប៉ូលិស​បាញ់​មនុស្ស​ដូច​បាញ់​ចាប ​ត្រូវ​ឃុំ​ខ្លួន


រាជធានី​ភ្នំពេញ ៖ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ម្នាក់ ដែល​ញៀន​ថ្នាំ​ឡើង​ង៉ាង​រហូត​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​លែង​បាន ហើយ​ទាញ​កាំភ្លើង​អាកា​បាញ់​បុរស​ម្នាក់​ជា​អ្នក​ជិតខាង​បណ្ដាល​ឱ្យ​របួស ត្រូវ​បាន​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​សាលាដំបូង​កាលពី​ថ្ងៃ​ទី​៤ ធ្នូ ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​បទ​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។ ខណៈ​ពេល​នេះ ជនជាប់សង្ស័យ​មិន​ទាន់​បាត់​ង៉ាង​ថ្នាំ​ញៀន​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២ ធ្នូ នៅ​ចំណុច​ផ្លូវ​លេខ​២៧១​ហ្សេ​ត ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ លោក សុង ពិសិដ្ឋ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​សា​ឡា​ង មាន​ឋានន្តរស័ក្តិ​ព្រឹទ្ធ​បាល​ឯក ជា​ប៉ូលិស​ចូល​ថ្មី ស្នាក់​នៅផ្ទះ​ជួល​ក្បែរ​កន្លែង​កើតហេតុ បាន​ផ្ទុះ​អាវុធ​ចំនួន​៣​គ្រាប់ បណ្តាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​ឈ្មោះ សឹង សុផល ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នក​ម៉ៅការ​សំណង់ ស្នាក់​នៅផ្ទះ​លេខ​៥៧ រង​របួស​ខ្នង ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​សូ​វៀត ។

ស្ត្រី​ម្នាក់​ឈ្មោះ សឹង សុធី អាយុ​២៣​ឆ្នាំ ជា​កូន​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ មន្ត្រី​នគរបាល​នោះ​បាន​កាន់​កាំភ្លើង​អាកា​មួយ​ដើម ក្នុង​សម្លៀក​បំពាក់​ឈុត​ជា​នគរបាល​ជាតិ បាន​ដើរទៅ​ផ្លូវ​លំហើយ​ស្រែ​កថា អា​ហ៊ា​ង​អ្ហែង​នៅ​ណា ? ស្រែក​ជា​ច្រើន​ដង ហើយ បាន​អា​ម៉េ​ប​ញ្ជូ​ល​គ្រាប់​បាញ់​ឡើង​លើ​មួយ​គ្រាប់ ។

ភ្លាម​នោះ ឪពុក​នាង​ឃើញ​ទំនង​មិន​ស្រូល​ក៍​ទាញ​ម៉ូតូ​បម្រុង​ជិះ​ចេញ តែ​ត្រូវ​បាន​មន្ត្រី​នគរបាល​រូប​នោះ​ស្នាក់​ផ្លូវ ហើយ​តម្រង់​បាញ់​ចំនួន​២​គ្រាប់​ផ្ទួន​ៗ​គ្នា​ក្នុង​ចម្ងាយ​ជិត​បំផុត បណ្តាល​ឲ្យ​គាត់​ត្រូវ​១​គ្រាប់​បញ្ឆិត​ខ្នង​ដោយសារ​តែ​ឪពុក​នាង​គាត់​អោន​ផុត និង​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ ។ បន្ទាប់​ពី​មាន​ករណី​ផ្ទុះអាវុធ​បណ្តាល​ឲ្យ​មាន​របួស​អ្នក​ដ៏​ទៃ​នោះ សមត្ថកិច្ច​បាន​ចុះ​ទៅ​ឃាត់ខ្លួន និង​វាយ​ខ្នោះ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ង៉ាង​ថ្នាំ បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ហើយ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រើស​បាន​សំបក​គ្រាប់កាំភ្លើង​អាកា​ចំនួន​៣​ផង​ដែរ ។

គិត​មក​ដល់​ពេល​នេះ​២​យប់​៣​ថ្ងៃ លោក សុង ពិសិដ្ឋ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​សាឡា​ង ខ័​ណ្ឌ​ទួល​គោក នៅ​មិន​ទាន់​មាន​ស្មារតី​គ្រប់គ្រាន់ ដឹង​ខុស​ត្រូវ​នៅឡើយ​ទេ សូ​ម្បី​ចម្លើយ​នៅ​សមត្ថកិច្ច ក៏​គេ​នៅ​ឆ្លើយ​របៀប​ញៀន​ថ្នាំ​មិន​ទាន់​បាត់​នៅឡើយ គឺ​គ្រប់គ្រង​ខ្លួនឯង​លែង​បាន ៕​

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ