ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​រាត្រីសមោសរ ABC Lions of Fashion អបអរសាទរ​អ្នក​ច្នៃ​ម៉ូ​ដ និង​អ្នក​បង្ហាញ​ម៉ូ​ដ​ដ៏​លេចធ្លោ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​ម៉ូ​ដ​នៅ​កម្ពុជា បាន​ទទួល​ការ​លើកតម្កើង បន្ទាប់​ពី​អ្នក​ច្នៃ​ម៉ូ​ដ និង​អ្នក​បង្ហាញ​ម៉ូ​ដដែល​បាន​ទទួល​ជ័យ​លា​ភី​នៃ​កម្មវិធី ABC Lions of Fashion…

រាជធានី​ភ្នំពេញ ៖ វិស័យ​ឧស្សាហកម្ម​ម៉ូ​ដ​នៅ​កម្ពុជា បាន​ទទួល​ការ​លើកតម្កើង បន្ទាប់​ពី​អ្នក​ច្នៃ​ម៉ូ​ដ និង​អ្នក​បង្ហាញ​ម៉ូ​ដដែល​បាន​ទទួល​ជ័យ​លា​ភី​នៃ​កម្មវិធី ABC Lions of Fashion បាន​គ្រងរាជ្យ​ក្នុង​កម្មវិធី​រាត្រីសមោសរ ដ៏​ល្បីល្បាញ​មួយ​នៅ​រាជធានី​ភ្នំពេញ​។ កាលពី​រាត្រី​ថ្ងៃ​ទី ៥ ខែធ្នូ ទស្សនិកជន​លំដាប់ថ្នាក់​ខ្ពស់​បាន​ជួបជុំ​គ្នា​នៅ​សាល​កោះ​ពេជ្រ ក្នុង​កម្មវិធី​រាត្រីសមោសរ ABC Lions of Fashion ។

កម្មវិធី​ពោរពេញ​ទៅ​ដោយ​ការ​កោតសរសើរ​បាន​ឈាន​ទៅ​ដំណាក់កាល​ចុង​ក្រោយ​នៃ​បេសកកម្ម​របស់​ស្រា​បៀរ ABC Extra Stout ក្នុង​ការ​ស្វែងរក​អ្នក​ច្នៃ​ម៉ូ​ដ និង​អ្នក​បង្ហាញ​ម៉ូ​ដ​វ័យក្មេង​ដ៏​លេច​ធ្លោ​ក្នុង​ប្រទេស​នេះ ហើយ​មានកម្ម​វិធី​ប្រកាស​ឈ្មោះ​បេក្ខជន​បេ​ក្ខ​នារី​ជ័យ​លា​ភី​ប្រចាំ​កម្មវិធី​ប្រកួតប្រជែង​អស្ចារ្យ​នេះ​។

កម្មវិធី​រាត្រី​ពោរពេញ​ទៅ​ដោយ​ភាព​រស់​រវើក ភាព​រីករាយ និង​ទាន់សម័យ​បានឃើញ​អ្នក​នាង Leap Sreypov និង​លោក Pov Sithan ឡើង​ឆាក​ទទួល​ពាន​ដែល​ខ្លួន​បាន​ប៉ងប្រាថ្នា​ចង់​បានជា​យូរណាស់​មក​ហើយ ។

ទស្ស​និ​ជន លំដាប់ វី​អាយ​ភី បាន​ទស្សនា​កម្មវិធី​ដើរ​ម៉ូ​ដ​ដ៏​វិសេសវិសាល ហើយ​អ្នក​បង្ហាញ​ម៉ូ​ដ​ទាំង​ដប់​រូប​បាន​ដើរ​បង្ហាញ​ម៉ូត​ដោយ​បង្អួត​សម្លៀក​បំពាក់ និង​គ្រឿង​លម្អ​ដែល​បាន​ច្នៃ​ម៉ូ​ដ​ដោយ​អ្នក​ច្នៃ​ម៉ូ​ដ​ជ័យ​លា​ភី ។ ស្នាដៃ​ច្នៃ​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត និង​រចនាបថ​គួរ​ឲ្យ​ទាក់ទាញ​របស់​អ្នក​ច្នៃ​ម៉ូ​ដ​ល្បីឈ្មោះ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏​បាន​ត្រូវ​ដាក់​តាំង​បង្ហាញ​ពេញ​មួយ​រាត្រី​កាលនោះ ដែល​មានកម្ម​វិធី​កម្សាន្ត​សប្បាយ​ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​តារា​ល្បី​បំផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។

កម្មវិធី ABC Lions of Fashion បាន​បើក​ដំណើរការ​ចាប់តាំងពី​ខែឧសភា ដែល​ជា​កម្មវិធី​ដំបូង​បង្អស់​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ រួម​មាន​កម្មវិធី​ជា​ច្រើន​ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​វិស័យ​ឧស្សាហកម្ម​ម៉ូ​ដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​វេទិកា​មួយ​ដែល​លើកតម្កើង​សហគ្រិន​ម៉ូ​ដដែល​មាន​ទេព​កោសល្យ​បញ្ចេញស្នាដៃ​ដ៏​ឆ្នើម​។

តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​នេះ​ថា បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូ​ដ​ចំនួន ១៣១៨ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូ​ដ​ចំនួន ១២៧ នាក់ បាន​ដាក់​ពាក្យ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ពិសេស​នេះ ហើយ​ត្រូវ​បាន​ជម្រុះ​យក​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូ​ដ​ចំនួន ២២២ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូ​ដ​ចំនួន ៤០ នាក់​។ គណៈ​ក​ម្មា​ការ​វិនិច្ឆ័យ​មក​ពី​ទស្សនាវដ្តី សូវ​រី​ន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI) និង ABC Extra Stout បាន​សម្រេច​ជ្រើសរើស​យក​បេក្ខជន​បេ​ក្ខ​នារី​ចុង​ក្រោយ​ចំនួន​ដប់​រូប​តាម​ផ្នែក​ជំនាញ​នីមួយ​ៗ​ខាងលើ​។

បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូ​ដ​ត្រូវ​បាន​ល្បង​សមត្ថភាព​ច្នៃ​ម៉ូ​ដ​បី​សម្រាប់​អ្នក​បង្ហាញ​ម៉ូ​ដ​ពាក់ ព្រមទាំង​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ច្នៃ​ម៉ូ​ដ និង​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​ទទួល​ការ​ពេញ​និយម​ពី​អ្នក​មើល​ជា​ច្រើន​។ កម្មវិធី​ពិសេស​នេះ កាន់តែ​ផ្តល់​ភាព​រីករាយ​អស្ចារ្យ​ដោយ​មាន​រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូ​ដ​ពិសេស ដែល​បង្ហាញ​ម៉ូ​ដ​ច្នៃប្រឌិត​ថ្មី​ៗ​ជា​ច្រើន​ម៉ូ​ដ ដែល​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូ​ដ​បាន​ពាក់​បង្អួត​លើ​ឆាក ។

អ្នក​នាង Leap Sreypov និង​លោក Pov Sithan ដែល​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ជ័យ​លា​ភី និង​អ្នក​ច្នៃ​ម៉ូ​ដ​ជ័យ​លា​ភី​លេខ​១ ម្នាក់​ៗ​ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន $3,000 (​បី​ពាន់​ដុល្លារ​អា​មេ​រិ​ក​) សំបុត្រ​យន្តហោះ​រ៉ាប់រង​ការ​ចំណាយ​ទាំងអស់​សម្រាប់​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​ស​ប្តា​ហ៍​ម៉ូ​ដ​អន្តរជាតិ (International Fashion Week) និង​បង្ហាញ​វត្ត​មាននៅ​លើ​គ​ម្រ​មុខ និង​ប្រាំមួយ​ទំព័រ​នៅ​ក្នុង​ទស្សនាវដ្តី សូវ​រី​ន ។

អ្នក​នាង Meas Chanrou និង​អ្នក​នាង Sok Panha អ្នក​បង្ហាញ​ម៉ូ​ដ​ជ័យ​លា​ភី និង​អ្នក​ច្នៃ​ម៉ូ​ដ​ជ័យ​លា​ភី​លេខ ២ ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន $2,000 (​ពីរ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) និង​បង្ហាញ​វត្តមាន​ប្រាំមួយ​ទំព័រ​នៅ​ក្នុង​ទស្សនាវដ្តី សូវ​រី​ន ។ អ្នក​នាង Lev Socheata និង​លោក Kong Sothea អ្នក​បង្ហាញ​ម៉ូ​ដ​ជ័យ​លា​ភី និង​អ្នក​ច្នៃ​ម៉ូ​ដ​ជ័យ​លា​ភី​លេខ ៣ ទទួល​បាន​រង្វាន់​ទឹកប្រាក់​ចំនួន $1,000 (​មួយ​ពាន់​ដុល្លារ​អា​មេ​រិ​ក​) និង​បង្ហាញ​វត្តមាន​ពីរ​ទំព័រ​នៅ​ក្នុង​ទស្សនាវដ្តី សូវ​រី​ន ។

បេក្ខជន​ជ័យ​លា​ភី​ទាំងអស់​ទទួល​បាន​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ទីភ្នាក់ងារ Arise ។ កម្មវិធី​នេះ ក៏​បាន​ប្រគល់​ប្រាក់​រង្វាន់​ទឹក​លើកទឹកចិត្ត​ចំនួន $500 ជូន​អ្នក​បង្ហាញ​ម៉ូ​ដ​អ្នក​នាង Leap Sreypov ដែល​ឈ្នះ​ពានតា​មរយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ដោយ​សាធារណជន ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ