រាជធានីភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួម ផ្តល់អំណោយឧបត្ថម្ភជាជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជាដើម តាមរយៈក្រសួង ដើម្បីយកទៅផ្តល់ជូនដល់វីរកងទ័ព និងជនភៀសសឹក ។

យោងតាមលិខិតថ្លែងអំណរគុណរបស់ក្រសួងការងារ នៅថ្ងៃទី១៧ ខែធ្នូនេះ ដែលចុះហត្ថលេខា ដោយឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានសរសេរថា តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្នុងនាមឯកឧត្ដមផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តស្រឡាញ់ជាតិមាតុភូមិ ប្តេជ្ញារួមគ្នាជាធ្លុងមួយក្នុងស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» របស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សប្បុរសជន ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ថ្នាក់ដឹកនាំសហជីព និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានចូលរួមផ្តល់អំណោយឧបត្ថម្ភជាថវិកា សម្ភារប្រើប្រាស់ សម្លៀកបំពាក់ ភួយ តង់ ថ្នាំពេទ្យ ស្បៀង គ្រឿងទេស គ្រឿងឧបភោគបរិភោគ និងសម្ភារជាច្រើនទៀត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងបន្តរង់ចាំទទួលអំណោយបន្ថែមទៀតនៅទីស្តីការក្រសួង ដើម្បីយកទៅផ្តល់ជូនដល់វីរកងទ័ព ដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងប្រយុទ្ធតតាំងការពារទឹកដី ពីការរំលោភឈ្លានពានយ៉ាងកម្រោលឃោរឃៅ ពីសំណាក់យោធាថៃ និងជនភៀសសឹក ដែលត្រូវរងគ្រោះយ៉ាងលំបាកវេទនាជម្លៀសខ្លួន មកតំបន់សុវត្ថិភាព ចោលផ្ទះសំបែង ដែលរហូតមកដល់ពេលនេះ ជនភៀសសឹកមានចំនួនសរុប ១៣១,៦៧២គ្រួសារ ស្មើនឹង ៤៣៨,៩៥៣នាក់ គិតត្រឹមល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ។

លិខិតថ្លែងអំណរគុណរបស់ក្រសួងការងារ បានសរសេរបន្តថា ទឹកចិត្តដែលបានចូលរួមចំណែកនាគ្រាដ៏លំបាកនេះ ពិតជាបានឆ្លុះបញ្ចាំងពីកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ ដែលជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាសក្ខីភាពនៃការគោរពស្រឡាញ់ ចែករំលែកក្តីអាណិតចំពោះការលំបាកខ្វះខាត ដែលជាវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ ព្រមទាំងជាការបង្ហាញពីការគោរពស្រឡាញ់ ដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការលះបង់អាយុជីវិត បូជាសាច់ស្រស់ ឈាមស្រស់របស់វីរកងទ័ពដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុតស៊ូប្តូរផ្តាច់ប្រយុទ្ធប្រឆាំងនឹងការទន្ទ្រានឈ្លានពានទឹកដី ពីសំណាក់យោធាថៃ ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋរស់ នៅសមរភូមិក្រោយ និងធានាភាពរឹងមាំនៃខឿនការពារជាតិមាតុភូមិរបស់យើង រួបរួមជាកម្លាំងមួយដ៏ខ្លាំងរឹងមាំ «ខ្មែរសាមគ្គី ខ្មែរខ្លាំង» ប្រយុទ្ធប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ។

ជាថ្មីម្តងទៀត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ ហើយក៏សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះវីរកងទ័ពដ៏អង់អាចក្លាហាន និងសូមបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សាឱ្យរួចផុត ពីគ្រោះថ្នាក់ទាំងពួង និងសូមមានសុវត្ថិភាព និងសេចក្តីសុខ ជ័យជម្នះគ្រប់សមរភូមិជូនជាតិ និងមាតុភូមិជាទីស្រឡាញ់របស់យើង ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ