លើសពីអាជីវកម្ម គឺបេះដូងមនុស្សធម៌ ក្រុមហ៊ុន EFG កម្ពុជា បញ្ចេញជំនួយបន្ទាន់ជូនដល់បងប្អូនភៀសសឹកកម្ពុជាតាមព្រំដែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងគ្រាលំបាកយើងមិនទុកគ្នាឱ្យនៅឯកោឡើយ ! អ៊ី អេហ្វជី (EFG) កម្ពុជា បន្តឈរជើងយ៉ាងរឹងមាំជាមួយប្រជាជនកម្ពុជា ដោយបាននាំយកនូវអំណោយសប្បុរសធម៌ជាអង្ករ និងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ជូនដល់បងប្អូនភៀសសឹកតាមព្រំដែនដោយសារសង្គ្រាម តាមរយៈកាកបាទក្រហមកម្ពុជា ។

កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ មកនេះ ក្រុមហ៊ុន អ៊ី អេហ្វជី កម្ពុជា នៅតែបន្តការគាំទ្រសហគមន៍ តាមរយៈសកម្មភាពមនុស្សធម៌ ដោយបានធ្វើការឧបត្ថមជំនួយទៅកាន់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់សហគមន៍ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែរងផលប៉ះពាល់ និងរងគ្រោះ ដោយសារភាពតានតឹងនៅតាមបណ្ដោយព្រំដែន ។ ការបរិច្ចាគនេះ រួមមានអង្ករ ៥តោន និង ថវិកាចំនួន ២០,០០០,០០០រៀល ដែលត្រូវបានប្រគល់ជូននៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ។
ការចូលរួមឧបត្ថមលើកនេះ ក៏ដូចជាការចូលរួមបរិច្ចាកកន្លងមករបស់ក្រុមហ៊ុន អ៊ី អេហ្វជី កម្ពុជា ទៅកាន់ប្រជាពលរដ្ឋភៀសសឹកដោយផ្ទាល់ និងតាមរយៈកាកបាទក្រហមកម្ពុជា ជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងទូលំទូលាយរបស់ក្រុមហ៊ុនចំពោះប្រទេសកម្ពុជា ដែលក្រុមហ៊ុនបានរីកចម្រើនរួមគ្នាមានរយៈពេលជាង ២០ឆ្នាំនេះ ។

រយៈពេលកន្លងមកនេះ ក្រុមហ៊ុន អ៊ី អេហ្វជី កម្ពុជា បាននាំយកនូវម៉ាកអាហារ និងភេសជ្ជៈអន្តរជាតិពីជុំវិញពិភពលោកមកកាន់ប្រទេសកម្ពុជា ព្រមទាំងពង្រីកប្រតិបត្តិការរបស់ខ្លួនដោយរួមមានបុគ្គលិកចំនួនប្រមាណជាង ១,២៥០នាក់ ដែលមានសាខាជាង ១០០កន្លែង ដែលស្ថិតនៅជាង ១០ខេត្ត-រាជធានី ដែលជាការរួមចំណែកមួយផ្នែកដល់ការអភិវឌ្ឍវិស័យម្ហូបអាហារ និងភេសជ្ជៈ នៅក្នុងប្រទេសកម្ពុជា ។ ការបរិច្ចាគនៅថ្ងៃនេះបានបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តបន្តរបស់ ក្រុមហ៊ុន ក្នុងការគាំទ្រប្រទេសកម្ពុជា និងសហគមន៍របស់ខ្លួន ជាពិសេសសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅពេលមានការលំបាកដោយសារសង្គ្រាម ។

លោក ទេព វិរៈ អគ្គនាយក ក្រុមហ៊ុន អ៊ី អេហ្វជី កម្ពុជា បានមានប្រសាសន៍ថា ៖ «ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន អ៊ី អេហ្វជី កម្ពុជា បានក្លាយជាចំណែកមួយនៃសហគមន៍ខ្មែរយើង ហើយការជួយគ្នាក្នុងគ្រាដែលមានតម្រូវការចាំបាច់ដូចនេះ បានក្លាយចំណែកដ៏សំខាន់មួយនៃការទទួលខុសត្រូវបស់ក្រុមហ៊ុន អ៊ី អេហ្វជី កម្ពុជា ផងដែរ ។ យើងសង្ឃឹមថា ការបរិច្ចាគនេះ នឹងបានជួយសម្រាលការលំបាកមួយចំណែកដល់ប្រជាពលរដ្ឋដែលកំពុងភៀសសឹក ហើយក្រុមហ៊ុនប្ដេជ្ញាថា នឹងនៅតែបន្តឧបត្ថម និងគាំពារតាមលទ្ធភាព នាពេលអនាគតបន្តទៅទៀត» ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ