ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

VJ អា​ណូ លាតត្រដាងខ្សែ​​ជីវិតដ៏លំបាកនាពេល​​កន្លង​មក

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារា​សម្តែង និង​ពិធី​ការិនី​អ្នក​នាង​សួន ភក្តី ហៅ vj អា​ណូ កំពុង​ចង់បាន​ឱកាស​ចាប់​អាជីព​សិល្បៈ​ជា​ថ្មី បន្ទាប់​ពី​នាង​ឃ្លាតឆ្ងាយ​ជា​ច្រើន​ឆ្នាំ ។ នាង​បាន​រំឭក​រឿង​ជីវិត​ដ៏​លំបាក​ដែល​លាក់បាំង​ភ្នែក​មហាជន​ផង​ដែរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម vj អា​ណូ លើក​ឡើង​ថា «​ចង់​មាន​ចម្លើយ​ជូន​ទៅ​ដល់​បងប្អូន​ដែល​បាន​សួរ​ថា ហេតុ​អ្វី​មិន​ចូល​ធ្វើការ ។ សម្រាប់ ខ្ញុំ​ផ្ទាល់ ខ្ញុំ​ចង់​ធ្វើការ​ណាស់​បងប្អូន បើ​មានឱកាស ហើយ​ឱកាស​នោះ នឹង​ផ្តល់​ពេលវេលា​ឱ្យ​ខ្ញុំ​បាន ធ្វើការ​ផង លក់​បាយ​ផង និង​មើល​កូន​ផង ហើយ​សង្ឃឹមថា ឆាប់​ៗ​ខាង​មុខ​នេះ ខ្ញុំ​អាច ធ្វើការ​ជា​អ្នកដឹកនាំ​កម្ម​វី​ណាមួយ ឬ​ក៏​ជា​ពិធី​ការិនី​ណាមួយ​ដែល​សក្ដិ​សម​នឹង​អាយុ​ខ្លួនឯង ឱ្យ​បងប្អូន​បាន​ទស្សនា​ផង​ចុះ​(​ខ្ញុំ​ពិតជា​ចង់​ណាស់​)» ។

តាម​រយៈ​វី​ដេ​អូ​មួយ​បង្ហោះ​លើ​បណ្តាញ​សង្គម vj អា​ណូ អះអាង​បន្ថែម​ថា កន្លង​មក​អំឡុង​ពេល​កូន​របស់​នាង​មិន​ទាន់​ឈឺ នាង​បាន​ព្យាយាម​ទាក់ទង​គេ​សុំ​ធ្វើការ​ងារ​ដែរ ប៉ុន្តែ​នាង​តែងតែ​ទទួល​បាន​ចម្លើយ​ពី​គេ គឺ​អវិជ្ជមាន ។

«​ពេល​ទៅ​សុំ​ការងារ​គេ​ធ្វើ គឺ​យើង​ទទួល​បាន​ចម្លើយ​មក​ថា ខ្ញុំ​មិនដឹង​ត្រូវ​ទទួល​មក​ធ្វើ​អ្វី ហើយ​ណាមួយ​នាង​ខ្ញុំ​ក៏​មាន​វ័យ​ក៏​កាន់តែ​ជ្រេ ប៉ុន្តែ​ពេល​ហ្នឹង​យើង​ដឹង​ថា យើង​នៅ​មាន​សម្រស់ និង​អាច​ធ្វើ​ការងារ​នេះ​បាន​នៅឡើយ​» ។

កន្លង​មក​ចាប់តាំងពី​ឃ្លាតឆ្ងាយ​ពី​សិល្បៈ អា​ណូ មិន​មាន​បំណង​វិល​ចូល​វិញ​ទេ ព្រោះ​នាង​មិន​ចង់​បង្ហាញ​មុខជា​សាធារណៈ ។ នាង​ចង់​មានជីវិត​បែប​សាមញ្ញ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយ​កូន​ធ្លាក់ខ្លួន​ឈឺ នាង​ចាំបាច់​ត្រូវ​ប្រឹងប្រែង​រក​ប្រាក់​មើលថែ​កូន ទើប​នាង​ចេញ​មុខ​លក់​អាហារ​តាម​អន​ឡាញរ​ហូត​មក​ទល់​នា​ពេល​នេះ ។

ខ្សែជីវិត​ដ៏​លំបាក​របស់​អា​ណូ គឺ​មាន​មនុស្ស​តិច​ណាស់​ដែល​បានដឹង ព្រោះ​នាង​មិន​បាន​បើក​បង្ហាញ​រឿង​នេះ​តាម​បណ្តាញ​សង្គម​ឡើយ ព្រោះតែ​ខ្លាច​ពាក្យ​គេ​ថា នាង​បំពុលសង្គម ។

ចាប់ពី​ពេល​នោះ​មក​នាង​បាន​រៀបចំ​ថត​ជា Review មុខ​ម្ហូ​ន​នានា​ដើម្បី​លក់ ហើយ​អ្នកគាំទ្រ​ជា​ច្រើន​បង្ហាញ​ការ​គាំទ្រ និង​លើកទឹកចិត្ត ពិសេស​នោះ​នៅ​មាន​គេ​ស្គាល់​ថា​នាង​គឺជា vj អា​ណូ ដដែល ។

Vj អា​ណូ បញ្ជាក់​ថា ការ​វិល​ចូល​សិល្បៈ​វិញ​នេះ គឺ​នាង​មិន​មាន​បំណង​ប្រកួតប្រជែង​ជាមួយ​អ្នក​ណា​ទេ ព្រោះ​ពេល​នេះ​នាង​មាន​វ័យ​ច្រើន​ហើយ ។ នាង​ទទួល​តែ​កម្មវិធី​ណា​ដែល​សក្ដិ​សម​សមត្ថភាព​របស់​នាង​ប៉ុណ្ណោះ ។

ដោយសារ​ចិត្ត​ចង់​ចូល​សិល្បៈ​វិញ អា​ណូ​បាន​ទាក់ទង​ទៅ​តារា​សម្តែង​ឌី សូ​នី​តា ហើយ​មានឱកាស​បាន​ថត​សម្អាងការ​របស់​ឌី សូ​នី​តា តែ​ម្តង ។ នាង​ថា «​គាត់​(​ឌី សូ​នី​តា​) ពិតជា​ចិត្តបាន គ្រាន់តែ​ដឹង​យើង គឺ​គាត់​ទទួល​យើង និង​ថ្នម​យើង​ណាស់ ហើយ​ក៏​ផ្តល់​ឱកាស​ឱ្យ​យើង​ថត និង​សូ​ម្បី​តែ​នាង​ខ្ញុំ​ដេក​ឈឺ ក៏​គាត់​បាន​ជួយ​យើង​ដែរ​» ។

ក្រោយ​ពេល​ថត​សម្អាង​ឌី សូ​នី​តា មក មាន​ក្រុមហ៊ុន​ផ្សេង​ទៀត​ហៅ​ថត​ជា​បន្តបន្ទាប់ ប៉ុន្តែ​នាង​នៅ​មិន​ទាន់​ទទួល​ការងារ​នេះ​នៅឡើយ​ទេ ដោយសារ​នាង​នៅ​ជាប់​មើល​កូន​ឈឺ ។

អា​ណូ រំពឹង​ថា នា​ពេល​ខាង​មុខ​នាង​នឹង​អាច​ទទួល​ការងារ​សិល្បៈ​ជា​បន្ត​ឡើង​វិញ ដើម្បី​មាន​លទ្ធភាព​ដោះស្រាយ​ជីវភាព និង​មើលថែ​កូន និង​បាន​ប្រូ​ម៉ូ​ដ​ហាង​ម្ហូបអាហារ​ផ្ទាល់ខ្លួន​របស់​នាង​សព្វ​ថ្ងៃនេះ​ផង​ដែរ ៕