ល្អហួស នឹងមិននៅស្ងៀមទេ បើកុមារស្លូតត្រង់រងការបំពា.ន
- ភ្នំពេញ
រាជធានីភ្នំពេញ៖ ជូរី ល្អហួស នឹងបន្តប្រើប្រាស់សំឡេងរបស់នាងនៅលើវេទិកា ដើម្បីប្រឆាំងនឹងអ្នកដែលធ្វើបាប កេងប្រវ័ញ្ច ឬបំផ្លាញភាពបរិសុទ្ធរបស់កុមារ ក្នុងពេលដែលកុមារស្លូតត្រង់ត្រូវការសំឡេងដើម្បីការពារពួកគេ ។
ជំហរបែបនេះខណៈនាងកំពុងតែត្រៀមខ្លួនតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតបវរកញ្ញា Miss Teen Icon international នៅប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ជាមួយរូបភាពវីដេអូបង្ហាញពីសកម្មភាពនៅមណ្ឌលសង្គ្រោះកុមារមួយ យុវតីជូរី ល្អ ហួស បានភ្ជាប់ជាមួយសំណេរបង្ហោះលើបណ្តាញសង្គមកាលពីពេល ថ្មីៗកន្លងមកថា «រយៈពេល ៣ឆ្នាំមកនេះ ខ្ញុំតែងតែត្រឡប់មកជួប ក្មេងៗដ៏បរិសុទ្ធទាំងនេះជានិច្ច ហើយរាល់ពេលដែលបានមកជួបពួកគេ ស្នាមញញឹម តូចៗ ដ ៃតូចៗ និងបេះដូងដ៏ស្មោះសររបស់ពួកគេ តែងតែរំឭកខ្ញុំថា ហេតុអ្វីបានជាខ្ញុំមិនអាចឈប់យកចិត្តទុកដាក់ចំពោះពួកគេបានឡើយ ។ ពួកគេនឹងមានកន្លែងពិសេសមួយនៅក្នុងបេះដូងខ្ញុំជានិច្ច ។
ខ្ញុំប្រហែលជាមិនអាចការពារកុមារគ្រប់រូបនៅលើពិភពលោកបានទេ ប៉ុន្តែខ្ញុំសន្យាថា ខ្ញុំនឹងមិននៅស្ងៀមឡើយ នៅពេលដែលកុមារស្លូតត្រង់ត្រូវការសំឡេងដើម្បីការពារពួកគេ ។
ខ្ញុំនឹងបន្តប្រើប្រាស់សំឡេង វេទិកា និង អ្វីៗដែលខ្ញុំមាន ដើម្បីឈរប្រឆាំងនឹងអ្នកដែលធ្វើបាប កេងប្រវ័ញ្ច ឬបំផ្លាញភាពបរិសុទ្ធរបស់កុមារ ។ ដូចដែលខ្ញុំតែងតែព្យាយាមធ្វើកន្លងមក ខ្ញុំនឹងបន្តឈរក្បែរពួកគេ បន្លឺសំឡេងជំនួសពួកគេ និងរំឭកពិភពលោកថា កុមារគ្រប់រូបសមនឹងទទួលបានការធំធាត់ឡើងក្នុងសុវត្ថិភាព សេចក្ដីស្រឡាញ់ និងការការពារ ។
៣ឆ្នាំនៃការវិលត្រឡប់មកជួបពួកគេ ប៉ុន្តែជាសេចក្ដីស្រឡាញ់ពេញមួយជីវិត និងជាពាក្យសន្យាដែលខ្ញុំនឹងរក្សាទុកក្នុងបេះដូងជារៀងរហូត។ ពួកគេមិនមែនគ្រាន់តែជាផ្នែកមួយនៃដំណើរជីវិតរបស់ខ្ញុំទេ ប៉ុន្តែជាមូលហេតុមួយដែលធ្វើឱ្យខ្ញុំចង់ឱ្យសំឡេងរបស់ខ្ញុំមានអត្ថន័យជានិច្ច» ។
ជូរី ល្អហួស ជាអ្នកតស៊ូមតិប្រឆាំងនឹងការរំលោភបំពានលើកុមារ ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកុមារ ហើយនាងបានប្រើប្រាស់ប្រជាប្រិយភាព និងសំឡេងរបស់នាងនៅលើឆាកជាតិ និងអន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងការពារសិទ្ធិកុមារ ផងដែរ ៕






ចែករំលែកព័តមាននេះ