ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន តម្លៃ​ស្ពៃ​ខំ​ដាំ​បាន​ថ្លៃ​ត្រឹម​៤០០​រៀល​ក្នុង​១​គីឡូក្រាម

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​រស់នៅ​ភូមិ​កោះក្របី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​គ្រប់​ៗ​គ្នា​ថា ឆ្នាំ​នេះ​បន្លែ​ស្ពៃ​របស់​ពួក​គាត់​ថោក​ហួស​កម្រិត មិន​អាច​ទទួលយក​បាន​ឡើយ ។ ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ​ជំនាញ​ក៏​ដូច​ជា…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​រស់នៅ​ភូមិ​កោះក្របី សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​គ្រប់​ៗ​គ្នា​ថា ឆ្នាំ​នេះ​បន្លែ​ស្ពៃ​របស់​ពួក​គាត់​ថោក​ហួស​កម្រិត មិន​អាច​ទទួលយក​បាន​ឡើយ ។ ពួក​គាត់​សំណូមពរ​ដល់​មន្ទីរ​ជំនាញ​ក៏​ដូច​ជា ក្រសួង​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ពួក​គាត់​ផង ខណៈ​ពេល​ដែល​ស្ពៃក្រញាញ់​របស់​ពួក​គាត់​មួយ​គីឡូក្រាម​ត្រឹមតែ ៤០០ រៀល​តែ​ប៉ុណ្ណោះ ខុស​ពី​ឆ្នាំ​កន្លង​ទៅ​អាច​១៥០០ ទៅ ២៥០០ ក្នុង​១​គីឡូក្រាម ។

ប្រជា​កសិករ​រស់នៅ និង​ធ្វើ​ចម្ការ​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​បញ្ជាក់​ថា ពួក​គាត់​បាន​ចំណាយ​ដើមទុន​កម្លាំង​ពលកម្ម រួម​ទាំង​ការ​ជួល​គេ​កាត់​ស្ពៃ​ទៀត​ចំណាយ​អស់​ថវិកា​ជា​ច្រើន​ណាស់ ។ ប៉ុន្តែ​លទ្ធផល​ថោក​ខ្លាំង​ណាស់ គឺ​ស្ពៃ​១​គីឡូក្រាម​ត្រឹម​៤០០​រៀល​តែ​ប៉ុណ្ណោះ ។ ពួក​គាត់​យំ​លែង​ចេញ​នៅ​ពេល​ដែល​បន្លែ​របស់​ពួក​គាត់​ថោក​ដល់​ថ្នាក់​នេះ បើ​ប្រៀបធៀប​ស្ពៃ​១​គីឡូក្រាម​មិន​ស្មើ​ថ្លៃ​ប៊ី​ចេ​ង​១​កញ្ចប់​តូច ថ្លៃ​៥០០​រៀល​ផង ។

បងស្រី​ម្នាក់​បាន​រៀបរាប់​ថា គាត់​បាន​ចំណាយ​ដើមទុន​២​លាន​រៀល សម្រាប់​ដាំ​បន្លែ​ស្ពៃ ក្រញាញ់​ឆ្នាំ​នេះ ។ ប៉ុន្តែ​គាត់​ទទួលផល​មក​វិញ​បាន​ត្រឹមតែ​៤០​ម៉ឺន​ប៉ុណ្ណោះ​ពេល​ស្ពៃ​គាត់​កាត់​បាន​ទម្ងន់​១​តោន ។ បើ​គិត​គ្រាន់តែ​ឈ្នូ​ល​កាត់​ស្ពៃ​មនុស្ស​៥​នាក់ ក្នុង​ម្នាក់​២៥០០០​រៀល ក្នុង​១​ថ្ងៃ​ដែល​គាត់​កាត់​ស្ពៃ​បាន​១​តោន​ត្រូវ​ចំណាយ​លើ​ឈ្នួល​អស់​១២៥ ០០០​រៀល ទៅ​ហើយ ។ នេះ​នៅ​មិន​ទាន់​គិតថ្លៃ​ទិញ​ប្រេង​ចាក់​ម៉ាស៊ីន​ស្រោច​ទឹក ថ្លៃ​ថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្លៃ​ជី​ផង ។

ចំណែក​បងស្រី​ម្នាក់​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា កាលពី​ឆ្នាំ​កន្លង​ទៅ​តម្លៃ​ស្ពៃ​មាន​ហាងឆេង​ដល់ ២៥០០​រៀល បើ​ថោក​ណាស់​ក៏​ត្រឹម​១៥០០​រៀល​ដែរ ។ ប៉ុន្តែ​ឆ្នាំ​នេះ​ពេល​ប្រមូល​ផល​បាន​ពី​ដើមដៃ​បាន​ថ្លៃ​៨០០​រៀល ប៉ុន្តែ​បាន​ត្រឹមតែ​មួយ​ថ្ងៃ បន្ទាប់​មក​ក៏​ធ្លាក់​នៅ​៤០០​រៀល​រហូត​តែ​ម្ដង ។ តម្លៃ​ថោក​បែប​នេះ​ហើយ​ឈ្មួញ​នៅ​រើស​ចេញ​ស្ពៃ ដើម​តូច និង​ខូចខាត​បន្តិច​ថែម​ទៀត ក្នុង​ស្ពៃ ១​តោន​ដក​ចេញ​អស់​៥០​ទៅ​៦០​គីឡូក្រាម​ទៀត ដោយ​គេ​យក​តែ​ដើម​ស្បៃ​ធំ​ល្អ​ៗ​តែ​ប៉ុណ្ណោះ ។

ប្រជា​កសិករ​បាន​សំណូមពរ​ជា​ថ្មី​ដល់​អាជ្ញាធរ មន្ទីរ​ជំនាញ និង​ក្រសួង​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ឲ្យ​បន្លែ​របស់​ពួក​គាត់​មាន​ទីផ្សារ​បាន​ខ្ពស់ ។

សូម​បញ្ជាក់​ដែរ​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ក្រៅពី​ការងារ​ស្រែ​ចម្ការ គឺ​បាន​ដាំ​ដំណាំ​ស្ពៃ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មាន​ឈ្មួញ​មក​ទិញ​ពី​រាជធានី​ភ្នំពេញ​ដឹក​ទាំង​រថយន្ត ។ ប៉ុន្តែ​តម្លៃ គឺ​ស្ថិត​នៅ​លើ​ឈ្មួញ​ទិញ​តែ​ប៉ុណ្ណោះ​ពេល​ខ្លះ​ក៏​បាន​ថ្លៃ​ពេល​ខ្លះ​គាត់​ថោក​ហួសហេតុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ