កូន​តុងទីន​ជាង​១០០​នាក់​លើកគ្នា​មក​រក​យុ​ត្តិ​ធ​ម៌ដល់​តុលាការ​ក្រោយ​​ចាប់ខ្លួន​មេ​បាន​២​ថ្ងៃ​ (មានវីដេអូ)


ខេត្តបាត់ដំបង ៖ ក្រុម​អ្នកលេង​តុងទីន​ប្រមាណ​ជាង​១០០​នាក់ ដែល​អះអាង​ថា បាន​ចាញ់បោក​មេ​តុងទីន​របស់​ខ្លួន​ក្នុង​ម្នាក់​ៗ​អស់ប្រាក់​រាប់​សិប​លាន​រៀល បាន​លើកគ្នា​មក​ដល់​ខាង​មុខ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ ដើម្បី​ប្ដឹង​សុំ​ឲ្យ​ស្ថាប័ន​ច្បាប់​នេះ​ជួយ​រក​យុត្តិធម៌​ឲ្យ​ពួក​ខ្លួន​ក្នុង​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​៧០០​លាន​រៀល ក្រោយ​ពី​កម្លាំង​កងរាជអាវុធហត្ថ​ចាប់ខ្លួន​មេ​តុងទីន​នោះ​បាន​២​ថ្ងៃ​។

ក្រុម​អ្នកលេង​តុងទីន​ដែល​លើកគ្នា​សំរុក​មក​សុំ​ការ​ជួយ​ពី​សាលាដំបូង​ខេត្ត​នោះ​មក​ពី​ភូមិ​ផ្សេង​ៗ​គ្នា តែ​នៅ​ក្នុង​ឃុំ​ស្នឹង ស្រុក​បាណ​ន់ ដោយ​ពួក​គេ​បាន​និយាយ​ថា មេ​តុង​ទី​ឈ្មោះ​រស់ បូ​រិ​ន ហៅ គ្រូ​នី អាយុ​៤៩​ឆ្នាំ មានមុខ​របរ​គ្រូបង្រៀន និង​រស់នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ និង​ប្រពន្ធ​ឈ្មោះ​ណែម ផល អាយុ​៤៨​ឆ្នាំ បាន​កើប​ប្រាក់​តុងទីន​ជាង​៧០០​លាន​រៀល​រត់ តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ចាប់​បាន​ប្ដី​(​រស់ បូ​រិ​ន​)​។

ក្រុម​អ្នក​តវ៉ា​បាន​បញ្ជាក់​ថា ដោយសារ​តែ​កូន​តុងទីន​ដឹង​តម្រុយ​មុន​ពី​រឿង​មេ​តុងទីន​នេះ រៀបចំ​ផែនការ​រំដោះ​ប្រពន្ធ​កូន​ចេញពីផ្ទះ ជាមួយនឹង​បង្វិច​ប្រាក់​រាប់រយ​លាន​រៀល​ផង ទើប​ពួក​គេ​នាំ​គ្នា​ដាក់​ពាក្យបណ្ដឹង​ទៅ​កងរាជអាវុធហត្ថ​ឲ្យ​ជួយ​អន្តរា​គម​ន៏​ភ្លាម​ៗ​តែ​ម្តង​។

មេ​តុងទីន​ឈ្មោះ រស់ បូ​រិ​ន ហៅ​គ្រូ​នី នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​៣​ ធ្នូ ក្រោយ​ពី​ប្រពន្ធ​និង​កូន​ៗ​ស្ពាយ​បង្វិច​សាច់ប្រាក់​រត់គេច​ខ្លួន​ពី​ផ្ទះ មុន​ពេល​អ្នក​ភូមិ​ដាក់​ពាក្យបណ្ដឹង​។

បើ​តាម​ការ​រៀបរាប់​របស់​កូន​មេ​តុងទីន​ទាំងនោះ គឺ​ម្នាក់​ៗ​អស់ប្រាក់​យ៉ាងតិច​៥​លាន​រៀល និង​ខ្លះ​ទៀត​អស់ពី​ខ្ទង់​៥០​លាន​ទៅ​៦០​លាន​រៀល​ឯណោះ​។ អ្នកស្រី អែម ហន អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​ស្រែ ឃុំ​ស្នឹង បាន​និយាយ​ថា គាត់​បាន​លេង​តុងទីន​ជាមួយ​មេ​ឈ្មោះ​រស់ បូ​រិ​ន ហៅ​គ្រូ​នី និង​ប្រពន្ធ ចំនួន​១០​ក្បាល ដែល​មាន​ទឹកប្រាក់​ចំនួន​២៥​លាន​រៀល​។ អ្នកស្រី​បាន​បញ្ជាក់​ថា គាត់​បាន​ព្យាយាម​សុំ​ដេញ​យក​ទាំង​១០​ក្បាល​នោះ​ជា​ច្រើន​លើក​ច្រើន​សារ​ដែរ តែ​មេ​តុងទីន​នេះ​មិន​យល់ព្រម ដោយ​លើក​ហេតុផល​គ្រប់​បែប​យ៉ាង ដែល​ជា​ចេតនា​រារាំង​មិន​ឲ្យ​គាត់​មានឱកាស​ដេញ​ឡើយ​។

ដោយឡែក​ស្ត្រី​ម្នាក់​ទៀត ឈ្មោះ ស វ​ណ្ណា អាយុ​៤០​ឆ្នាំ ដែល​អះអាង​ថា គាត់​បាន​ចាញ់កល​ល្បិច​មេ​តុងទីន​អស់ប្រាក់​ជាង​កន្លះ​លាន​រៀល​ដែរ បាន​ប្រាប់​កោះសន្តិភាព​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​លេង​តុងទីន​ជាមួយ​គ្រួសារ គ្រូ​នី នេះ​ច្រើន​ឆ្នាំ​ដែរ​ហើយ មាន​ចំនួន​៣២​ក្បាល និង​មាន​សាច់ប្រាក់​សរុប​ចំនួន​៦០​លាន​រៀល​។ ខ្ញុំ​បាន​ព្យាយាម​សុំ​មេ​តុងទីន​នេះ ដេញ​យក​ប្រាក់​ទៅ​រកស៊ី តែ​មេ​តុង​ទី​២​នាក់​ប្ដី​ប្រពន្ធ​នេះ បាន​ប្រើ​ល្បិច​លើក​ហេតុផល​ផ្សេង​ៗ ដើម្បី​រាំង​ខ្ទប់​មិន​ឲ្យ​ខ្ញុំ​ដេញ​ឡើយ​»​។

មិនមែន​មាន​តែ​កូន​តុងទីន​២​នាក់​ខាងលើ​នេះ​ទេ ដែល​បាន​លើក​ឡើង​ពី​កលល្បិច​ឬ​ហេតុផល​ក្រឡិចក្រឡុច​របស់​មេ​តុង​ទី​មួយ​គ្រូ​សារ​នេះ​។ អ្នក​ចាញ់បោក​ជាង​១០០​នាក់​ផ្សេង​ទៀត ក៏​បាន​និយាយ​ស្រ​ដៀង​ៗ​គ្នា​ដែរ អំពី​មាយា​ទ​ខូច​របស់​មេ​តុងទីន​២​នាក់​ប្ដី​ប្រពន្ធ​នេះ​។ ពួក​គេ​បាន​និយាយ​ថា ហេតុផល​ដែល​មេ​តុងទីន​នោះ​លើក​មក​និយាយ ដើម្បី​មិន​ឲ្យ​កូន​ៗ​ដេញ​យក​សាច់ប្រាក់​ដូច​ជា ក្បាល​តុងទីន​ខ្លះ​ងាប់ ឬ កូន​ៗ​ខ្លះ​មិន​ព្រម​បង់ប្រាក់​។ មេ​តុងទីន​ប្ដី​ប្រពន្ធ​នេះ បាន​លើក​ហេតុផល​បែប​នេះ ធ្វើ​ជា​លេស​ហើយ​ប្រកាសប្រាប់​កូន​ៗ​តុងទីន​រាប់រយ​នាក់​ថា «​មេ​គ្មាន​ប្រាក់​សម្រាប់​ឲ្យ​កូន​ៗ​ដេញ​យក​ទេ​»​។

ផ្ទុយ​ពី​ហេតុផល​នេះ បើ​តាម​ក្រុម​អ្នក​តវ៉ា​(​កូន​តុងទីន​) ដែល​បាន​អះអាង​នៅ​ខាង​មុខ​តុលាការ​ថា ជា​រៀង​រាល់​ខែ គ្មាន​កូន​តុងទីន​ណា​ម្នាក់​ដែល​ថា ដល់​ថ្ងៃ​បង់ប្រាក់​ឲ្យ​មេ​ហើយ ពួក​គេ​មិន​ព្រម​បង់ ដូច​សំដី​មេ​តុងទីន​នេះ​ទេ​។ ពួក​គេ​បាន​បញ្ជាក់​ថា ពួក​គេ​ទាមទា​ឲ្យ​មេ​តុងទីន​ឈ្មោះ​រស់ បូ​រិ​ន ហៅ​គ្រូ​នី ឆ្លើយ​នៅ​ចំពោះ​មុខ​តុលាការ​ថា តើ​មានកូន​ៗ​មួយ​ណា ឈ្មោះ​អ្វី ដែល​ដល់​ថ្ងៃ​បង់ប្រាក់​ហើយ​មិន​ព្រម​បង់ ? ក្រុម​អ្នក​តវ៉ា​នេះ បាន​សំណូមពរ​សុំ​ឲ្យ​តុលាការ​ជួយ​រក​យុ​ត្តិ​ធ​ម៌​ដល់​ពួក​គេ ដែល​ចាញ់បោក​មេ​តុងទីន​ខាងលើ​នេះ​ផង​។ ព្រោះ​ពួក​គេ​ម្នាក់​ៗ​អស់ប្រាក់ អស់​ទ្រព្យសម្បតិ្ត​សម្បើម​ណាស់ អ្នកខ្លះ​អស់ទាំង​ប្លង់​ដីធ្លី​ទៀត​ផង​ដោយសារ​តុងទីន​។ បើ​តាម​កូន​តុងទីន​ទាំងនោះ បាន​អះអាង​ថា អ្នក​ចាញ់បោក​គេ​ទាំង​ជាង​១០០​នាក់​នោះ បើ​សរុប​ជា​សាច់ប្រាក់​ជាង​៧០០​លាន​រៀល ដែល​ប្រពន្ធ​និង​កូន​ៗ​មេ​តុងទីន​នេះ​បាន​វេច​បង្វិច​រត់ចោលស្រុក​។ នេះ​មិន​ទាន់​គិតដល់​ទឹកប្រាក់​កូន​តុងទីន​ជា​ច្រើន​នាក់​ទៀត​ដែល​មិន​បាន​ប្ដឹង​។

ទោះបី​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​ក្រុម​អ្នកលេង​តុងទីន ដែល​បាន​ចោទប្រកាន់​ទៅ​លើ​មេ​របស់​ខ្លួន បន្ទាប់​ពី​មេ​តុងទីន​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។ ដោយឡែក​មេ​តុងទីន​ឈ្មោះ រស់ បូ​រិ​ន ហៅ​គ្រូ​នី ឬ សាច់ញាតិ​ជន​នេះ កោះសន្តិភាព មិន​អាច​ស្វែងរក​ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​ចោទប្រកាន់​នេះ​បាន​ភ្លាម​ៗ​ឡើយ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មេ​តុងទីន​ស៊ីដាច់​ប្រាក់​ជាង​៧០០​លាន​រៀល​ខាងលើ​នេះ បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ បាន​ប្រាប់​ថា មេ​តុងទីន​ឈ្មោះ​រស់ បូ​រិ​ន ត្រូវ​បាន​កម្លាំង​ជំនាញ​សួរនាំ និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​ប្រគល់​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ​ ។​

ព័ត៌មាន​ចុង​ក្រោយ មេ​តុងទីន​ត្រូវ​បាន​តុលាការ​ដោះ​លេង​វិញ​ហើយ បើ​តាម​ព័ត៌មាន​តុលាការ​ដោះ​លែង​តាំង​ម៉ោងជាង​១២​ថ្ងៃត្រង់ ដោយ​មិន​ឲ្យ​អ្នក​តវ៉ា​នៅ​ខាង​មុខ​តុលា​ការ​ដឹង​ឡើយ ហើយ​ក៏​មិន​មានការ​សម្រប​ស​ម្រូ​ល​រវាង​ភាគី​ទាំង​២​ដែរ​។ ពេល​នេះ​ត្រូវ​បាន​​ក្រុម​គ្រួសារ​ជន្លៀស​ចេញ​កាន់​រាជធានី​ភ្នំពេញ​ហើយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ