ត្រីអណ្ដែង ងាយស្រួលចិញ្ចឹម ចំណាយដើមទុនតិច រកចំណូលបានខ្ពស់
- សៀមរាប
ខេត្តសៀមរាប ៖ លោក លី តូ រស់នៅក្នុងស្រុកអង្គរធំ បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាពឱ្យដឹងនៅរសៀលថ្ងៃទី៨ ខែ តុលា ឆ្នាំ២០២៦ ថា ការចិញ្ចឹមត្រីអណ្ដែង គឺជាមុខរបរកសិកម្មមួយដែលចំណាយដើមទុនតិច ប្រើរយៈពេលខ្លីត្រឹមតែ ៣ខែ អាចរកចំណូលបានខ្ពស់សម្រាប់ផ្គត់ផ្គង់គ្រួសារ ខណៈត្រីអណ្ដែងជាប្រភេទត្រីងាយស្រួលចិញ្ចឹម ធន់នឹងមជ្ឈដ្ឋានជុំវិញ និងមិនសូវរើសចំណីឡើយ។
លោក លី តូ បានបង្ហាញ ថា ការចិញ្ចឹមត្រីអណ្ដែង មានភាពងាយស្រួល ដែលមិនទាមទារឱ្យមានការថែទាំខ្ពស់ពេក ដូចត្រីដទៃ នោះឡើយ ។ លោកបន្តថា លោកមិនធ្លាប់ទទួលបានការបណ្ដុះបណ្ដាលបច្ចេកទេសនៃការចិញ្ចឹមត្រីអណ្ដែងម្ដងណាទេ ដោយលោកមើលពីរបៀបចិញ្ចឹមតែក្នុងយូធូបប៉ុណ្ណោះ ដោយបច្ចុប្បន្ន ត្រីក្នុងស្រះក៏មិនមានហានិភ័យនៃការងាប់ច្រើននោះដែរ។
លោក លី តូ បានឱ្យដឹងទៀតថា លោកបានចាប់ផ្ដើមជាមួយនិងកូនត្រីចំនួន ២ ៦០០០ ក្បាល ដោយលោកនឹងជីកស្រះចិញ្ចឹមត្រីអណ្ដែងនេះបន្ថែមទៀត នៅលើទីតាំងដីប្រមាណ៤០០ម៉ែត្រ ដើម្បីបំពេញតម្រូវការទីផ្សារ ដែលលោកចំណាយពេលប្រមាណ២ខែប៉ុណ្ណោះ អាចទទួលផលជាបណ្ដើរៗ ខណៈបច្ចុប្បន្ន លោកអាចលក់បានក្នុងតម្លៃ ៤ ៥០០រៀល ទៅ ៥០០០រៀល ក្នុងមួយគីឡូក្រាម។
លោកក៏សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ផ្ដល់នូវបច្ចេកទេសកសិកម្ម ជាពិសេសការចិញ្ចឹមត្រីនេះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ ដើម្បីឱ្យពួកគាត់មានការងារធ្វើ និងបង្កើនផលិតផលក្នុងស្រុក ។
លោក លី តូ ក៏ បានបញ្ជាក់បន្ថែមថា ចំពោះចក្ខុវិស័យរបស់លោក នឹងធ្វើការពង្រីកការចិញ្ចឹមត្រីអណ្ដែងនេះក្នុងចំនួនជាង១០ម៉ឺនក្បាល ដោយលោកជឿជាក់ថា ទីផ្សារត្រីអណ្ដែងនេះ នឹងមានស្ថេរភាព។ លោកបញ្ជាក់បន្ថែមថា ក្រោយពីសល់សម្រាប់ការផ្គត់ផ្គង់ជូនអតិថិជន លោកក៏អាចធ្វើជាត្រីឆ្អើរ ឬធ្វើជាត្រីងៀតផងដែរ ។ ក្នុងឱកាសនេះដែរ លោក សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរស្រុកអង្គរធំ ដែលបានជួយជ្រោមជ្រែង និងស្វែងរកទីផ្សារជូនប្រជាកសិករដែលនឹងផ្ដល់នូវទីផ្សារមួយស្ថិតស្ថេរ និងជំរុញសេដ្ឋកិច្ចក្នុងសហគមន៍ឱ្យកាន់តែប្រសើរឡើងវិញផងដែរ៕






ចែករំលែកព័តមាននេះ