ទីក្រុងវ៉ាស៊ីនតោន៖ យោធាអាមេរិកនឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រហារជីវិតទណ្ឌិតដែលជាជនប្រដាប់អាវុធម្នាក់ដែលបាញ់រះទៅលើហ្វូងមនុស្សបណ្ដាលឱ្យស្លាប់១៣នាក់នៅឯមូលដ្ឋានយោធាមួយកន្លែងកាលពីឆ្នាំ២០០៩។ ការប្រហារជីវិតជននេះនឹងធ្វើឡើងដោយក្រុមពេជ្ឈឃាតបាញ់កាំភ្លើងទៅលើជននេះវិញ។ នេះបើយោងតាមមន្ទីរបញ្ចកោណ។ បើដូច្នេះមែន វានឹងក្លាយជាព្រឹត្តិការណ៍មិនធម្មតាមួយនៅក្នុងប្រវត្តិសាស្ត្រនៃការប្រហារជីវិតអ្នកទោសនៅអាមេរិក។

ទណ្ឌិតឈ្មោះណាយដាល់ ហាសាន (Nidal Hasan) ជាអតីតពេទ្យវិកលចរិតយោធា នឹងក្លាយជាបុគ្គលទីមួយចាប់តាំងពីឆ្នាំ១៩៤៥ដែលត្រូវប្រហារជីវិតដោយការបាញ់រះនឹងកាំភ្លើងនាថ្ងៃទី៣ ខែធ្នូខាងមុខនេះ។ ពោលគឺធ្វើឡើងនៅលើទីតាំងដដែលដែលជននេះបានបើកការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងប្រើកាំរស្មីឡាហ្ស៊ែនៅបរិវេណមណ្ឌលសុខភាពមួយកន្លែងនៃរដ្ឋតិចសាសន៍។ គម្រោងប្រហារជីវិតនេះធ្វើឡើងនៅពេលមានការជជែកដេញដោលគ្នាយ៉ាងផុលផុសនៅអាមេរិកពាក់ព័ន្ធនឹងការប្រហារជីវិតក្រោយករណីចាក់ថ្នាំប្រហារជីវិតទណ្ឌិតជាស្ត្រីម្នាក់នៅរដ្ឋថេនេស៊ីកាលពីសប្ដាហ៍មុន។ ស្ត្រីរូបនេះត្រូវគេចាក់ថ្នាំប្រហារជីវិតចំនួន២ដង ប៉ុន្តែមិនស្លាប់។

មន្ត្រីបម្រើការនៅមន្ទីរបញ្ចកោណម្នាក់ប្រាប់ថាការប្រហារជីវិតដោយបាញ់នឹងកាំភ្លើងទៅលើទណ្ឌិតឈ្មោះហាសាននឹងផ្សាយបន្តផ្ទាល់។ សេចក្ដីលម្អិតផ្សេងៗនឹងជម្រាបជូននៅពេលក្រោយ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោកភិតហេកសិត បង្ហោះសារនៅបណ្ដាញអ៊ិចបញ្ជាក់បន្ថែមអំពីគម្រោងប្រហារជីវិតហាសានដោយផ្សាយបន្តផ្ទាល់។ លោកជាអ្នកជំរុញឱ្យប្រហារជីវិតជននេះដោយបាញ់នឹងកាំភ្លើង។ កាលពីពេលកន្លងមក សារព័ត៌មានតែងតែស្នើសុំផ្សាយបន្តផ្ទាល់នូវការប្រហារជីវិតទណ្ឌិតនានា ប៉ុន្តែសំណើនេះត្រូវតុលាការហាមឃាត់។

ក្រុមអ្នកជំនាញនិយាយថានៅទូទាំងសាកលលោកគ្មានប្រទេសណាប្រហារជីវិតអ្នកទោសដោយផ្សាយបន្តផ្ទាល់តាមទូរទស្សន៍នោះទេ។ កុំថាឡើយដល់ទៅផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ សូម្បីតែប្រហារជីវិតជាសាធារណៈក៏ជាករណីដ៏កម្របំផុតនៅលើសាកលលោក។ លើកលែងពីអតីតកាលរាប់រយឆ្នាំមុន គេអនុវត្តដូច្នេះមែន។ ប៉ុន្តែក្រោយៗមកទៀត ការប្រហារជីវិតត្រូវបានធ្វើឡើងដោយស្ងាត់ៗ។ នៅក្នុងចំណោមប្រទេសដ៏តិចតួចបំផុតដែលប្រហារជីវិតជាចំហគឺមានតែអ៊ីរ៉ង់ និងអាហ្វហ្កានីស្ថានក្រោមការដឹកនាំរបស់របបតាលីបង់ប៉ុណ្ណោះ។ តាមដឹងមកថាការប្រហារជីវិតដោយបាញ់កាំភ្លើង និងផ្សាយបន្តផ្ទាល់ទៅលើទណ្ឌិតឈ្មោះណាយដាល់ ហាសាន់ត្រូវបានអនុម័តយល់ព្រមដោយលោកដូណាល់ត្រាំ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ