រាជធានីភ្នំពេញ ៖ អាជ្ញាធរទន្លេសាប ប្រកាសថា ទឹកស្ទឹងជុំវិញបឹងទន្លេសាបចំនួន២ ក្នុងចំណោម១១ស្ថិត នៅក្នុងសភាពប្រកាសឲ្យប្រុងប្រយ័ត្ននៅឡើយ ។ នេះបើយោងតាមផេកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានប្រកាសនាព្រឹកថ្ងៃទី៩ ខែតុលានេះ ។បានប្រកាសនាព្រឹកថ្ងៃទី៩ ខែតុលានេះ ។

នៅព្រឹកថ្ងៃទី៩ ខែតុលានេះ អាជ្ញាធរទន្លេសាប បានក្រើនរម្លឹកឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ខណៈស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗចំនួន២ នៅជុំវិញបឹងទន្លេសាប និងទន្លេសាប ដែលមានកម្រិតកម្ពស់ទឹកនៅខ្ពស់នៅឡើយ ។
ស្ទឹងទាំង២នោះ គឺទី១ ស្ទឹងសិរីសោភ័ណ ហូរកាត់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៧ម៉ែត្រ ៧៨ ខណៈកម្រិតប្រកាសប្រុងប្រយ័ត្ន ត្រឹមតែ៧ម៉ែត្រ៥០ និងទី២ គឺស្ទឹងស្រែង ហូរកាត់ស្រុកក្រឡាញ់ខេត្តបន្ទាយមានជ័យ ដែលមានកម្ពស់៨ម៉ែត្រ ៤៥ ខណៈកម្រិតប្រកាសប្រុងប្រយ័ត្នត្រឹមតែ៨ម៉ែត្រ០០ ។

យ៉ាងណាក៏ដោយ សម្រាប់ថ្ងៃទី៩ តុលានេះ ស្ទឹងសិរីសោភ័ណបានស្រកចុះបាន០ម៉ែត្រ០៧ និងស្ទឹងស្រែង បានស្រកចុះបាន០ម៉ែត្រ០៥ហើយ បើធៀបនឹងកម្ពស់ទឹកកាលពីម្សិលមិញ ។
ទន្ទឹមនេះអាជ្ញាធរទន្លេសាបបានបង្ហាញថា ថ្វីបើស្ថានភាពជាទូទៅកម្រិតកម្ពស់ទឹកនៅតាមស្ទឹងសំខាន់ៗដែលហូរចាក់ទៅបឹងនិងទន្លេសាបបានស្រកចុះ ប៉ុន្តែមានស្ទឹងចំនួន៣ នៅតែមានកម្រិតកម្ពស់ទឹកនៅក្បែរៗកម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន នៅឡើយដូចជា ស្ទឹងដូនទ្រី នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្ទឹងមង្គលបូរីនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងស្ទឹងសែននៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា ភូមិសាស្ត្រប្រទេសកម្ពុជា មានស្ទឹងធំៗចំនួន១១ដែលមានតួនាទីជួយរំដោះទឹកជំនន់ តាមរយៈហូរនាំទឹកភ្លៀងហូរចាក់ទៅទន្លេសាប និងបឹងទន្លេសាប ។
សូមបញ្ជាក់ថា ទឹកភ្លៀងរដូវវស្សាឆ្នាំនេះបាននាំឲ្យមានការជន់លិចនៅភូមិសាស្ត្រខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ៕
ចែករំលែកព័តមាននេះ