កិច្ចប្រជុំ AIMF នៅ​រាជធានី​ភ្នំពេញ​បាន​បិទ​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ​(​មាន​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ហៅ​កាត់ AIMF ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ហើយ ដោយ​បាន​ប្រកាស​គាំទ្រ​ដល់​សមាជិក​ទាំងអស់​ឱ្យ​លើក​ជា​គម្រោង​ល្អ​ៗ​បំរើ​ដល់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ និង​លើកកម្ពស់​បរិស្ថាន​ក្នុង​ទីក្រុង ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​កិច្ចប្រជុំ​មហាសន្និបាត​លើក​ទី​៣៩ នៃ​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង ប្រើប្រាស់​ភាសារ​បារាំង​នា​រសៀល ថ្ងៃ​ទី​០៤ ខែធ្នូ នៅ​សណ្ឋាគា​សុខា​ភ្នំពេញ ។

លោក Robert Beugre MAMBE អគ្គលេខាធិការ AIMF បាន​លើក​ឡើង​ថា អង្គប្រជុំ​បាន​ឯកភាព​ជួយ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ដល់​បណ្តា​ទីក្រុង​ជា​សមាជិក​ដែល​មាន​គម្រោង​ការពារ​បរិស្ថាន ការ​ជួយ​ជនភៀសខ្លួន បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជាដើម ។ អង្គប្រជុំ​បាន​យកចិត្តទុកដាក់​ចំពោះ​ភាព​ធន​របស់​រាជធានី ឬ​ក្រុង​ណាមួយ​ដែល​ក្រោយ​ពី​រង​ការ​ខូចខាត គ្រោះថ្នាក់​ដោយ​សង្គ្រាម ឬ​ធម្មជាតិ ហើយ​ធ្វើ​ឱ្យ​មានការ​អភិវឌ្ឍ​ឡើង​វិញ​បាន ។

លោក អគ្គលេខាធិការ AIMF ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មហាសន្និបាត​នេះ​ផង​ដែរ ដោយ​រក្សា​បាន​សន្តិសុខ​សណ្តាប់ធ្នាប់ បច្ចេកទេស និង​ការ​ទទួល​បដិសណ្ឋារកិច្ច​ភ្ញៀវ​ជាដើម ។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ AIMF​លើក​ទី​៣៩ ជា​មោទនភាព​ខ្ពស់​សម្រាប់​ប្រទេស​កម្ពុជា​ឱ្យ​ប្រាប់​ពិភព​លោ​ថា រាជធានី​ភ្នំពេញ​មានការ​អភិវឌ្ឍ​ខ្ពស់​បន្ទាប់​ពី​រង​គ្រោះ​ដោយសារ​សង្គ្រាម ។ ប្រទេស​កម្ពុជា បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF)​លើក​ទី​៣៩ និង​ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០​នៃ​សមាគម​នេះ នៅ​រាជធានី​ភ្នំពេញ ពី​ថ្ងៃ​ទី​៣-៤ ខែធ្នូ ឆ្នាំ​២០១៩​នេះ មាន​គណៈប្រតិភូ​នៃ​ទីក្រុង និង​សមាគម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចូលរួម​ចំនួន​៤០២​នាក់ មក​ពី​៤១​ប្រទេស ដូច​ជា​៖ ប្រទេស​បារាំង ប្រទេស​ហៃ​ទី ប្រទេស​កុង​ហ្គោ ប្រទេស​រ៉ូ​វ៉ា​ន់​ដា និង​ប្រទេស​កាំ​ម៉ា​រ៉ូ​ន ជាដើម ។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បាន​ចូលរួម​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ​ហើយ គណៈប្រតិភូ​នៃ សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ប្រាសាទតាព្រហ្ម ប្រាសាទបាយ័ន ប្រសាទ​អង្គរវត្ត ដើម្បី​បានឃើញ​ពី​សម្បត្តិ​វប្បធម៌ និង​អរិយធម៌​របស់​ខ្មែរ មុន​ពេល​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ ហើយនឹង​ជួយ​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក​ឱ្យ​កាន់តែ​ទូលំទូលាយ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ