អាវ​រងា​ជជុះ​កំពុង​តែ​ត្រូវប៉ាន​ហើយ​ព្រោះ​ការពារ​អាកាសធាតុ​ចុះ​ត្រជាក់ និង​ផ្តល់​ភាព​កក់ក្តៅ(មានវីដេអូ)


ខេត្តកំពង់ចាម ៖​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អាកាសធាតុ​បាន​ចុះ​ត្រជាក់​រហូត​ដល់​អ្នកខ្លះ​ត្រូវ​ក្រោក​ពី​ងងឹត ដើម្បី​អាំង​ភ្នក់ភ្លើង​ឱ្យ​មាន​ភាព​កក់ក្តៅ ។ ជាមួយ​គ្នា​នោះ​ដែរ​អាវ​រងា​ជជុះ​លក់ដូរ​នៅ​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម កំពុង​ត្រូវប៉ាន់​ដោយ​លក់ដាច់​ទៀត​ផង មិន​ថា​ក្មេង ឬ​ចាស់​នាំ​គ្នា​មក​ទិញ​ព្រោះ​មាន​តម្លៃ​ថោក ។

អាជីវករ​ម្នាក់​ឈ្មោះ ស៊ា សៀង​លី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ​នេះ​ថា គាត់​បាន​ចាប់​យក​អាជីព​ប្រកប​របរ​លក់​ខោអាវ​ជជុះ​នៅ​ផ្សា​របឹង​កុក​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១៥​ឆ្នាំ​ហើយ ។ ចំពោះ​កម្រៃ​ដែល​ទទួល​បាន​ត្រូវ​យក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ឲ្យ​កូន​ចំនួន​២​នាក់​បាន​រៀនសូត្រ​នៅ​សាលា​ផង​ដែរ ។

អាជីវករ​ឈ្មោះ សៀង លី បាន​ប្រាប់​បន្ត​ថា នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០១៩ ស្រប​ពេល​ដែល​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចុះ​ត្រជាក់​ក៏​បាន​ទិញ​អាវ​រងា​សម្រាប់​ក្មេង​ពាក់​លក់​មួយ​តម្លៃ​៤.០០០​រៀល ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែធ្នូ មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​មក​ទិញ​សម្រាប់​ឱ្យ​កូន​ៗ​របស់​ពួក​គាត់​ពាក់​ដើម្បី​ឱ្យ​មាន​ភាព​កក់ក្តៅ ។

ក្រៅពី​អាវ​រងា​ក៏​គេ​ឆ្លៀត​ទិញ​ខោអាវ​ជជុះ​ធម្មតា​យក​ទៅ​ស្លៀកពាក់ ព្រោះតែ​លក់​ក្នុង​តម្លៃ​ថោក​ហើយ​តាម​ការ​កត់សម្គាល់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ អាកាសធាតុ​ត្រជាក់​រាង​យូរ​ធ្វើ​ឱ្យ​ការ​លក់​អាវ​រងា​របស់​គាត់​លក់ដាច់​គ្រាន់បើ ។ មុខរបរ​នេះ​រៀង​ហត់​បន្តិច​ក៏​ពិតមែន ក៏​ប៉ុន្តែ​ទទួល​បាន​ប្រាក់​ចំណេញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដោយ​ឲ្យ​កូន​ៗ​របស់​គាត់​ចំនួន​២​នាក់​បាន​រៀនសូត្រ​នៅ​សាលា​ក្នុង​ក្រុង​កំពង់ចាម ដោយ​កូន​បង​គេ​រៀន​បាន​ថ្នាក់​ទី​៧ ហើយ ។ ទោះជា​បែប​ណា​ក៏​ដោយ​គាត់​នឹង​ប្ដី​នៅ​តែ​បន្ត​ការ​លក់​ខោអាវ​ជជុះ​នេះ​បន្ត​ទៀត ។

ចាប់តាំងពី​លក់​នៅ​ផ្សា​របឹង​កុក​នេះ រហូត​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​១៥​ឆ្នាំ ហើយ​ថែម​ទាំង​មាន​ម៉ូយ​ច្រើន​តែងតែ​នាំ​គ្នា​ជួយ​គាំទ្រ​មក​ទិញ​សំ​លៀ​បំពាក់​របស់​គាត់​ជាមួយ​នោះ​អ្នក​ដែល​មក​ទិញ​គេ​តែងតែ​សរសើរ​ខោអាវ​ជជុះ​លក់​តម្លៃ​ថោក​ក៏​ពិតមែន ប៉ុន្តែ​មានគុណ​ភាពល្អ​ប្រើ​បាន​យូរ ។

អ្នកស្រី​គឹ​ម អេ​ង បន្ត​ថា គាត់​បាន​លក់​ខោអាវ​ជជុះ​ដែល​ទិញ​មក​ពី​រាជធានី​ភ្នំពេញ និង​បាន​ដាក់​ម៉ាស៊ីនដេរ​មួយ​គ្រឿង​សម្រាប់​កាត់​ជើង​ខោ​ដែល​ម៉ូយ​មក​ទិញ​វែង​ត្រូវ​កាត់​ចេញ ដើម្បី​ឱ្យ​សម​ល្មម ។ គាត់​មិន​បាន​ចុះចាញ់ និង​ព្រហ្ម​លិខិត​នោះ​ទេ គឺ​បាន​ប្រឹងប្រែង​តស៊ូ​ពុះពារ​រាល់​ការ​លំបាក​ចិញ្ចឹម​កូន​រហូត​ដល់​រៀន​ចាប់​ថ្នាក់​សាកលវិទ្យាល័យ ។ ហើយ​ពេលទំនេរ​កូនស្រី​ក៏​បាន​ឆ្លៀត​មក​ជួយ​លក់ដូរ​គាត់​ថែម​ទៀត សម្រាប់​អាវ​រងា​ជជុះ​លក់​បាន​មួយ​តម្លៃ​ពី ១​ម៉ឺន​ទៅ​១៥.០០០​រៀល នេះ​ជា​អាវ​ធុន​កណ្ដាល​ងាយស្រួល​លក់ ប្រសិនបើ​យក​តម្លៃលើស​នេះនោះ​នឹង​ពិបាក​លក់​ពេល​ដែល​អាកាសធាតុ​បាន​ចុះ​ត្រជាក់​អាវ​រងា​របស់​គាត់​បាន​លក់ដាច់​គ្រាន់បើ ។

ដោយឡែក​លោក​វេជ្ជបណ្ឌិត គី​ម សួរ​ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​កម្ពុជា​យើង​អាកាសធាតុ​បាន​ចុះ​ត្រជាក់​រូប​លោក​សូម​ក្រើនរំលឹក​ដល់​ពូ​មីង​លោកតា លោកយាយ ធ្វើ​យ៉ាងណា​ស្លៀកពាក់​ខោអាវ​ឲ្យ​បាន​ក្រាស់​បង្កើត​ភាព​កក់ក្តៅ​នៅ​ក្នុង​ខ្លួន ។ ហើយ​រាល់​ការ​ទទួលទាន​អាហារ​មិន​ឲ្យ​មាន​ជាតិ​ខ្លាញ់​ច្រើន​ផ្អែម​ពេក ឬ​ប្រៃ​ពេក​ដែល​ងាយ​បង្ក​ជំងឺ​ផ្សេង​ៗ​ធ្វើ​យ៉ាងណា សូម​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ​ប្រសើរ​ពោល គឺ​ស្លៀកពាក់​ឲ្យ​បាន​ជិត ដើម្បី​បង្កើត​ភាព​កក់ក្តៅ​ប្រឆាំង​នឹង​ភាព​ត្រជាក់​ពេល​ត្រូវធ្វើ​ដំណើរ​ទៅ​ណា​មក​ណា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ