អភិបាលខេត្ត​​​ថា ​មិនត្រូវ​​បែងចែក​បក្ខពួក និង​រំលោភ​តួនាទី​គ្នានោះទេ​


ខេត្តព្រៃវែង ៖ «​អភិបាលស្រុក​ត្រូវ​ចេះ​គ្រប់គ្រង និង​បែងចែក​តួនាទី​ភារកិច្ច​មន្ត្រី​ក្រោម​ឱវាទ​អោយ​បាន​ច្បាស់លាស់ ហើយ​មិន​ត្រូវ​លូកលាន់​លើ​តួនាទី​ភារកិច្ច​គ្នា​នោះ​ទេ ជា​ពិសេស​ដាច់ខាត​កុំអោយ​មានការ​បែង​ចែក​បក្ខពួក​ឱ្យ​សោះ ព្រោះ​វា​ជា​មូលហេតុ ធ្វើ​អោយ​ការងារ​ទាំងអស់​បរាជ័យ​»​។ នេះ​គឺជា​ប្រសាសន៍​របស់​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​អភិបាលស្រុក​ពាម​ជរ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ធ្នូ នៅ​ក្នុង​សាល​ប្រជុំ​សាលាស្រុក​ពាម​ជរ ខេត្តព្រៃវែង​។

លោក ជា សុ​មេធី បាន​បន្ត​ទៀត​ថា អភិបាលស្រុក​ពាម​ជរ​ដែល​ត្រូវ​បាន​តែងតាំង​ថ្មី ត្រូវ​ខិតខំ​បំពេញភារកិច្ច និង​មិន​ត្រូវ​សម្ងំ​នៅ​តែ​ក្នុង​បន្ទប់​នោះ​ទេ ត្រូវ​ចុះ​ពិនិត្យ​មើល​នៅ​តាម​មូលដ្ឋាន​អោយ​បាន​ច្រើន ស្វែង​យល់​អោយ​បាន​ច្បាស់​ពី​សុខទុក្ខ និង​បញ្ហា​របស់​ប្រជាពលរដ្ឋ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​។

លោក​អភិ​បា​ខេត្ត​បាន​បញ្ជាក់​ផង​ដែរ​ថា សំរាប់​ស្រុក​ពាម​ជរ នៅ​ខ្វះ​អភិបាលរង​ស្រុក​ម្នាក់​ទៀត ហើយ​តាម​ដែល​ដឹង​គឺ​មាន​អ្នក​ស្នើ​សុំ​តំណែង​នេះ​ច្រើន​នាក់​ណាស់ ប៉ុន្តែ​លោក​មិន​អោយ​នោះ​ទេ គឺ​ទុក​អាទិភាព​នេះ​ជូន​មន្ត្រីរាជការ​នៅ​ក្នុងស្រុក​ពាម​ជរ​នេះ​តែ​ម្តង ហើយ​លោក​ប្រគល់​សិទ្ធិ​ជូន​លោក​អភិបាលស្រុក​ថ្មី​ធ្វើការ​ពិនិត្យ​មើល​មន្ត្រី​នៅ​ក្នុង​សាលាស្រុក តើ​នរណា​មាន​សមត្ថភាព​អាច​ទទួល​តំណែង​នេះ​បាន ដើម្បី​ចាត់ចែង​តែង​តាំងនៅ​ពេល​ក្រោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក សេង សុធា អភិបាលរង​ស្រុក​ពាម​ជរ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា​អភិបាលស្រុក​ថ្មី ជំនួស​អោយ​លោក សៅ ប្រ​សិ​ដ្ឋ ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​អោយទៅ​ទទួល​តួនាទី​ថ្មី​នៅ​សាលាខេត្ត​ព្រៃវែង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព្រឹត្តិការណ៍សង្គម

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ