ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ផលិត​កែ​ច្នៃ​ស្លាក​លេខ​យានយន្ត​ក្លែងក្លាយ​៦​នាក់​ត្រូវ​តំណាង​អយ្យការ​សម្រេច​ហើយ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​៦​នាក់​ជា​ផ្លូវការ​ហើយ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​ផលិត​កែ​ច្នៃ​ស្លាក​លេខ​ម៉ូតូ និង​រថយន្ត​ក្លែងក្លាយ​…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩ នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​៦​នាក់​ជា​ផ្លូវការ​ហើយ ពី​បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ពាក់ព័ន្ធ​ផលិត​កែ​ច្នៃ​ស្លាក​លេខ​ម៉ូតូ និង​រថយន្ត​ក្លែងក្លាយ​ ។ បទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ យោង​តាម​មាត្រា​៦២៩ ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅ​ក្នុង​លិខិត​យ​ថាភូត ឬ​ការ​ក្លែងបន្លំ​ប្រព្រឹត្ត​នៅ​ក្នុង​ឯកសារ​ដែល​ចេញ​ឲ្យ ដោយ​រាជការ​សាធារណៈ ដើម្បី​ធ្វើការ​កត់សម្គាល់​សិទ្ធិ អត្តសញ្ញាណ ឬ​ឋានៈ ឬ​ដើម្បី​យល់ព្រម​ផ្តល់​ការ​អនុញ្ញាត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៥ ទៅ​១០​ឆ្នាំ ។

ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​រួច សំណុំរឿង​នោះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​បើក​ការ​ស៊ើបអង្កេត នឹង​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​បើក​សវនាការ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។

សំណុំរឿង​ជនសង្ស័យទាំង​​៦​នាក់​ខាងលើនេះ​ គឺ​ស្ថិត​ក្នុង​ដៃ​ព្រះរាជអាជ្ញា​រង​៦​រូប​ផង​ដែរ ដែល​បាន​ធ្វើការ​សាកសួរ​លើ​ជនសង្ស័យ គឺ ៖ ១-​ឈ្មោះ យ៉ុ ន ផល្លា អាយុ​៥០​ឆ្នាំ ២-​ឈ្មោះ​ណុ​ល ណែន អាយុ​៤៥​ឆ្នាំ ២-​ឈ្មោះ ឡ​ន ផល្លា អាយុ​៣១​ឆ្នាំ ៤-​ឈ្មោះ ឈូ ឈិ​ន អាយុ​៤៩​ឆ្នាំ ៥-​ឈ្មោះ ផេង ធិ អាយុ​៣៧​ឆ្នាំ និង​៦-​ឈ្មោះ ថោ​ង សំណាង អាយុ​៣៣​ឆ្នាំ ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​ការ​ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ លោក វរសេនីយ៍ឯក ទៀង ចន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​ផ្លា​ក​លេខ​យានយន្ត​ក្លែងក្លាយ​ចំនួន​៣​កន្លែង ដែល​ស្ថិត នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ សង្កាត់​បឹង​រាំង និង​សង្កាត់​ចតុមុខ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​៦​នាក់ និង​ដកហូត​ផ្លា​ក​លេខ​ម៉ូតូ និង​រថយន្ត​ក្លែងក្លាយ​ចំនួន​៧០​បន្ទះ រួម​ទាំង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ផង ។

ក្រោយ​កិច្ច​ប្រតិបត្តិការ​នោះ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​ស្តី​ពី​លទ្ធផល​ដែល​បង្ក្រាប​បាន​ដូច​ជា ៖ ទីតាំង​ទី​១-​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​ជា​ស្លាក​លេខ​ក្លែងក្លាយ​២២​សន្លឹក​, ស្លាក​លេខ​ស៊ី​វិល​១០​បន្ទះ​, ស្លាក​លេខ​នគរបាល​៣​បន្ទះ​, ស្លាក​លេខ​ខេមរភូមិន្ទ​៥​បន្ទះ​, ស្លាក​លេខ​រថយន្ដ​៣​បន្ទះ​, ស្លាក​លេខ​អ្នកកាសែត​១​បន្ទះ​, ម៉ាស៊ីន​កុំព្យូទ័រ​២​គ្រឿង​, ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​២​គ្រឿង​, ថ្នាំ​កំប៉ុង​២៤​កំប៉ុង​, កន្ត្រៃ​កាត់​ស័ង្កសី​ចំនួន​២, ដង្កាប់​២ និង​កន្ត្រៃ​តូច​២ ។

ទីតាំង​ទី​២-​ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដក​ហូ​វត្ថុ​តាង​ជា​ស្លាក​លេខ​ក្លែងក្លាយ​ចំនួន​២០​បន្ទះ​, ស្លាក​រថយន្ដ​លេខ​ស៊ី​វិល​៣​បន្ទះ​, ស្លាក​លេខ​រថយន្ដ​នគរបាល​៤​បន្ទះ​, ស្លាក​លេខ​រថយន្ដ​ខេរ​ភូមិន្ទ​២​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ស៊ី​វិល​ចំនួន​៨​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​, នគរបាល​១​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​, ខេរ​ភូមិន្ទ​១​បន្ទះ​, កន្ត្រៃ​កាត់​ស័ង្កសី​១, ដែកឆាប​១ និង​ថ្នាំ​ពណ៌​៦​កំប៉ុង ។

ទីតាំង​ទី​៣-​ស្ថិត​នៅ​សង្កាត់​ចតុមុខ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ដកហូត​វត្ថុ​តាង ស្លាក​លេខ​ក្លែងក្លាយ​ចំនួន​៣៣​ស្លាក​, ស្លាក​លេខ​រថយន្ដ​ស៊ី​វិល​២១​បន្ទះ​, ស្លាក​លេខ​រថយន្ដ​រដ្ឋ​២​បន្ទះ​, ស្លាក​លេខ​រថយន្ដ​ចង្កូត​ស្ដាំ​៣​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ខេរ​ភូមិន្ទ​៦​បន្ទះ​, ស្លាក​លេខ​ម៉ូតូ​ស៊ី​វិល​១​បន្ទះ​, កន្ត្រៃ​កាត់​ស័ង្កសី​១, កូនសោ​លេខ​១៤ ចំនួន​១, ម៉ាស៊ីន​កាត់​ស្ទីក​គ័​រ​១​គ្រឿង​, ម៉ាស៊ីន​កុំព្យូទ័រ​១​គ្រឿង​, ថ្នាំ​ពណ៌​១៥​កំប៉ុង និង​ម៉ាស៊ីន​ដាប់​ជ្រី​១​គ្រឿង ។

ទ​ង្វើ​ល្មើសច្បាប់​ខាងលើ​នេះ​ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន ទើប​សមត្ថកិច្ច​នគរបាល​ខណ្ឌដូនពេញ កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ