ឥណ្ឌូនេស៊ី ៖ ប្រាសាទបូរ៉ូប៊ូឌូរ (Borobudur) និងភ្នំភ្លើងមេរ៉ាពី (Merapi )គឺជាកន្លែងទេសចរណ៍បែបផ្សងព្រេងផ្សេងទៀតដ៏គួរឱ្យទាក់ទាញបំផុតនៅទីក្រុងបុរាណ យុគយ៉ាការតា ប្រទេសឥណ្ឌូនេស៊ី ។ នៅទីនេះគេនិយមទស្សនាព្រះអាទិត្យរះនៅលើប្រាសាទ Borobudur តែអ្នកទេសចរត្រូវតែក្រោកពីព្រលឹមបន្តិច ទើបបានទស្សនាព្រះអាទិត្យរះនេះ ជាក់ស្តែងអ្នកសារព័ត៌មាន និងអ្នកតំណាងភ្នាក់ងារទេសចរណ៍របស់ប្រទេសកម្ពុជា ជាច្រើននាក់បានទៅទីនោះតាមរយៈកម្មវិធី FAMTRIP ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី ។

បន្ទាប់ពីស្នាក់នៅក្នុងសណ្ឋាគារ TENTREM ដ៏ប្រណីតពួកយើងបាននាំគ្នាម្នីម្នាក្រោកពីព្រលឹមមុនថ្ងៃរះធ្វើដំណើរទៅកាន់ប្រាសាទ Borobudur ដើម្បីឱ្យទាន់ពេលមើលព្រះអាទិត្យរះ និងបន្ទាប់មកបន្តដំណើរទៅទស្សនាភ្នំភ្លើងមេរ៉ាពី ផងដែរ ។ ខាងក្រោមនេះ គឺជាកន្លែងទេសចរណ៍ពិសេសទាំងពីរដែលពួកយើងបានទៅដល់ ៖

១-ប្រាសាទ បូរ៉ូប៊ូឌូរ (Borobudur) ៖
Borobudur គឺជាប្រាសាទព្រះពុទ្ធសាសនាធំជាងគេបំផុតនៅសតវត្សរ៍ទី៨ ដែលមានទំហំ ១២៣ គុណនឹង ១២៣ ម៉ែត្រ ។ ប្រាសាទនេះ មានទីតាំងនៅ Magelang ចម្ងាយ ៩០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Semarang ឬ ៤២ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Yogyakarta ។

ប្រាសាទ Borobudur គឺជាវិមានមួយក្នុងចំណោមវិមានបុរាណដែលល្អបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានទស្សនាជាញឹកញាប់ដោយភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរបរទេសជាងមួយលាននាក់ក្នុងមួយឆ្នាំៗ ។ ប្រាសាទនេះ ក៏ត្រូវបានពិភពលោកទទួលស្គាល់ថា ជាបេតិកភណ្ឌវប្បធម៌ដ៏សំខាន់ផងដែរ ដោយត្រូវបានសាងសង់បញ្ចប់ជាច្រើនសតវត្សរ៍មុនប្រាសាទអង្គរវត្តនៅប្រទេសកម្ពុជា ។

Borobudur គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទល្បីៗនៅលើពិភពលោក ដែលឈរយ៉ាងខ្ពស់នៅលើកំពូលភ្នំមើលទៅមានពណ៌បៃតងខៀវស្រងាត់ ។ Borobudur ត្រូវបានសាងសង់ពីថ្មពណ៌ប្រផេះ andesite ហើយមានផ្ទៃរាបស្មើចំនួន ៧ ថ្នាក់ ដែលថ្នាក់នីមួយៗតូចជាងថ្នាក់នៅពីក្រោម ។

កំពូលប្រសាទជាគឺជាមហាចេតិយដែលមានកម្ពស់ ៤០ ម៉ែត្រ ។ ជញ្ជាំងប្រាសាទ Borobudur ត្រូវបានគេឆ្លាក់រូបជាចម្លាក់លៀនស្រាលៗ ដែលលាតសន្ធឹងលើប្រវែងសរុប ៦ គីឡូម៉ែត្រ ។
កាន់តែពិសេសជាងនេះទៅទៀតនោះ គឺអ្នកទេសចរត្រូវក្រោកពីដំណេកពេលព្រលឹម ដើម្បីធ្វើដំណើរទៅកាន់ប្រាសាទ Borobudur ឱ្យបានមុនថ្ងៃរះ ដើម្បីរង់ចាំមើលព្រះអាទិត្យរះយ៉ាងស្រស់ស្អាត ។ នៅពេលទៅដល់ប្រាសាទពួកយើងបានឃើញអ្នកទេសចរជាតិ និងអន្តរជាតិជាច្រើននាំគ្នារង់ចាំទស្សនាព្រះអាទិត្យរះនៅពីលើប្រាសាទនេះ ។

នៅពេលព្រះអសទិត្យចាប់ផ្តើមរះ គឺពន្លឺចាប់ផ្តើមភ្លឺចែងចាំងខ្លាំងឡើងៗយ៉ាងស្រស់ស្អាត ហើយអ្នកទេសចររីករាយជាមួយនឹងទិដ្ឋភាពនេះ ព្រមទាំងនាំគ្នាថតរូបភាពទុកជាអនុស្សាវរីយ៍នៅទីនោះផងដែរ ។ បន្ទាប់ពីមើលព្រះអាទិត្យរះរួចហើយនោះពួកយើងនាំគ្នាដើរទស្សនាប្រាសាទ Borobudur ទាំងមូលយ៉ាងជក់ចិត្តតែម្តង ។
២-ទស្សនាភ្នំភ្លើង មេរ៉ាពី (Merapi) ៖
បន្ទាប់ពីមើលព្រះអាទិត្យរះនៅលើប្រាសាទ Borobudur រួចហើយ គឺដល់ពេលស្រស់ស្រូបអាហារពេលព្រឹកល្មម ហើយត្រូវបន្តដំណើរទៅទស្សនាកម្អែលភ្នំភ្លើងមេរ៉ាពី ដែលនេះជាជម្រើសមួយទៀតសម្រាប់អ្នកទេសចរ ។

ការធ្វើដំណើរទៅទស្សនាភ្នំភ្លើងមេរ៉ាពី គឺអ្នកទេសចរទាំងអស់ត្រូវជិះរថយន្ត Jeep ទៅកាន់ទីនោះដោយឆ្លងកាត់ផ្លូវដ៏លំបាករលាក់ធ្វើឱ្យយើងទទួលបាននូវបទពិសោធន៍ថ្មីបែបជាអ្នកផ្សងព្រេងផងដែរ ។ មុនទៅដល់កន្លែងទស្សនាភ្នំភ្លើង យើងត្រូវតែចូលទស្សនាសារមន្ទីរតូចមួយដែលមានឈ្មោះថា Sisa Hartaku ដែលសារមន្ទីរដ៏សាមញ្ញមួយនេះត្រូវបានបង្កើតឡើងដោយគ្រួសារតូចមួយរបស់លោក Kimin និង អ្នកស្រី Wati ។ សារមន្ទីរ Sisa Hartaku តូចមួយនេះ បានដាក់តាំងបង្ហាញអំពីរបស់របរប្រើប្រាស់នៅក្នុងផ្ទះរបស់ពួកគេដែលនៅសេសសល់ពីការបំផ្លាញដោយកម្អែលភ្នំភ្លើងមេរ៉ាពី ។

ផ្ទះរបស់លោក Kimin និង អ្នកស្រី Wati បានរងនូវផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើងមេរ៉ាពីនៅក្នុងឆ្នាំ ២០១០ ក្រោយមកបានបង្កើតជាសារមន្ទីរនេះឡើង ដើម្បីឱ្យប្រជាជនយល់ដឹងអំពីការផ្ទុះឡើងនៃភ្នំភ្លើងមេរ៉ាពី ។ របស់របរផ្ទាល់ខ្លួនជាច្រើនដែលជាកម្មសិទ្ធិរបស់ក្រុមគ្រួសារនេះ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរដែលមានដូចជា ៖ ម៉ូតូ សម្លៀកបំពាក់ កាំបិតផ្សេងៗ គ្រឿងសង្ហារឹម សត្វចិញ្ចឹម ទូរទស្សន៍ និងរបស់របរជាច្រើនទៀត ។

បន្ទាប់ពីទស្សនាសារមន្ទីររួចហើយ អ្នកទេសចរបន្តដំណើរតាមរថយន្ត Jeep ឆ្លងកាត់ភូមិមួយចំនួនដែលរងផលប៉ះពាល់ពីការផ្ទុះភ្នំភ្លើងមេរ៉ាពី ។ ឥឡូវនេះភូមិខ្លះត្រូវបានអ្នកស្រុកធ្វើស្រែ ហើយនៅក្នុងភូមិទាំងនេះ អ្នកទេសចរនឹងឃើញមានអគារខ្លះដែលគេបោះបង់ចោលនៅកណ្តាលវាលទាំងនេះផងដែរ ។

បន្ទាប់ពីជិះរថយន្តឆ្លងកាត់ផ្លូវដ៏លំបាកហើយនោះ យើងក៏បានទៅដល់កៀកកន្លែងទស្សនាភ្នំភ្លើងមេរ៉ាតែម្តង ។ នៅទីនោះអ្នកទេសចរពិតជាមានអារម្មណ៍ប្លែក ព្រមទាំងអាចទស្សនាភ្នំភ្លើងមេរ៉ាជាមួយនឹងទេសភាពដ៏ស្រស់ស្អាត ហើយថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។

បន្ទាប់ពីហត់នឿយពីការកម្សាន្តបែបផ្សងព្រេងហើយនោះ ពួកយើងបានត្រឡប់មកសម្រាកនៅក្នុងសណ្ឋាគារ រួចហើយទទួលទានអាហារពេលល្ងាចជុំគ្នាយ៉ាងរីករាយ ។ ពេលរាត្រីបានចូលមកដល់ពួកយើងបាននាំគ្នាទៅទស្សនាការសម្តែងរបាំរឿងរាមាយណៈ ឬរឿងរាមកេរ្តិ៍ គឺពិតជាអស្ចារ្យមែនទែន ជាមួយឈុតឆាកសម្តែងរបាំដ៏រស់រវើកគួរជាទីទស្សនាកម្សាន្ត ហើយរោងមហោស្រពសម្តែងរបាំដែលផ្អែកលើរឿងរាមាយណៈ គឺស្ថិតនៅក្បែរប្រាសាទ Prambanan ។ នៅទីនោះមានអ្នករបាំអាជីព និងតន្ត្រីករក្នុងស្រុកជាង ២០០នាក់បានរួមគ្នាសម្តែងរបាំនេះឡើងនៅត្រង់ឈុតព្រះរាមទៅជួយនាងស៊ីតា ៕ (កែសម្រួលដោយ ៖ បុប្ផា)










ចែករំលែកព័តមាននេះ