ខេត្តសៀមរាប ៖ជិតមួយឆ្នាំកន្លងមកនេះ ដំណើរការជួសជុលចម្លាក់បង្កាន់ដៃអសុរា និងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំងប្រព្រឹត្តទៅយ៉ាងរលូន និងបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការចូលរួមពីស្ថាបត្យករ វិស្វករ បុរាណវិទ្យា ក្រុមការងារអភិរក្សថ្ម ពលករ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីដំណើរការពិភាក្សាឱ្យការជួសជុលសមស្របទៅតាមតម្លៃបេតិកភណ្ឌខ្មែរនិងច្បាប់អន្តរជាតិ ។

ផេកហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផ្សាយថាការជួសជុលចម្លាក់បង្កាន់ដៃអសុរាទ្រនាគ និងលើកតម្រង់រូបចម្លាក់ទេវតានៅខ្លោងទ្វារដីឆ្នាំង អនុវត្តដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរាចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩មក បានបញ្ចប់ជាស្ថាពរចុងខែវិច្ឆិកា ឆ្នាំ២០១៩ ។

អត្ថប្រយោជន៍ក្រោយពីបញ្ចប់ការជួសជុលចម្លាក់បង្កាន់ដៃអសុរានិងទេវតាទ្រនាគ នៅខ្លោងទ្វារដីឆ្នាំង លោក មុនី បានសង្កត់ធ្ងន់ថា គឺជាទីតាំងសំខាន់ដែល ភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះ និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរបានច្រើន។

ជាងនេះទៅទៀត វាជាការផ្តល់ឯកសារប្រវត្តិសាស្ត្រជាសំខាន់បំផុតនៃការជួសជុលចម្លាក់មួយនេះ ដើម្បីឱ្យភ្ញៀវទេសចរ និងអ្នកសិក្សាស្រាវជ្រាវទាំងបច្ចុប្បន្ន និងអនាគតបានឃើញ បានសិក្សាជាប្រយោជន៍ ពិសេសគឺលើកតម្លៃស្នាដៃរបស់បុព្វបុរសខ្មែរជំនាន់មុនដែលបានបន្សល់ស្នាដៃដ៏ល្អឯកសម្រាប់កូនចៅខ្មែរជំនាន់នេះ និងលើកតម្លៃអ្នកដឹកនាំជំនាន់ថ្មីដែលបានយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិដូនតា ។ ការជួសជុលជាសាលាបណ្តុះ បណ្តាលដល់ពលករបានចំនួន១៩នាក់ឲ្យចេះពីរបៀបជួសជុល និងការសម្រង់ប្លង់ទាំងបុរាណទាំងវិទ្យាសាស្ត្រ ៕





ចែករំលែកព័តមាននេះ