ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​រូប​នេះ​ជោគជ័យ​ក្នុង​ការ​ចិញ្ចឹម​បង្កង​អូស្ត្រាលី និង​បាន​តម្លៃ​ខ្ពស់​ទៀត

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ចំការ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាក​ស្អៀ បាន​ចាប់​មុខរបរ​ចិញ្ចឹម​បង្កង​ដង្កៀប​ក្រហម ឬ​អូស្ត្រាលី​ទទួល​បាន​ជោគជ័យ​ដោយ​បាន​និយាយ​ថា ៖ សូម​ប្រជាពលរដ្ឋ​មាន​កុំ​ទុក​ដី​នៅ​ទំនេរ​ឆ្លៀតពេល​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ដូច​គាត់ ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​តែ​លទ្ធផល​ល្អ​ប្រសើរ…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​មួយ​គ្រួសារ​រស់នៅ​ភូមិ​ចំការ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាក​ស្អៀ បាន​ចាប់​មុខរបរ​ចិញ្ចឹម​បង្កង​ដង្កៀប​ក្រហម ឬ​អូស្ត្រាលី​ទទួល​បាន​ជោគជ័យ​ដោយ​បាន​និយាយ​ថា ៖ សូម​ប្រជាពលរដ្ឋ​មាន​កុំ​ទុក​ដី​នៅ​ទំនេរ​ឆ្លៀតពេល​ចិញ្ចឹម​បង្កង​អូស្ត្រាលី​ដូច​គាត់ ងាយស្រួល​ក្នុង​ការ​ចិញ្ចឹម​តែ​លទ្ធផល​ល្អ​ប្រសើរ ។

ជួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព​យើង​នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែធ្នូ​នេះ លោក ន​ង ណា​រឹទ្ធ ហៅ​ចិត្ត ជា​កសិករ​រស់នៅ​ជិត​ផ្សារ​ពង្រ ក្នុងភូមិ​ចំការ ឃុំ​ស្វាយ​ជ្រុំ បាន​ឲ្យ​ដឹង​ថា រយៈពេល​ត្រឹមតែ​កន្លះ​ឆ្នាំ គាត់​ទទួល​បាន​ផល​ល្អ​ពី​ការ​ចិញ្ចឹម​បង្កង​អូស្ត្រាលី គួរ​ជាទី​មោ​ទ​នៈ ។

កសិករ​រូប​នោះ​បាន​បញ្ជាក់ ពី​បច្ចេកទេស​នៃ​ការ​ចិញ្ចឹម​ដោយ​ត្រួស​ៗ​ថា ៖ បើ​បងប្អូន​មាន​ដី​ទំនេរ ហើយ​មិន​ចង់​ចំណាយ​ដើមទន់​ច្រើន​បងប្អូន​អាច​ចិញ្ចឹម​ក្នុង​ស្រះ​ក៏​បាន ។ តែបើ​ចង់​ងាយស្រួល​ជាង​នេះ​អាច​ចិញ្ចឹម​ក្នុង​អាង​ក៏​បាន ឬ​ចិញ្ចឹម​ក្នុង​លូ​ក៏​បាន​ដែរ​ដូច​រូប​គាត់​បច្ចុប្បន្ន​មាន​ទាំង​ក្នុង​ស្រះ​ផង ក្នុង​អាង​ផង និង​ក្នុង​លូ​ក៏​មាន​ដែរ ។ ពិធី​ចិញ្ចឹម គឺ​ងាយ​បំផុត​លក្ខខណ្ឌ​សំខាន់​ជាងគេ គឺ​កម្រិត​ប៉េហាស់​ទឹក និង​អុក​ស៊ី​ស្ហែ​ន​ជា​ជំនួយ ។ បើសិន​អាច​ដាំ​ស្រូវ​ក្នុង​អាង​ក៏​ជា​ការ​ល្អ​ដែរ ព្រោះស្រូវ​បាន​បញ្ចេញ​អុក​ស៊ី​សែន​ឲ្យ​ទៅ​សត្វ​បង្កង ។

លោក​បាន​បញ្ជាក់​ថា ពូជ​បង្កង​អូស្ត្រាលី ឬ​បង្កង​ដង្កៀប​ក្រហម​មិនធំ​ប៉ុន្មាន​ទេ សម្រាប់​ពូជ​យក​ទៅ​ចិ​ញ្ជឹ​ម​ដែល​មាន​អាយុ​ជាង​៣​ខែ​ក្នុង​ចំនួន​ជាង​២០​ក្បាល​ទើបបាន​១​គីឡូក្រាម​មាន​តម្លៃ​៣០​ដុល្លា ។ ចំណែក​បង្កង​សម្រាប់​យក​ទៅ​បរិភោគ​មាន​អាយុ​ជាង​៥​ខែ​ចំនួន​ជាង​១០​ក្បាល​ទម្ងន់​១​គីឡូក្រាម ក្នុង​១​គីឡូ​ថ្លៃ​៣៥​ដុល្លារ ។

កសិករ​រូប​នោះ​បាន​បញ្ជាក់​ថា ៖ បង្កង​ប្រភេទ​នេះ​មិន​ពិបាក​ចិញ្ចឹម​ទេ ព្រោះ​វា​ដើរ​នៅ​បាតដី​ហើយ​ចំណី​របស់​វា​ងាយ​បំផុត គឺ​ផ្លែ​ឈើ​ទុំ​ដូច​ជា ផ្លែ​ចេកទុំ​ជាដើម ។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ការពារ គឺ ត្រូវធ្វើ​របង​ឲ្យ​ជិត​ការពារ​សត្វ​ក្តាម សត្វ​កង្កែប អន្ទុង ពិសេស​សត្វ​គីង្គក់ ។

ចុង​ក្រោយ​គាត់​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ បើ​មាន​ពេលទំនេរ​មាន​ដី​ទំនេរ​ឆ្លៀតឱកាស​ដាក់​ចិញ្ចឹម​បង្កង​ក្នុង​គ្រួសារ​ក៏​ជា​ការ​ល្អ​ដែរ ព្រោះ​ការ​ចិញ្ចឹម គឺ​ងាយស្រួល​បំផុត ម្យ៉ាងវិញទៀត​មិនសូវ​រវល់​នឹង​វា​ប៉ុន្មាន​ទេ យើង​អាច​ធ្វើ​ការងារ​ផ្សេង​នៅ​ខាងក្រៅ​បាន​គ្រប់ពេលវេលា​ដោយ​គ្រាន់តែ​ឆ្លៀតឱកាស​មើលថែ​វា​ពេល​វា​ពង​ត្រូវ​ចាប់ផ្ដើម​បំបែក​ដាក់​ទៅ​ក្នុង​កន្ត្រក​មួយ​កន្លែង ដើម្បី​ឲ្យ​វា​កើតកូន​រួច​យក​មេ​មក​បង្កាត់​ពូជ​សា​ជា​ថ្មី​តែ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា កសិករ​រូប​នោះ​បាន​ទៅ​រៀន​ពី​អ្នក​ចិញ្ចឹម​បង្កង​នៅ​ខេត្តបាត់ដំបង​តាម​រយៈ​បាន​មើល​តាម​បណ្ដាញ​សង្គម ។ លុះ​ពេល​ចេះ​ក៏​មក​ដក​បទ​ពិសោធន៍​ចិញ្ចឹម​នៅផ្ទះ​ទទួល​ជោគជ័យ​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ឆ្លៀតពេល​ទំនេរ​ចិញ្ចឹម​តាម​គាត់ គាត់​សន្យា​នឹង​បង្ហាត់បង្រៀន​ដោយ​ឥត​គិតថ្លៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ